គ.ជ.ប មិន​ឲ្យ​ចាក់​ផ្សាយសេចក្តី​ថ្លែង​ការណ៍​របស់​លោក សម រង្ស៊ី

គ.ជ.ប

គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​សម្រេច​មិន​ឲ្យ​មាន​ការ​ចាក់​ផ្សាយសេចក្តី​​ថ្លែង​ការ​ណ៍​របស់​​លោក សម​ រង្ស៊ី ក្នុង​ការ​ឃោស​នា​បោះឆ្នោតនៅពេលនេះទេ ដោយ​ថាអតីតប​រប្រធានបក្សប្រឆាំងរូបនេះជា​ទណ្ឌិត។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី២៣ខែឧសភាឆ្នាំ​២០១៧ សរសេរ​ថា៖ គ.ជ.ប សម្រេច​មិន​ទទួល​យក​វី​ដេអូ​ស្ប៉ត​ទី​៣​ របស់គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ធ្វើ​ការ​ចាក់​ផ្សាយ​នោះ​ទេ ដោយ​ហេតុ​ថា ក្រសួង​ព័ត៌មាន​ពុំ​ដែល​អនុញ្ញាតឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ចាក់​ផ្សាយ​វី​ដេអូ​សេចក្តី​ថ្លែង​ការណ៍​របស់​ទណ្ឌិត​នោះ​ឡើយ

វី​ដេអូដែល​គណបក្ស​សង្គ្រោះ​ជាតិស្នើ​ទៅ​គ.ជ.ប ផ្សព្វផ្សាយ​នោះ ​ជាវី​ដេអូ​ ដែល​ជា​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់មាត់របស់​លោក​ សម រង្ស៊ី ដែល​មាន​រយៈពេល​៧នាទី ទាក់​ទង​នឹង​គោល​នយោបាយ​របស់​បក្ស​នេះ ក្នុងការ​ឃោស​នា​បោះឆ្នោត​ឃុំ​សង្កាត់ថ្ងៃទី៤ខែមិថុនា​ឆ្នាំ​២០១៧ ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១៩ ឧសភានេះ។

អ្នក​នាំពាក្យ​គណបក្សសង្គ្រោះ​ជាតិលោក យឹម សុវណ្ណ យល់​ថាការ​ចោទ​លោក​ សម រង្ស៊ី​ ជា​ទណ្ឌិត និងហាម​មិន​ឲ្យ​ចាក់សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី ថា​ជា​ចេតនា​របស់​គណបក្ស​កាន់​អំណាច តាមរយៈ​ក្រសួង​ព័ត៌មាន​។

លោក​ថា៖ «ក្រសួងព័ត៌មានគ្រប់គ្រង ដោយគណបក្សប្រជាជនហើយគណបក្សប្រជា​ជនខ្លាចឯកឧត្តម សមរង្ស៊ី ខ្លាំងណាស់ មិនហ៊ានឲ្យគាត់ចូលប្រកួតនៅក្នុងការបោះឆ្នោតទេ ដោយយកលេសថាទណ្ឌិត ប៉ុន្តែបើសួរសំណួរឲ្យជ្រៅជាងហ្នឹងទៅទៀត គឺតុលាការខ្មែរមិនឯករាជ្យ តុលាការខ្មែរធ្វើសេចក្តីសម្រេច​​ទៅតាមឥទ្ធិពលរបស់គណបក្សនយោបាយ ពីថ្នាក់ដឹកនាំនយោបាយដូច្នេះហើយបានជា ពាក្យដែលថាទណ្ឌិតមួយម៉ាត់នេះចំពោះមនុស្សមួយក្រុតូចគេថាទណ្ឌិត តែចំពោះប្រជារាស្ត្រខ្មែរដ៏ច្រើនលើសលប់ ចាត់ទុកឯកឧត្តមសម រង្ស៊ី ជាអ្នកស្នេហាជាតិដែលគួរឲ្យគោរពបំផុត »

ទោះ​ជាយ៉ាង​ណា​ បើតាម លោក យឹម សុវណ្ណ ​គណបក្សសង្រ្គោះជាតិ​នឹង​រក​មធ្យោ​បាយ​​ផ្សេង​ដើម្បី ធ្វើ​ការ​ផ្សព្វផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​ លោក​ សម រង្ស៊ី ដោយសំអាងថាលោក​ សម រង្ស៊ី មាន​ចេតនា​ចង់​ជួយ​ដល់​ប្រទេសជាតិ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ១១ កុម្ភះ​ ឆ្នាំ​២០១៧អតី​ត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​សម្រេច​ប្រកាស​លាលែង​ពី​តំណែង​ជាប្រធាន​បក្ស គឺបន្ទាប់ពី​​លោ​ក ហ៊ុន សែន ជំរុញ​ឲ្យ​កែ​ប្រែមាត្រា​មួយ​ចំនួន​នៃ​ច្បាប់ស្តីពី​​គណបក្ស​នយោបាយ​ ក្នុង​បំណង​មិន​ឲ្យ​ជន​ជាប់​ពិរុទ្ធ​អាច​ក្លាយ​ជា​ប្រធា​នគណបក្ស​នយោបាយ។

លោក ​សម រង្ស៊ី ត្រូវបានតុលាការកម្ពុជាកាត់ទោសជាច្រើនករណី ក្នុងនោះ​កាលពី​ថ្ងៃ​ទី៣០ មីនា ​សាលាដំបូងរាជធានីភ្នំពេញក៏បាន​សម្រេច​ឲ្យ​លោក ​សម រង្ស៊ី ចាញ់ក្តី​លោក ​ហ៊ុន សែន ដោយ​ឲ្យ​អតីត​ប្រធានបក្សប្រឆាំងរូបនេះ ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ ពាក់​ព័ន្ធ​នឹង​បណ្តឹង​ដែល​ថា​​​លោក​ សម រង្ស៊ី បាន​ចោទ​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយឃាតកម្ម​លើ​លោក​​​បណ្ឌិត កែម​ ឡី។​ ក្រៅពីនេះ​ក៏​មាន​បណ្តឹង​ជាច្រើន​ទៀត​​ដែល​កំពុង​ដំណើរ​ការ​នៅ​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ