ពលរដ្ឋខេត្តស្វាយរៀងរារាំងគ្រឿងចក្រក្រុមហ៊ុនមិនឲ្យឈួសឆាយដីមានទំនាស់

ពលរដ្ឋអះអាងថា ពួកគេប្រមាណ១០០នាក់រស់នៅឃុំអំពិលស្រុករមាសហែកខេត្តស្វាយរៀង ដែលកំពុងមានជម្លោះដីជាមួយក្រុមហ៊ុនមួយ នៅថ្ងៃនេះ បាននាំគ្នាចុះទប់ស្កាប់គ្រឿងចក្រ មិនឲ្យធ្វើសកម្មភាពឈួសឆាយលើកដីកំពុងមានទំនាស់នោះ។

កញ្ញា ខៀវ សារ៉ុន ដែលអះអាងថាជាតំណាងពលរដ្ឋប្រាប់វីអូឌីថា ក្រុមហ៊ុន ខេវិនឆឺ ដែលអះ អាងថា ខ្លួនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល បានដាក់គ្រឿងឈូសឆាយលើដីពលរដ្ឋ ដែលធ្លាប់អាស្រ័យផលច្រើនឆ្នាំហើយនោះដើម្បីធ្វើកសិកម្មរបស់ខ្លួន ប៉ុន្តែត្រូវក្រុមពលរដ្ឋចុះ ហាមឃាត់មិនឲ្យឈូសឆាយបន្តនោះទេ ដោយថា រងចាំការដោះស្រាយជាមុនសិន។

លោកបន្ថែមថា «ថ្ងៃនេះក្រុមពលរដ្ឋកំពុងមកដេញអាត្រាក់ចេញពីដីដែលកំពុងមានបញ្ហាហ្នឹង ព្រោះខាងក្រុមហ៊ុនគាត់បានយកអាត្រាក់មកភ្ជួរ ដល់អញ្ចឹងប្រជាពលរដ្ឋគាត់មកឃាត់អត់ឲ្យ ភ្ជួរ និយាយទៅពួកយើងលេងឲ្យក្រុមហ៊ុនធ្វើទៀតហើយ ពួកខ្ញុំទាមទារយកហ្នឹងមកវិញឥលូវ នេះពលរដ្ឋប្រហែល១០០នាក់ជាង»

កញ្ញាបន្តថា ខណៈពេលពលរដ្ឋកំពុងធ្វើសកម្មភាពហាមឃាត់គ្រឿងចក្រក្រុមហ៊ុនមិនឲ្យធ្វើ សកម្មភាពនោះក៏មានសមត្ថកិច្ចប្រមាណ២០នាក់ប្រដាប់ដោយកាំភ្លើងចាំឃ្លាំមើលផងដែរ ប៉ុន្តែកញ្ញាថា ក្រោយពីពលរដ្ឋរារាំងក្រុមហ៊ុនផ្អាកសកម្មភាពវិញ។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ម៉ម ស៊ីណា ឲ្យដឹងថា ពលរដ្ឋនៅក្នុងឃុំអំពិលស្រុករមាសហែកខេត្តស្វាយរៀងមានជម្លោះដីធ្លីជាមួយក្រុម ខេ វិន ឆឺ នោះ តាំងពីឆ្នាំ២០១៤មកម្លេះ ដោយក្រុមហ៊ុន ឈួសឆាយប៉ះពាល់ដីពលរដ្ឋ៤៤០គ្រួសារ និងផ្ទៃដីទំហំ៦៧០ហិកតា។

អ្នកស្រីបន្តថា ចាប់តាំងកើតជម្លោះនោះអាជ្ញាធរមិនឲ្យប្រជាពលរដ្ឋចូលបង្ករបង្កើនផលឡើយ ហើយថា ការហាមឃាត់នេះបានធ្វើពួកគាត់ខ្វះដីធ្វើស្រែចំការ និងជីវភាពជួបការលំបាក់។

អ្នកស្រីបន្ថែមថា «កាលពីមុនប្រជាពលរដ្ឋដាំស្រូវ ពោត ត្រសក់ ត្រឡាច ដំឡូង ដើម្បីដោះ ស្រាយជីវភាពគ្រួសារ កាលហ្នឹងពួកយើងបានជួបជុំគ្រួសារ ប៉ុន្តែចាប់តាំងពីរដ្ឋអូសរឹបយកដី ហ្នឹងទៅឲ្យរដ្ឋមកប្រជាពលរដ្ឋខ្លះបានចំណាក់ស្រុកទៅប្រទេសថៃ កូរ៉េ ភ្នំពេញ បែកបាក់ម៉ែ កូនអស់។ និយាយទៅសពថ្ងៃពួកខ្ញុំជួបផលលំបាក់ណាស់ខ្សត់ខ្សោយរឿងហូបចុក ម្យ៉ាង ទៀតគ្មានលុយកាក់ដោះស្រាយជីវភាពគ្រួសារគ្មានដីធ្វើស្រែខ្លះទៀតគ្មានជំរកនៅដល់អញ្ចឹង ពលរដ្ឋគាត់លំបាកវេទនាពេកក៍ពួកគាត់ក្រោកតវ៉ាយកដីមកវិញ»

វិអូឌីមិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនបានទេចំពោះបញ្ហានេះ។

ពាក់ព័ន្ធវិវាទដីធ្លីនេះដែរ កាលពីថ្ងៃអង្គារក្រុមពលរដ្ឋបាននាំគ្នាទៅរកកិច្ចអន្តរគមន៍ពី អាជ្ញាធរឃុំឲ្យជួយដោះស្រាយ ដោយថា ពួកគាត់កំពុងខ្វះដីបង្ករបង្កើនផល។

មេឃុំ អំពិល លោក អ៊ីម សារី មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានមិនមាន សមត្ថភាពដោះស្រាយទេ ដោយលោកថា បញ្ហានេះជាសមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់ជាតិ។

លោកបន្ថែមថា «យើងបានដឹងហើយនៅថ្នាក់ឃុំគ្មានសិទ្ធិដោះស្រាយរឿងដីរដ្ឋទេ ព្រោះដីហ្នឹង មិនមែនដីប្រជាពលរដ្ឋណាដីរដ្ឋយូរហើយតើ? ពីដើមតំបន់ហ្នឹងជាព្រៃកុងតើ ប៉ុន្តែដល់រដ្ឋាបាលយើងដឹងថាប្រជាពលរដ្ឋក្រឲ្យកាប់ទៅ កាប់បានតែប៉ុន្មានឆ្នាំទេ កាលគាត់កាប់ហ្នឹងគាត់ ថាយកតែផលទេដីមិនយកទេ ក្រោយដាំកូនឈើកាស្យាអស់បំផ្លាញ់អាកាស្យាអស់មកទាមទា យកដីទៀត អាហ្នឹងទាល់តែប្រមុខរដ្ឋាភិបាលបានដោះស្រាយបាន រឿងក្រុមព្រឹក្សាឃុំម៉េច ហាន ព្រោះវាហួសពីដានសមត្ថភាពឃុំ»

កាលពីថ្ងៃ២៨មេសាឆ្នាំ២០១៧នេះ ក្រុមប្រជាពលរដ្ឋទាំងនោះបានធ្វើយុទ្ធនាការដើរដាក់ញត្តិតាមស្ថាប័នរដ្ឋដូចជា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី រដ្ឋសភា និង ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាដើម។

កាលណោះស្ថាប័នទាំងនោះ បានសន្យាជំរុញទៅស្ថាប័នជំនាញពន្លឿនក្នុងការដោះស្រាយជូនពលរដ្ឋទាំងនោះ ប៉ុន្តែរហូតមកលពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ