អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលបោះទុនទប់ស្កាត់តម្លៃប្រេងសាំងឡើងថ្លៃ

តម្លៃប្រភេទសាំងនៅស្ថានីយ៍កាល់តិច ថ្ងៃទី ២៤ ឧសភា ២០១៨

ក្រុមអ្នកជំនាញស្នើទៅរដ្ឋាភិបាល ដាក់ចេញវិធានការជាក់លាក់ និងមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃប្រេងសាំងក្នុងប្រទេសកម្ពុជា ខណៈ​ រដ្ឋាភិបាលហាក់មិនទាន់រកឃើញដំណោះស្រាយចំពោះបញ្ហានេះនៅឡើយ។

ចាប់តាំងពីសប្ដាហ៍ទី២ ដើមខែឧសភានេះ គេសង្កេតឃើញ តម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមហក់ឡើង ដោយប្រេងសាំងធម្មតា មានតម្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៤ ០០០រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្មឲ្យដឹងទៀតថា តម្លៃប្រេងសាំងធម្មតា នឹងកើនឡើង ១៥០រៀល ពោលគឺមានតម្លៃ ៤៣០០រៀល ខណៈ ប្រេងម៉ាស៊ូតនឹងឡើងដល់ ៤ ១០០រៀល សម្រាប់រយៈពេល ១០ថ្ងៃទៅមុខទៀត ចាប់ពីថ្ងៃទី២២ឧសភា រហូតដល់ថ្ងៃទី១មិថុនា។

នៅប្រទេសថៃឯណោះវិញ រដ្ឋាភិបាលប្រទេសនេះបានត្រៀមបញ្ចប់ថវិកា ១ពាន់លានដុល្លារអាមេរិក ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃតម្លៃប្រេងសាំង និងដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ខណៈ ប្រេងសាំងក្នុងប្រទេសនេះ មានតម្លៃ ៣៨០០រៀល ហើយនឹងបន្ដថេរបែបនេះ បើគោលនយោបាយទប់ស្កាត់កុំឲ្យសាំងឡើងថ្លៃ ទទួលបានជោគជ័យ។​ នេះដោយយោងតាមសារព័ត៌មានថៃ The Nations ចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា​ លោក សន ជ័យ យល់ថា ការបន្ដឡើងថ្លៃនៃតម្លៃប្រេងសាំងនៅប្រទេសកម្ពុជា នឹងបង្កផលប៉ះពាល់ជាច្រើន ដូចជា ប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ធ្វើឲ្យទំនិញឡើងថ្លៃ ប៉ះពាល់ការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស និងកំណើនសេដ្ឋកិច្ចជាតិ។​

លោកជំរុញទៅរដ្ឋាភិបាល ឲ្យបោះទុនបន្ថែម ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈនេះ ដូចទៅនឹងប្រទេសក្បែរខាងកម្ពុជា ខណៈ លោកក៏រិះគន់ថា មន្ដ្រីរដ្ឋាភិបាលខ្លះ មិនសូវខ្វល់ខ្វាយពីពលរដ្ឋ ចំពោះការចំណាយលើប្រេងសាំងនោះទេ។ ​

យើងនៅតែចង់ឃើញរដ្ឋាភិបាលបោះទុនបន្ថែមសម្រាប់ទប់ជាមួយតម្លៃសាំងដែលឡើងថ្លៃនេះ។ នៅបណ្ដាប្រទេសមួយចំនួន គេបានចេញទុនដើម្បីទប់តម្លៃសាំង […] ការយកចិត្តទុកដាក់ដែលមានកម្រិត គឺជាអ្វីមួយកំពុងកើតឡើង ព្រោះអ្នកធំៗ គាត់មិនសូវខ្វល់ដែរទេ ព្រោះគាត់ចាក់ គាត់មានប៉ុងសាំង ខ្ញុំមើលទៅគាត់មិនសូវជាខ្វល់ខ្វាយ

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ រិះគន់លើហ្វេសប៊ុករបស់លោកថា យន្ដការត្រួតពិនិត្យតម្លៃរបស់រដ្ឋាភិបាល ហាក់មិនទាន់ឆ្លើយតបនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅឡើយ។ ករណីនេះ លោកផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរមានយន្ដការបន្ធូរបន្ថយកម្រិតពន្ធនៃការនាំចូលប្រេងសាំង ទើបអាចការពារកុំឲ្យសាំងឡើងថ្លៃបាន។

ការឡើងថ្លៃនេះអាចជាបច្ច័យមិនល្អដែលនាំអោយមានអតិផរណា (ទំនិញឡើងថ្លៃ) និងបង្អាក់ល្បឿននៃកំណើនសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលគួរមានយន្តការផ្សេងទៀត ដូចជាបន្ធូរកំរិតពន្ធនាំចូល

លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច

VOD បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប៉ុន្ដែ ទូរសព្ទចុចចូល គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ លោក ស៊ាង ថៃ ប្រាប់កាសែតខ្មែរថាមស៍នៅថ្ងៃនេះថា ការឡើងថ្លៃ នៃតម្លៃប្រេងនៅទីផ្សារអន្ដរជាតិ បានធ្វើឲ្យតម្លៃប្រេងក្នុងប្រទេសកម្ពុជា ហក់ឡើង។ លោកថា ក្រសួងចំនួន៣ គឺក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជួបពិភាក្សាគ្នារកដំណោះស្រាយ ប៉ុន្ដែ មិនទាន់ជ្រើសយកវិធានការណាមួយជាក់លាក់នោះទេ។

លោកបន្ដថា ក្រសួងពាក់ព័ន្ធ កំពុងតាមដានពីបញ្ហាប្រេងនេះយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការសមស្របតាមស្ថានភាពជាក់ស្ដែង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ