គ.ជ.ប. ប្រកាសលទ្ធផលផ្លូវការថ្ងៃស្អែក លទ្ធផលត្រូវបានរំពឹងថាគ្មានអ្វីប្រែប្រួល

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅថ្ងៃ​ស្អែក​នេះ ដូច​ទៅ​នឹង​ការ​គ្រោង​ទុក​របស់​ខ្លួន។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ប៉ុន្តែ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ គ.ជ.ប. ពន្យារ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដោយ​ គ.ជ.ប. ថា ដើម្បី​ទុក​ពេល​ផ្ទៀង​ផ្ទាត់​ និង​ដោះ​ស្រាយ​បណ្ដឹង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​នេះ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការនេះ នឹង​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ជាតិ​កម្ពុជា ព្រម​ទាំង​ផ្សាយ​តាម​វិទ្យុ​ជាតិ​ផង​ដែរ។

​លទ្ធផល​ផ្លូវ​ការ​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ស្អែក​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មិន​មាន​អ្វី​ប្រែ​ប្រួល​ខ្លាំង ខុស​ពី​លទ្ធផល​បឋម ឬ​លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ទេ។

លទ្ធផល​បណ្ដោះ​អាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ឈ្នះ​ឃុំ​សង្កាត់​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស ដោយ​ឈ្នះ​បាន​ឃុំ​សង្កាត់​សរុប ១១៥៦ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​ឃុំ​សង្កាត់ ៤៨៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ