បទពិសោធន៍តែ១២ដងគត់ តែ វុត្ថា លាន់លិញ ដណ្ដើមបានកៅអីពីគូប្រកួត

      ក្នុងចំណោមកីឡាករដែលមានឈ្មោះឡើងប្រកួតជ្រើសរើសជើងឯកនៅប៉ុស្ដិ៍លេខ៥ គេអាចនិយាយបានថាមានតែកីឡាករ វុត្ថា លាន់លិញ មកពីក្លិបអង្គរធំគុនខ្មែរប៉ុណ្ណោះ ដែលក្មេងខ្ចីបទពិសោធន៍ជាងគេ ដោយសារតែទើបឡើងប្រកួតបាន១២ដង ហើយមានសមត្ថភាពវាយផ្ដួលគូប្រកួតគឺ គុជសារ ចាន់រាជ បង្គោលខៀវមកពីក្លិបកុសលកីឡា អោយបោះបង់ការប្រកួតដោយប្រើតែ២ទឹក។

នេះជាជ័យជម្នះដែលអ្នកណាៗក៏មើលឃើញថាជារឿងកម្រកើត ប៉ុន្តែបានទទួលការសរសើរពីអ្នកទស្សនា ជាពិសេសក្នុងពេលដែលគេអាចប្រើសមត្ថភាព និងបច្ចេកទេសបានល្អ ហើយធ្វើអោយជើងខ្លាំង គុជសារ ចាន់រាជ ដែលមានប្រវត្តិប្រកួតច្រើនជាង២ដងបរាជ័យ។

នេះជាការប្រកួតដែលមានកីឡាករសរុបចំនួប៣២រូប ហើយតម្រូវអោយចាប់គូប្រកួតជម្រុះគ្នាចាញ់ធ្លាក់ៗ ដើម្បីដណ្ដើមតំណែងកំពូលជើងឯក TV5 BOXING KNOCK OUT SERIES By K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមសម្រាប់រដូវកាលទី៣ ដែលជ័យជម្នះរបស់ លាន់លិញ ក៏មិនធម្មតានោះដែរ ដោយសារតែបានឡើងទៅវគ្គ១៦នាក់ដែលអ្នកណាៗចង់បាន។

នេះជាការទាក់ទាញ ដែលធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ ជាពិសេសនៅពេលដែលកីឡាករទាំងពីរខាងលើប៉ះគ្នាត្រឹមតែ២ទឹកក៏រកឃើញចាញ់ឈ្នះ ប៉ុន្តែការប្រកួតមានភាពស្វាហាប់ និងរស់រវើកបំផុត ដែលអាចនិយាយបានថាគឺធ្វើអោយអ្នកទស្សនាអស់ចិត្ត បើទោះជាប្រើពេលមិនពេញ៣ទឹកដែលបានកំណត់ឡើង។ តាំងពីទឹកទី១គេឃើញអ្នកទាំងពីរខ្លាំងក្លាតែម្ដង  ជាពិសេសក្នុងពេលការប្រកួតកាន់តែឡើងកំដៅ ហើយកីឡាករបង្គោលខៀវ បែរជាភ្លាត់បាក់ជំហរ បណ្ដាលអោយសន្លប់ និងបោះបង់ការប្រកួតក្នុងទឹកទី២។

គេឃើញកីឡាករ  លាន់លិញ វាយបំបុកបណ្ដាលអោយគូប្រកួតផ្កាសៀតផ្កាបែកហូរឈាម ហើយដួល និងដល់ថ្នាក់ក្រោកមិនចង់រួចផង បើទោះជាលោកអាជ្ញាកណ្ដាលបានរាប់ដល់១០ និងកំណត់ថាចាញ់ទៅហើយ។ ម្នាក់បានទាំងលាន់មាត់ថានេះជាការប្រកួតដែលមានការកម្រិតមិនសំចៃដាក់គ្នានោះទេ ខណៈដែលកីឡាករវ័យក្មេង វត្ថា លាន់លិញ ដែលដណ្ដើមបានកៅអី១៦នាក់ដែលជាវគ្គសំខាន់នេះ ទើបតែមានប្រវត្តិការប្រកួតបាន១២ដង តែអាចវាយផ្ដួលកីឡាករ គុជសារ ចាន់រាជ ដែលប្រកួតដល់២២ដង អោយបោះបង់ការប្រកួតមុនបញ្ចប់ទឹកបាន។ ការប្រកួតមួយគូនេះ មានភាពទាក់ទាញយ៉ាងខ្លាំង ទើបអ្នករៀបចំការប្រកួតនៅប៉ុស្ដិ៍លេខ៥យល់ថា អ្នកឈ្នះហើយបានឡើងទៅវគ្គបន្តនៅក្នុងព្រឹត្តិការណ៍នេះ នឹងក្លាយជាធនធានកាន់តែល្អ ដោយសារតែគេប្រកួតដោយមិនសូវញញើតដាក់គ្នា និងមិនស្ទក់ៗដូចកីឡាករជើងចាស់មួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ