ក្រសួង​ស្នើ​​បញ្ចូល​ការ​អប់រំ​បែប​វិទ្យាសាស្ត្រ​ក្នុង​អត្ថ​បទព័ត៌មានទាក់​ទងនឹង​ចរាចរណ៍​

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឲ្យអ្នកកាសែតបញ្ចូលការអប់រំ ដោយបន្ថែមលក្ខណៈបែបវិទ្យាសាស្ត្រនៅក្នុងអត្ថបទព័ត៌មានឬវីដេអូខ្លីៗ ដែលទាក់ទងនឹងចរាចរណ៍ ជាជាងការផ្តល់តែដំណឹងមួយមុខ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ ថ្លែងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន កាលពីថ្ងៃទី២៣ សីហាស្ដីពី “បន្តរួមគ្នា ជំរុញការពាក់មួកសុវត្ថភាពសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅកម្ពុជា” ថាមានបញ្ហាច្រើនដែលប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពចរាចរណ៍ ដែលក្នុងចំណោមនោះ គឺអ្នកសារព័ត៌មានមិនសូវពន្យល់អ្នកអានជាលក្ខណៈវិទ្យាសាស្ត្រ។

លក្ខណៈវិទ្យាសាស្ត្រដែលលោកឡើងនេះ គឺមានន័យថាជាការបជ្រាបអំពីលទ្ធផលនៃគ្រោះថា្នក់ពីការបើកបរក្នុងល្បឿនលឿន ដោយលើកពីឥទ្ធិពលរបស់កម្លាំងម៉ាស៊ីននិងកម្លាំងនៃការប៉ះទង្គិច។

លោកមានប្រសាសន៍ថា៖ បើយើងគ្រាន់តែនិយាយធម្មតា ជួនកាលមនុស្សយើងអត់យល់អស់ បើយើងពន្យល់ថាកាលណាយើងដួលទៅ ទម្ងន់ប៉ុណ្ណោ ក្លាយទៅប៉ុណ្ណា បានគាត់យល់ថាវាគ្រោះថា្នក់។ កាលណាដួលទៅមិនមែនដូចយើងដួលធម្មតាឯណា។ កាលណាជិះម៉ូតូលឿនដួលទៅ កម្លាំងហ្នឹងវាបោកទៅលើមនុស្សប៉ុណ្ណា […]

នាយកអង្គការមូលនីធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា លោក គឹម បញ្ញា ថាគ្រោះថា្នក់ចរាចរណ៍នៅកម្ពុជាធ្វើឲ្យខាតបង់ថវិការាប់លានដុល្លា ខណៈដែលអាត្រាស្លាប់ដោយគ្រោះថា្នក់នេះនៅតែខ្ពស់បើប្រៀបធៀបនឹងប្រទេសជិតខាង។

លោកបញ្ជាក់ថា បញ្ហានេះគឺទាមទារឲ្យធ្វើការរួមគ្នាបន្ថែមទៀតរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។

លោកថា លោកនឹងពិនិត្យលទ្ធភាពក្នុងការគៀងគរដៃគូរបន្ថែមនិងសម្របសម្រួលឲ្យអ្នកសារព័ត៌មាន សហការលើការដាក់បញ្ចូលឲ្យមានការអប់រំបែបវិទ្យាសាស្ត្រ។

លោកមានប្រសាសន៍ថា៖ (កន្លងមក)យើងព្យាយាមសម្របសម្រួលអ្នកសារព័ត៌មាន យើងបានទៅជួបសម្ភាសន៍ជាមួយនឹងវេជ្ជបណ្ឌិតដែលគាត់ធ្វើការងារហ្នឹងបានដោយស្រួលជាមួយប្រជាពលរដ្ឋដែលគាត់រងគ្រោះ ប៉ុន្តែត្រង់ចំណុចដែលគាត់រងគ្រោះថ្នាក់ដែលគាត់ឃ្លាតពីម៉ូតូ បោកពីម៉ូតូទៅ វាត្រូវទម្ងន់ប៉ុន្មានអី ប៉ុន្មានយើងមិនទាន់ធ្វើបានដល់ចំណុចហ្នឹងទេ ហ្នឹងជាចំណុចល្អដែលយើងនឹងពិនិត្យមើលថា យើងអាចធ្វើបានកម្រិតណាក្នុងការធ្វើយ៉ាងម៉េចរកចំណុចគន្លឹះ រកសារគន្លឺះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋយើងឲ្យគាត់ធ្វើការចូលរួម

បើតាមរបាយការណ៍សង្ខេបស្តីពីជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១៥ កម្ពុជាមានជនរងគ្រោះដោយគ្រោះថា្នកចរាចរណ៍ចំនួន១៨ ៦៤៩នាក់និងមានអ្នកស្លាប់ចំនួន២ ២៣១នាក់ ដែលគិតជាមធ្យមស្លាប់ជាង៦នាក់ក្នុងមួយថ្ងៃ។ ៧១%នៃអ្នកស្លាប់ជាអ្នកជិះម៉ូតូហើយ៥៩%នៃអ្នកស្លាប់ដែលជិះម៉ូតូមានការប៉ះទង្គិចក្បាលពេលមានគ្រោះថ្នាក់។

បើតាមមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍មានអ្នកស្លាប់ចំនួន១ ១០៨នាក់ បើប្រៀបនឹងឆ្នាំទី១ឆ្នាំ២០១៥មានការថយចុះជាង១០០នាក់ ដែលជនរងគ្រោះប្រមាណជា៨០%ជាអ្នកជិះម៉ូតូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ