លិខិតមិត្តអ្នកអាន៖ តើក្នុងរយៈពេល២០-៣០ឆ្នាំក្រោយ ប្រទេសកម្ពុជានឹងទៅជាយ៉ាងណា បើគ្មានសម្តេច?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ប្រភពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលបានប្រសាសន៍ក្រើនរម្លឹកប្រជាពលរដ្ឋមួយនគរថា ប្រទេសខ្មែរនឹងពុំមានស្ថិរភាពនយោបាយ ពុំមានសន្តិភាព ពុំមានឯកភាពជាតិ ពុំមានការបង្រួបបង្រួមផ្សះផ្សាជាតិ ពុំមានការអភិវឌ្ឍទេ បើអត់ពីសម្តេច។ កន្លងមក ប្រជាពលរដ្ឋខ្មែរធ្លាប់ឮភាសានេះជាហូរហែមកហើយ ក្នុងរយៈកាលជាង៣០ឆ្នាំក្រោមការគ្រប់គ្រងរបស់សម្តេច។

ជាការពិត បើយើងក្រឡេកមើលប្រវត្តិសាស្រ្តកម្ពុជាក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ សម្តេចពិតជាបានរួមចំណែកធំធេងជាងអ្នកណាៗ ទាំងអស់ដើម្បីភាពរស់ឡើងវិញនៃកម្ពុជា។

សម្តេចបានចូលរួមរំដោះប្រទេសចេញពីរបបខ្មែរក្រហម សម្តេចខិតខំកសាងនិងការពារជាតិក្នុងដំណាក់កាលមានជំនួយពីវៀតណាម (១៩៧៩-១៩៨៩) ក្នុងដំណាក់កាលដៃម្ខាងវាយខ្មាំង ដៃម្ខាងចរចាស្វែងរកសន្តិភាព (១៩៨៩-១៩៩៣) ដំណាក់កាលកែប្រែប្រទេសពីរបបផែនការមកទីផ្សារសេរី និងឈានទៅបញ្ចប់ទាំងស្រុងនូវការបែងចែកទឹកដី ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហមនៅតាមបណ្តោយព្រំដែន (១៩៩៣-១៩៩៨) ដែលប្រទេសកម្ពុជាស្គាល់សន្តិភាពពេញបរិបូណ៍ជាងពេលណាៗទាំងអស់។

ក្នុងចំណោមជោគជ័យនានា ជោគជ័យធំធេងជាងគេដែលសម្តេចធ្វើបានក្នុងឆាកនយោបាយគឺជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតឆ្នាំ២០០៨ ដែលកាលនោះ គណបក្សប្រជាជនដណ្តើមបានអាសនៈចំនួន ៩០កៅអីក្នុងចំណោម ១២៣កៅអីនៅក្នុងរដ្ឋសភា។ ជោគជ័យមួយផ្នែកគឺដោយសារកំណើនសេដ្ឋកិច្ច (ដីឡើងថ្លៃ) និងជោគជ័យមួយផ្នែកទៀតគឺដោយសារសម្តេចលេងល្បែងនយោបាយជាមួយថៃរឿងប្រាសាទព្រះវិហារ។

ផ្ទុយទៅវិញ នៅឆ្នាំ២០១៣ សម្តេចបានបាត់កៅអីអស់ ២២នៅក្នុងសភា។ មួយផ្នែកមិនមែនបក្សប្រឆាំងទទួលបានប្រជាប្រិយភាពទេ គឺដោយសារម្ចាស់ឆ្នោតនឿយណាយនឹងរចនាបទដឹកនាំដដែលរបស់សម្តេច។

ដោយសារអនុសាសន៍របស់សម្តេច មិនត្រូវបានមន្រ្តីថ្នាក់ក្រោមយកទៅអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនេះម្យ៉ាង។ ម្យ៉ាងទៀត បញ្ហាធំៗ របស់សង្គមជាតិដូចជា អំពើពុករលួយ គម្លាតរវាងអ្នកមាននិងអ្នកក្រ អយុត្តិធម៌សង្គម បក្សពួកនិយម ការអនុវត្តច្បាប់ស្តង់ដារពីរបី ការបំផ្លាញធនធានធម្មជាតិ ការដណ្តើមដីរាស្រ្ត បម្រើរាស្រ្តតែបបូរមាត់តែធាតុពិតជាន់ករាស្រ្ត ច្បាប់គ្រាន់តែជាឧបករណ៍របស់អ្នកមានអំណាចដើម្បីគាបសង្កត់គេឯង។ល។និង។ល។ មិនទាន់យកមកដោះស្រាយឲ្យមានប្រសិទ្ធភាពទេ។

សម្រាប់បុគ្គលផ្ទាល់ខ្លួន ការឡើងកាន់អំណាចទាំងវ័យក្មេង និងបានយូរឆ្នាំ គឺជាមហាជោគជ័យដែលកម្រមាន។ តែចំពោះសង្គមទាំងមូល សំណួរសួរថា តើការកាន់កាប់អំណាចរបស់បុគ្គលណាម្នាក់ នាំមកនូវវិបុលភាពអ្វីខ្លះដល់សង្គម។

តើប្រទេសមួយពិតជាត្រូវរលំរលាយទៅវិញ ប្រសិនបើពុំមានវិរបុរសម្នាក់នោះទេឬ? ជាង៣០ឆ្នាំមកនេះ សម្តេចច្រៀងចម្រៀងដដែលនេះ ហើយបើក្នុងរយៈ៥-១០ឆ្នាំខាងមុខ ពេលកូនៗសម្តេចមានអំណាចរឹងមាំ សម្តេចប្រាកដជាច្រៀងបទថ្មីថា “ស្រុកខ្មែរនឹងគ្មានស្ថិរភាពបើគ្មានគ្រួសារត្រកូលហ៊ុន” ហើយ ៣០-៤០ឆ្នាំក្រោយ នៅពេលចៅសម្តេចក្តាប់អំណាច បទដដែលនេះនឹងបន្តច្រៀងម្តងហើយម្តងទៀតមិនខាន។

ក្នុងប្រទេសមួយ តែងមានអំណាចពីរជាដរាបគឺអំណាចរាស្រ្ត និងអំណាចយោធា។ ដើម្បីឲ្យប្រទេសមានស្ថិរភាព និងវិបុលភាពអំណាចទាំងពីរត្រូវដឹងពីតួនាទីរបស់ខ្លួន ពោលគឺរាស្រ្តជាអ្នកជ្រើសរើសអ្នកដឹកនាំ ចំណែកយោធាជាអ្នកការពាររាស្រ្ត និងជាតិ។ បើអំណាចយោធាបំពានមកដឹកនាំប្រទេស នោះគេហៅថាអំណាចផ្តាច់ការ ហើយការបង្ហូរឈាមនឹងមិនអាចចៀសផុតទេ។

ក្នុងប្រទេសដែលគោរពរាស្រ្ត អ្នកកាន់អំណាចមិនដែលនិយាយថា អត់ពីគាត់និងបក្សគាត់ ប្រទេសនោះនឹងគ្មានស្ថិរភាពទេ។ ព្រឹត្តិការណ៍នៅចក្រភពអង់គ្លេសជាឧទាហរណ៍ស្រាប់ ក្រោយពីបរាជ័យក្នុងការលួងលោមប្រជារាស្រ្តមិនឲ្យចាកចេញពីអឺរ៉ុបទទួលបរាជ័យ នាយករដ្ឋមន្រ្តី David Cameron បានលាលែងតំណែង ដោយនិយាយថា វាដល់ពេលដែលត្រូវមានថ្នាក់ដឹកនាំថ្មីសម្រាប់អង់គ្លេសហើយ។ គាត់មិនបាននិយាយថា អង់គ្លេសនឹងគ្មានស្ថិរភាពបើអត់ពីគាត់ទៅ នោះទេ។

ប្រសិនបើអ្នកនយោបាយពិតជាស្រឡាញ់រាស្រ្តដូចសម្ដីមែន គេគួរតាំងចិត្តជាកីឡាករពោលគឺ មានអាជ្ញាកណ្តាលដែលមិនលម្អៀង បើឈ្នះ គឺឈ្នះដោយយុត្តិធម៌ដើម្បីឲ្យអ្នកចាញ់អស់ចិត្ត បើចាញ់ត្រូវទទួលស្គាល់ថាចាញ់។ ស្ថានភាពបច្ចុប្បន្ន ដោយសារពុំមានការស្ទាបស្ទង់មតិដោយឯករាជ្យធ្វើឲ្យភាគីនយោបាយនីមួយៗប្រៀបដូចជាកំពុងលេងបិទពួនក្នុងទីងងឹត ហើយការណ៍ដែលពុំដឹងពីតម្រូវការពិតប្រាកដរបស់ម្ចាស់ឆ្នោត ម្នាក់ៗខំដើរទៅមុខទាំងបិទភ្នែក។ តទៅនេះជាវិធីសាស្រ្តមួយចំនួនដើម្បីជួយឲ្យស្ថានភាពនៅកម្ពុជាបានប្រសើរ៖

ទី១៖ គួរបើកឲ្យមានការស្ទាបស្ទង់មតិដោយឯករាជ្យនិងទទួលយកបាន ថាតើបក្សណា បុគ្គលណាទទួលបានការគាំទ្រប៉ុន្មាន។ ហើយសំណួរក៏ត្រូវផ្តោតទៅលើថា តើបញ្ហាធំៗ ដែលរាស្រ្តចង់ឲ្យដោះស្រាយមានអ្វីខ្លះ? ប្រសិនបើធ្វើបានដូច្នេះ សង្ឃឹមថា គណបក្សនីមួយៗ នឹងខិតខំកែលម្អខ្លួនដើម្បីទាក់ទាញការគាំទ្រ ជាជាងធ្វើអ្វីទៅតាមការនឹកឃើញ តែមិនចំបញ្ហាដែលរាស្រ្តចង់បាន។

ទី២៖ បក្សកាន់អំណាចមិនមែនត្រៀមខ្លួនដើម្បីឈ្នះតែមួយមុខទេ តោងគិតថា បើរាស្រ្តភាគច្រើនលែងគាំទ្រតើអាចមានការផ្ទេរអំណាចដែលគ្មានការបង្ហូរឈាមបានទេ។ ទោះបីប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំនៅកម្ពុជាមិនអាចចៀសផុតពីការបង្ហូរឈាមក៏ដោយ តើអាចធ្វើបានទេនៅសតវត្សរ៍ទី២១នេះ? កន្លងមក មេដឹកនាំខ្មែរអះអាងថា ភូមាគួររៀនប្រជាធិបតេយ្យពីខ្មែរ តែក្រោយមានការផ្ទេរអំណាចដោយសន្តិវិធីពីពួកយោធាមកឲ្យអ្នកស្រី អោង សានស៊ូគ្យី ដោយជោគជ័យ ខ្មែរគួរតែរៀនសូត្រពីគេវិញម្តងហើយ!!!

ទី៣៖ រដ្ឋាភិបាលគួរស្តាប់មតិយោបល់របស់សង្គមស៊ីវិល មតិពីសកម្មជននានាដែលមានបទពិសោធន៍លើការជាក់ស្តែង កុំស្តាប់តែលោកម៉ីលោកថោងពេក។ ការប្រជុំពិភាក្សាពីបញ្ហាធនធានធម្មជាតិកាលពីថ្ងៃ២២ គឺជាជំហានល្អមួយដែលមានចូលរួមពីសកម្មជនបរិស្ថានដូចជាព្រះសង្ឃជាដើម។ តែវាជាបញ្ហាមួយប៉ុណ្ណោះ ហើយគួរតែមានការប្រជុំពីបញ្ហាប្រព័ន្ធយុត្តិធម៌ ការរឹបអូសដីធ្លីផ្ទះសម្បែង។ល។និង។ល។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំគួរយកបណ្ឌិតដែលហ៊ានលើកបញ្ហាជាក់ស្តែងមកប្រើខ្លះ ជាជាងស្តាប់តែបណ្ឌិតទ្រពង ឬបណ្ឌិតនិយាយការពារ។

ទី៤៖ ស្ថិរភាពនយោបាយជារឿងសំខាន់។ បើទោះបីក្រោយការបោះឆ្នោត២០១៨ បក្សផ្សេងឡើងដឹកនាំប្រទេស ដែលសម្តេចនៅតែអាចគ្រប់គ្រងអំណាចយោធាដដែល ដើម្បីកុំឲ្យស្រុកចលាចល។ ដូចនៅភូមាបច្ចុប្បន្នជាឧទាហរណ៍ល្អមួយ ហើយមួយជំហានម្តងៗ អំណាចយោធាគួរតែផ្តល់ឲ្យក្រុមប្រឹក្សាមួយដែលគឹហៅថា “ក្រុមប្រឹក្សាការពារជាតិ” ជាជាងផ្តល់ទៅឲ្យបុគ្គលម្នាក់ ដែលអាចនាំទៅរកការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីអ្នកដែលរាស្រ្តបោះឆ្នោតផង។

ទី៥៖ ការផ្ទេរអំណាចតំណវង្សត្រកូលគួរតែបញ្ចប់ ដោយងាកមករកការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យ តាមរយៈប្រជាប្រិយភាពពីម្ចាស់ឆ្នោតវិញ។ ការផ្ទេរអំណាចតំណវង្សត្រកូលជាប្ញសកែវនៃអំណាចផ្តាច់ការ ដែលមិនបានផ្តល់វិបុលភាពដល់សង្គមជាតិទេ។ ក្រោយពេលបញ្ចប់ពីឆាកនយោបាយ សម្តេចនៅតែមានតួនាទីជាមនុស្សមានឥទ្ធិពលលើអ្នកនយោបាយជំនាន់ក្រោយ ខ្ពស់ជាងបក្សនយោបាយទាំងអស់ និងជាទីប្រឹក្សាថ្នាក់កំពូលដែលមិនអាចខ្វះបាន។

សង្ឃឹមថាភាពតានតឹងផ្នែកនយោបាយនឹងបានធូរស្រាល ហើយមន្រ្តីសង្គមស៊ីវិល និងសកម្មជននានាគួរតែត្រូវបានដោះលែងមុនការបោះឆ្នោតឃុំ-សង្កាត់ ព្រោះការឃុំឃាំងអ្នកទាំងនោះមិនបានធ្វើឲ្យបក្សកាន់អំណាចបង្កើនការគាំទ្រទេ។ លើសពីនេះទៀត សង្ឃឹមថា អ្នកនយោបាយបក្សប្រឆាំងដែលជាប់ទោសទាំងអស់នឹងត្រូវបានដោះលែងមុនការបោះឆ្នោតជាតិ ដើម្បីឲ្យការប្រកួតប្រជែងបានស្មើមុខស្មើមាត់។ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី បានទៅកាន់សុគតិភពផង!!!

“ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត” [ដើម្បីវិបុលភាពជាតិខ្មែរ] – បណ្ឌិត កែម ឡី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ