ប្រមុខកាទូតកម្ពុជា បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសកម្ពុជាមិនមានបញ្ហាជាមួយនឹងការឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនោះឡើយ ដរាបណាការឃ្លាំមើលនោះ ត្រូវបានធ្វើឡើងដោយពេញលេញ ដោយទទួលយកការពិតទាំងអស់ដែលបានកើតមាននោះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កំពុងស្ថិតក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញានេះ។
តាមគម្រោង ប្រមុខកាទូតកម្ពុជារូបនេះ ត្រូវឡើងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ អំពីបញ្ហាផ្សេងៗ រួមទាំងស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍ដែល VOD ទទួលបាននៅថ្ងៃនេះ លោក ប្រាក់ សុខុន ជាដំបូង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអន្តរជាតិ ជាពិសេសវិបត្តនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលកូរ៉េខាងជើង ដោយលោកអំពាវនាវទៅគ្រប់ភាគីទាំងអស់ ឲ្យរក្សាភាពអត់ធ្មត់ បញ្ចៀសទង្វើបង្កហេតុ និងរក្សាការប្ដេជ្ញាចិត្តចំពោះការចរចាគ្នា។
ទាក់ទងនឹងបញ្ហាប្រទេសកម្ពុជា ប្រមុខកាទូតកម្ពុជារូបនេះ លើកឡើងថា កម្ពុជាមិនមានបញ្ហាជាមួយការឃ្លាំមើលសិទ្ធិមនុស្សទេ ដរាបណា ការឃ្លាំមើលនោះ ត្រូវបានធ្វើឡើងដោយពេញលេញ ទទួលយកការពិតទាំងអស់ និងដោយគ្មានបុរេវិនិច្ឆ័យ ឬការស្មានលើផ្នែកមួយពីសំណាក់អ្នកសង្កេតការណ៍។
លោក ប្រាក់ សុខុន បានលើកឡើងបន្តថា ការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស វាអាស្រ័យទៅលើការគូសវាសខាងនយោបាយរបស់ប្រទេសមហាអំណាចណាមួយ។
លោក ប្រាក់ សុខុន លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ត្រូវបានលើកឡើងទៅតាមផលប្រយោជន៍របស់ប្រទេសមហាអំណាច ទៅតាមស្ថានការណ៍ផ្លាស់ប្ដូរ»។
លោក ប្រាក់ សុខុន បានអះអាងថា ប្រទេសកម្ពុជា ត្រូវបានមហាអំណាចលោកខាងលិចបង្ខំឲ្យដើរតាមផ្លូវរបស់ពួកគេ ដោយលោកថា ជាលទ្ធផល ប្រទេសនេះ បានរងគ្រោះអាក្រក់បំផុត។
លោក ប្រាក់ សុខុន បានថ្លែងអំពីជំហររដ្ឋាភិបាលកម្ពុជាបែបនេះ ខណៈដែលស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានគេមើលឃើញថា ស្ថិតក្នុងដំណើររអិលធ្លាក់ពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្រោយពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជននិងនយោបាយបក្សប្រឆាំង។
ការចាប់ខ្លួនលោក កឹម សុខា ក្រោមការចោទថា «ក្បត់ជាតិ» នោះ ត្រូវបានសហគមន៍អន្តរជាតិរិះគន់ និងថ្កោលទោសព្រោងព្រាត លើកលែងតែប្រទេសចិនកុម្មុយនីស្តមួយប៉ុណ្ណោះ ដែលបានការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកជា «ការពារសន្តិសុខ និងស្ថេរភាពជាតិ»៕