រដ្ឋាភិបាល​ថា​ អនុញ្ញាត​ឲ្យ​ប្ដូរ​ឈ្មោះ​សាខា​ក្រុមហ៊ុន​ មិន​មែន​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ទេ​

រដ្ឋាភិបាលអះអាង​ជា​ថ្មី​ថា បានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ ផ្លាស់ប្តូរ​ឈ្មោះសាខា​ក្រុម​ហ៊ុន សុខា អូតែល ​តែ​មិន​មែន​អនុញ្ញាត​ឲ្យ​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នោះ​​ទេ​។

រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ ត្រូវ​បានផ្លាស់​ប្ដូរ​ឈ្មោះ​ទៅ​ជា «សុខា ឋាន​សួគ៌» ​ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​ពី​មហាជន​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ។

បើ​ទោះបី​ជា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋបាល​ខេត្ត​កំពត អះ​អាង​ថា មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​ក៏​ដោយ ប៉ុន្តែ លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​០១ ខែ​កញ្ញា​ បាន​បង្ហាញ​ថា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ដូរ​ឈ្មោះ​រមណីយដ្ឋាន​នេះ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក សុខ គង់។

ក្រោយ​ពី​រក​ឃើញ​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​អនុញ្ញាត​ឲ្យ​ដូរ​ឈ្មោះ​រមណីយដ្ឋានបូកគោ​ហើយ​នោះ ក្រសួង​នេះ​ បាន​ចេញ​បំភ្លឺ​ឡើង​វិញ​អំពី​សេចក្ដី​សម្រេច​របស់​ខ្លួន។

ក្នុង​​លិខិត​​បំភ្លឺ​​មួយ​​ទៀត​​ចេញ​​នៅ​​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ក្រសួងបានអនុញ្ញាតឲ្យ​ក្រុម​ហ៊ុន ប្តូរឈ្មោះ​សាខាក្រុមហ៊ុន​ សុខា អូតែល «ឋានសួគ៌បូកគោ» ទៅជាឈ្មោះ «សុខាឋានសួគ៌» តែ​ក្រសួង​ថា  មិនមាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្លាស់​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ឋានសួគ៌បូកគោ​ទេ​។

ក្នុងសេចក្ដីជូនដំណឹងដដែលបន្តថា ក្រសួង​បញ្ជាក់​បន្ថែម​ថា ក្នុងលិខិតមួយ​ចុះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា គឺក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្តូរឈ្មោះ​សាខា​របស់ខ្លួននោះ ក្នុងគោលបំណងបញ្ជាក់ថា ក្រុមហ៊ុន សុខា អូតែល មាន​សាខា​ធ្វើ​អាជីវកម្ម​នៅ​តាមខេត្ត ហើយ​ចំពោះការលើកស្លាក គឺត្រូវលើកនៅលើអគារ​ទីស្នាក់ការសាខាក្រុមហ៊ុនប៉ុណ្ណោះ ​ដើម្បី​ងាយ​ស្រួល​ដល់សមត្ថកិច្ច​បំពេញបែបបទពន្ធដារ និងនីតិវិធីនានា។

រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ ត្រូវ​បានផ្លាស់​ប្ដូរ​ឈ្មោះ​ទៅ​ជា «សុខា ឋាន​សួគ៌»​ ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​ពី​មហាជន​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​តំបន់​រមណីយ​ដ្ឋាន​​ប្រវត្តិសាស្ត្រ​មួយ​នេះ។

បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ពី​មហាជន លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​រមណីយដ្ឋា​ន​នោះ​ទេ ទៀតសោត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ក៏មិនបានដឹង និងមិន​បាន​អនុញ្ញាតដែរ។

លោក ហ៊ុន សែន ក៏បាន​បញ្ជា​ភ្លាមៗ ទៅ​អភិបាល​ខេត្ត​កំពត​លោក ចាន់ ចេស្ដា ឲ្យ​រុះរើ​ស្លាក​ឈ្មោះ​ថ្មី​នោះ ដោយ​លោក​ចាត់​ទុក​ជា «ផ្លាកសញ្ញាអត់​ច្បាប់»​។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតកាលពីម្សិលមិញបាន​ឲ្យ​ដឹង​ថា ស្លាក​ឈ្មោះ​នោះ ត្រូវ​បាន​រុះរើ និង​កែប្រែមក​ឈ្មោះ​ដើម​វិញ​ បន្ទាប់ពីមានការអន្តរាគមន៍​ផ្ទាល់​ពីលោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ