មាស ច័ន្ទ​មាន ​ប្រើកន្លះទឹ​ក វាយ​​ថៃ​ឲ្យ​​ចុះ​ពី​រេញ

កីឡាករកម្ពុជា មាស ច័ន្ទមាន (ដោយ សុខ ឆាយ)

មានការចាប់អារម្មណ៍គួរសម ក្នុងពេលដែលកីឡាករថៃឈ្មោះ Yorth Thong ដែលត្រូវគេប្រកាសថាជាជើងខ្លាំងអាជីពក្នុងសហព័ន្ធប្រដាល់ថៃ បែរជាត្រូវកីឡាករកម្ពុជា មាស ច័ន្ទមាន ប្រើតែកន្លះទឹកវាយឲ្យបោះបង់ការប្រកួត។ នេះជាជ័យជម្នះមួយយ៉ាងកម្ររបស់កីឡាករកម្ពុជា ប៉ុន្តែក៏មានន័យថាកីឡាករ មាស ច័ន្ទមាន មានប្រើបច្ចេកទេសប្រកួតខ្ពស់ ទើបអាចវាយត្រូវចំណុចសំខាន់បណ្ដាលឲ្យគូប្រកួតសុំចុះចាញ់នោះដែរ។

ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ មានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកស្នេហាវិស័យប្រដាល់ ទៅលើគូប្រកួតអន្តរជាតិ២គូនៅវេលាពេលព្រឹក។ ក្នុងចំណោម២គូអន្តរជាតិដែលបានប៉ះគ្នានោះ ជំនួបរវាង មាស ច័ន្ទមាន មកពីក្លឹបក្រសួងការពារជាតិ និងកីឡាករថៃ Yorth Thong កន្ទ្រាក់បានការទាក់ទាញជាងគេ ដោយសារតែអ្នកទាំងពីរត្រូវបានប្រកាសថាប៉ះគ្នាក្នុងនាមជាគួឯក ប៉ុន្តែប៉ះគ្នាបានតែកន្លះទឹកក៏រកឃើញឈ្នះចាញ់។

កីឡាករថៃត្រូវបានប្រកាសថាធ្លាប់ប្រកួតបាន៧៣លើក ឈ្នះ៦០លើក ចាញ់១៣លើក និងជាកីឡាករដែលមានក្រេឌីតចុងក្រោយសម្រាប់ប្រភេទទម្ងន់៦៣,៥គីឡូក្រាម ទើបអ្នកណាៗ ក៏ភ្ញាក់ផ្អើលនៅពេលដែលកីឡាករវ័យក្មេងរូបនេះ មិនទាន់បញ្ចេញអស់គ្រប់ស្នៀតផង ក៏ត្រូវកណ្ដាប់ដៃមហាទម្ងន់របស់ មាស ច័ន្ទមាន ហើយឆ្លងមិនបានទឹកទី១។

មុនពេលការប្រកួតរកឃើញឈ្នះចាញ់ កីឡាករ Yorth Thong ត្រូវគេឃើញមានកែងវ័ធចេញល្អនិងទាត់មិនធម្មតា ប៉ុន្តែទំនងមកពីការមើលស្រាលចំពោះភាពរហ័សនៃកែងនិងម៉ាត់របស់កីឡាករកម្ពុជា ទើបភ្លាត់ឲ្យត្រូវពេញទំហឹងនៅត្រង់សៀតផ្កា បណ្ដាលអោយដួលអុកគូទ និងរាប់ដល់១០។ ការប្រួកួតត្រូវបានបញ្ចប់នៅពាក់កណ្ដាលទឹកទី១ ទាំងអ្នកទស្សនាមិនទាន់អស់ចិត្ត។ ក្នុងនោះសូម្បីតែកីឡាករថៃខ្លួនឯង និងគ្រូបង្វឹករបស់ថៃផ្ទាល់ក៏បានប្រកាសថាជាលទ្ធផលមិនគួរជឿនៅក្រោយភាគីម្ខាងៗ បានចុះពីលើរេញផងដែរ។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីគ្នេយ៍បានអះអាងថា ការបរាជ័យរបស់កីឡាករ Yorth Thong គឺលោកមិនអស់ចិត្តនោះឡើយ ជាពិសេសក្នុងពេលដែលនៅប្រទេសថៃគឺកីឡាកររូបនេះមានឈ្មោះបោះសំឡេង ប៉ុន្តែបែរជាយកមកលើកទី១ប៉ះ មាស ច័ន្ទមាន ក៏ត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ បន្ទាប់ពីត្រូវពេញទំហឹងនៅចំសៀតផ្កា។

លោកថា ស្ថានភាពភ្លាត់ស្នៀតរបស់កីឡាករខ្លួន គឺបណ្ដាលមកពីគេមិនធ្លាប់មកប្រកួតនៅក្នុងប្រទេសកម្ពុជា និងមិនធ្លាប់បានសាកកណ្ដាប់ដៃជាមួយក្បាច់គុនខ្មែរទាល់តែសោះនាពេលកន្លងមក គាប់ជួនជាតិចនិចវាយចេញរបស់កីឡាករ មាស ច័ន្ទមាន មានភាពរហ័សនិងធ្ងន់នោះផង ទើបបណ្ដាលអោយកីឡាកររបស់ថៃឆ្លងមិនផុតទឹក១។

លោកនិយាយថា៖ «ហ្នឹង (Yorth Thong) វាអត់សមនឹងចាញ់ទឹកទី១ចឹងទេ ដោយសារតែវានៅថៃ គឺគេស្គាល់វាច្រើន (ខ្លាំង)! អ្នកមើលហើយឃើញថាវាវាយល្អ តែអាហ្នឹងធ្វើម៉េច កីឡាគឺដូចបាល់ទាត់ចឹង តែភ្លាត់តិច! មកពីវាអត់ធ្លាប់វ៉ៃជាមួយខ្មែរ ទើបវាអត់ដឹងកែងខ្មែររហ័សចឹង!»។

លោកថា គ្រប់កីឡាករថៃឲ្យតែមកប្រកួតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជារមែងតែមានបញ្ហាសុខភាពនិងជួបរឿងភ្លាត់ស្នៀត ព្រោះមិនសូវបានដឹងពីតិចនិចជាក់ស្ដែងរបស់កីឡាករកម្ពុជា ប៉ុន្តែអោយតែបានឡើងចាប់ពី២លើកឡើងទៅ គឺកីឡាករខ្មែរពិតជាពិបាកស៊ី ជាពិសេសនៅពេលកីឡាករថៃដែលឡើងមកប្រកួតបានស៊ាំនឹងរបបអាហារនៅប្រទេសកម្ពុជា។

លោកគ្រោងនឹងអោយកីឡាករ Yorth Thong មកប្រកួតជាលើកទី២ក្នុងពេលឆាប់ៗ ប៉ុន្តែមិនទាន់ដឹងថាត្រូវឲ្យប៉ះជាមួយ មាស ច័ន្ទមាន ដដែលឬជាមួយកីឡាករផ្សេងនោះទេ។ យ៉ាងណាមិញ លោកបានសម្ដែងការអបអរចំពោះកីឡាករកម្ពុជាដែលរកចំណុចខ្សោយឃើញ ហើយអាចវាយអោយកីឡាកររបស់លោក ដែលលោកចាត់ទុកថាខ្លាំងម្នាក់នៅលើសង្វៀនថៃបោះបង់ការប្រកួតក្នុងទឹកទី១។

លោកថាគូនេះ កីឡាករ មាស ច័ន្ទមាន ធ្លាប់ប្រកួត១១៣លើក ឈ្នះ៨៥លើក និងចាញ់២៦លើក ច្រើនជាងកីឡាករខ្លួន ប៉ុន្តែបើនិយាយពីកម្លាំងវិញ គឺលោកជឿជាក់លើកីឡាករ Yorth Thong ច្រើនជាង។

សម្រាប់គូអន្តរជាតិមួយគូទៀត កីឡាករថៃ Kam Laiyouk បានយកឈ្នះកីឡាករ ម៉ន សាម៉េត ដោយពិន្ទុ ក្រោយពីបានប្រកួតស្វិតស្វាញអស់រយៈពេល៥ទឹកនៅក្នុងសង្វៀននោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ