ជំនន់​ទឹក​ភ្លៀង​រហូត​មក​ដល់ពេល​នេះ​ប៉ះពាល់​ដំណាំ​ស្រូវ​ជិត​​២​ម៉ឺន​ហិកតា

ទឹកជំនន់នៃតំបន់មួយក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ

​​រហូត​មក​ដល់​ពេល​នេះដំណាំ​ស្រូវ​ជិត​​២​ម៉ឺន​ហិក​តារង​ផល​ប៉ះពាល់ពី​ជំនន់​ទឹក​ភ្លៀងនៅ​ខេត្តចំនួន​៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​កសិកម្ម។

រហូតមកដល់ពេលនេះដំណាំស្រូវជិត២ម៉ឺនហិកតារងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅខេត្តចំនួន៦។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងកសិកម្ម។

អ្នកនាំពាក្យក្រសួងកសិកម្មលោក ឡោ រស្មី បានឲ្យវីអូឌីដឹងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់កសិករជិត២ម៉ឺនហិកតា ដែលក្នុងនោះស្រូវជាង៣ពាន់ហិកតាត្រូវបានបំផ្លាញទាំងស្រុង។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់មិញខ្ញុំជម្រាបជូនគឺមានខេត្តកំពង់ស្ពឺ ស្វាយរៀង កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ និងតាកែវ ប៉ះពាល់ជាង១៧០០០ហិកតា ហើយនឹងខូចខាតគឺមាន៣១៨៦ហិកតា ក្នុងហ្នឹងគឺមានខេត្តស្វាយរៀងជាង៨០០ហិកតា ខេត្តព្រៃវែង២ពាន់ហិកតាជាង ខេត្តត្បូងឃ្មុំ៦០ហិកតា»។

លោកបន្ថែមថា បើធៀបចំនួននៃការខូចខាតនេះជាមួយទិន្នផលស្រូវប្រចាំឆ្នាំរបស់កសិករកម្ពុជា គឺជាចំនួននេះមានផលប៉ះពាល់តិចតួចនៅឡើយ តែលោកថាពេលនេះក្រសួងចេញសារាចរណ៍ក្នុងការស្តារការខូចខាតនិងជួយដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះហើយ។

លោកថារហូតដល់ចុងខែតុលានេះ អាចមានជំនន់ទឹកភ្លៀងនេះបន្ថែមទៀត ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នបន្ថែមចំពោះកសិផលនិងគោក្របីរបស់កសិករ។ ក្នុងករណីដែលសត្វពាហនៈរបស់កសិករមានជំងឺ ឬមានបញ្ហាទាក់ទងកសិកម្ម ប្រជាកសិករអាចរាយការណ៍ទៅកាន់ភ្នាក់ងាររបស់មន្ទីរកសិកម្មខេត្តឬមកកាន់លេខ ១២៨៧ ឬ១២៨៩ ដើម្បីឲ្យក្រសួងចាត់វិធានការ។

បើតាមលោក ឡោ រស្មី រហូតមកដល់ពេលនេះការបង្កបង្កើនផលស្រូវរដូវវស្សារបស់កសិករកម្ពុជាបានបញ្ចប់ការងាររបស់ខ្លួនហើយ នៅលើផ្ទៃដីសរុបប្រមាណ២៨១ពាន់ហិកតា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។