កម្ពុជានិងវៀតណាម គ្រោងស្នើសុំបារាំងផ្ទេរផែនទីពីខ្នាត១លើ១០០ពាន់មក១លើ៥០ពាន់

លោក ហ៊ុន សែន (ស្តាំ) និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបប្រជុំទ្វេភាគីនៃកិច្ចប្រជុំ CLV កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៦ នៅខេត្តសៀមរាប (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាស្នើអ្នកជំនាញផែនទីពីប្រទេសបារាំង ឲ្យធ្វើផែនទីប្តូរពីខ្នាត១លើ១០០ពាន់ ទៅជាខ្នាត១លើ៥០ពាន់វិញ។

ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេរភាគី រវាងនាយករដ្ឋមន្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីវៀតណាមលោក ង្វៀន សួនហ៊្វុក នាកិច្ចប្រជុំស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណលើកទី៩ នៅខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី២៣ខែវិច្ឆិកានេះ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកថា នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពី បានឯកភាពគ្នាស្នើសុំអ្នកឯកទេសផែនទីពីប្រទេសបារាំង ឲ្យជួយធ្វើផែនទី ផ្ទេរពីផែនទីខ្នាត១លើ១០០ពាន់ មកជាផែនទីខ្នាត១លើ៥០ពាន់វិញ ប៉ុន្ដែលោក ហ៊ុន សែន មិនបានបញ្ជាក់ពីមូលហេតុនៃការផ្ទេរផែនទី និងកាលបរិច្ឆេទនៅឡើយទេ ដោយគ្រាន់តែថាលោកបានចាត់តាំងរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វីសាឡូ ឲ្យពង្រាងឯកសារជាមួយភាគីវៀតណាមដើម្បីរៀបចំលិខិតស្នាមផ្លូវការ។

អ្នកស្រាវជ្រាវកិច្ចការព្រំដែន នៅរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច មានប្រសាសន៍ថា ការប្ដូរផែនទីខ្នាត១លើ១០០ពាន់ មកខ្នាត១លើ៥០ពាន់នោះ លោកថា មានភាពងាយស្រួលសម្រាប់អ្នកឯកទេស ប៉ុន្ដែលោកថា ការផ្ទេរនេះត្រូវឲ្យមានក្រុមហ៊ុនដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិឲ្យបានច្បាស់លាស់។

លោក សុខ ទូច បញ្ជាក់ថា ការប្រើផែនទីខ្នាត១លើ១០០ពាន់សម្រាប់បោះបង្គោល អាចបាត់បង់ទឹកដី ដោយសារផែនទីខ្នាត១លើ១០០ពាន់នេះ គ្មានតម្កល់នៅអង្គការសហប្រជាជាតិនោះទេ គឺមានតែផែនទីដែលគេរំលោភ ទើបរដ្ឋាភិបាលរៀបចំខ្នាតផែនទីខ្នាត១លើ៥០ពាន់វិញ។

លោកថា៖ «យើងដឹងហើយ ខ្នាត១លើ១០០ពាន់ខុសតែមួយសង្ទីម៉ែត្រ ខុសមួយគីឡូដីនៅលើផែនដី ព្រោះមួយសង្ទីម៉ែត្រនៅលើផែនទី ស្មើមួយគីឡូដីខ្នាតលើមួយរយពាន់ ចំណុចទី១។ ចំណុចទី២ បើយកស្នឹងទៅបោះ គឺបោះមិនបានទេ ព្រោះលំបាក ចឹងទិថភាពផ្ទេរទៅ៥ពាន់ ដើម្បីងាយស្រួលសម្រាប់អ្នកឯកទេស ព្រោះតំបន់ហ្នឹង វាតំបន់ភ្នំចឹងទេការផ្ទេរហ្នឹងលឿនកាលណាល្អកាលណឹង។ ប៉ុន្ដែត្រូវរើសក្រុមហ៊ុនដែលទទួលស្គាល់ពីលក្ខណៈអន្ដរជាតិ ដើម្បីផ្ទេបាទក្រោយពីអ្នកបច្ចេកទេសផ្ទេរហើយធម្មតា ទី១ អ្នកបច្ចេកទេសផ្ទេ។ ទី២ក្រុមហ៊ុនអ្នកបោះផែនទី ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយបាទ»

ករណីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយដោយលោកថាមិនទាន់មានព័ត៌មានគ្រប់គ្រាន់នៅក្នុងដៃ។

ទោះជាយ៉ាងណា មន្ដ្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិពីរូប គឺលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានតុលាការកម្ពុជាឃុំខ្លួននៅពន្ធនាគារព្រៃស ដោយសារពួកគេរិះគន់យ៉ាងសកម្មទៅលើការប្រើប្រាស់ផែនទីបង្គោលព្រំដែនកម្ពុជានិងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ