សាលា​រាជ​ធានី​ចាត់​ទុក​អំពើ​ហិង្សា​នៅ​វិហារ​ឥស្លាម​មិន​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ

ពលរដ្ឋខ្មែរឥស្លាមបានរុះរើ​របង​ស័ង្កសី ដែលគេហ៊ុំព័ទ្ធ សម្រាប់គម្រោងកសាងផ្លូវមួយខ្សែកាត់វិហារឥស្លាម ​(ប្រភពរូបភាពពីលោក ច័ន្ទ ពុទ្ធិស័ក្ក )

សាលា​រាជ​ធានី​ភ្នំពេញ បាន​អះអាង​ថា អាជ្ញាធរ​បាន​សម្រេច​មិន​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ឥស្លាម ដែល​បាន​ផ្ដួលរំលំ​របង​ការដ្ឋាន​សាង​សង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​នៅ​តំបន់​បឹងកក់​នោះ​ឡើយ ដោយ​ថា ព្រោះ​តែ​ពួកគេ​នៅ​មិនទាន់​យល់​ដឹង​អំពី​គោល​បំណង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ថា អំពើ​ហិង្សា​នោះ មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នោះ​ឡើយ។

ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​រាប់​សិប​នាក់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​រុះ​រើ​របង​ស័ង្កសី ដែល​ត្រូវ​បានគេ​ហ៊ុំ​ព័ទ្ធ សម្រាប់​គម្រោង​កសាង​ផ្លូវ​មួយ​ខ្សែ​កាត់​វិហារ​ឥស្លាម នៅ​តំបន់​បឹងកក់ ដោយ​មិន​មាន​ការ​រារាំង​ពី​កម្លាំង​សន្តិសុខ​សាលា​រាជ​ធានីភ្នំពេញ​នោះ​ឡើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់​វីអូឌី​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ទាំង​នោះ នៅមិនទាន់មានការយល់ដឹងច្បាស់​អំពីព័ត៌មាន និងគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលធ្វើផ្លូវនៅតំបន់នោះ។ លោក​បន្ត​ថា ដូច្នេះ អាជ្ញាធរ​មិនធ្វើការបង្រ្កាបនោះទេ។

លោកប្រាប់ថា៖ “ក្នុងនាមអាជ្ញាធរ យើងមិនប្រាកដថា ប៉ះដៃយក​ដៃ ប៉ះជើងយកជើងនោះទេ។ បើសិនជាមិនឈានទៅដំណាក់កាលមួយដែលពិបាកគ្រប់គ្រង ឬវាអាចឈានទៅដល់ផលប្រយោជន៍សាធារណៈរួមខ្លាំង ឧទាហរណ៍ ការធ្វើការតវ៉ា ឬក៏ទាមទារឈានទៅដល់ការបិទផ្លូវឃាត់ផ្លូវឃាត់អី មិនឱ្យមានចរាចរណ៍ ដើម្បីផលប្រយោជន៍បស់ក្រុមបស់យើងមួយ ប៉ុន្តែ វាឈានទៅដល់រឿងបុគ្គលអ្នកដទៃជាសាធារណៈដែលចរាចរណ៍លើផ្លូវហ្នឹង”។

លោក ម៉េត មាសភក្តី បានឱ្យដឹងបន្ថែមទៀតថា សាលារាជធានី​ មានការយោគយល់ចំពោះក្រុមសាសនិកឥស្លាមទាំងនោះ ដោយមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ ដោយសាលារាជធានី​សម្រេចហៅអ្នកតំណាងរបស់ពួកគេមកពិភាក្សាស្វែងយល់អំពីការសាងសង់ផ្លូវនោះជាមុនសិន ​ហើយការបន្ត ឬបញ្ឈប់ដំណើរការសាងសង់ផ្លូវកាត់ព្រះវិហារឥស្លាមនោះ សាលារាជធានីនៅមិនទាន់សម្រេចបាននៅឡើយទេ។ លោក​បញ្ញាក់ថា កន្លងមកសាលារាជធានីភ្នំពេញបានជូនដំណឹងដល់ក្រុមសាសនិកឥស្លាមមិនក្រោម ៤ ទៅ ៥ដងនោះទេ ចំពោះការសាង​សង់ផ្លូវកាត់ព្រះវិហារឥស្លាមនេះ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូឌី​ថា ជម្លោះ​នេះ​ប៉ះពាល់​ដល់​សាសនា ដែល​លោក​មើល​ឃើញ​ថា អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​ដូច​ការ​តវ៉ា​​របស់​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​កន្លង​មក​នោះ​ឡើយ។

លោកបន្ថែមថា វិហារឥស្លាមនេះជាវិហារអន្តរជាតិទើបនឹងសាងសង់រួច និងជាវិហារដែលធំជាងគេនៅកម្ពុជា។ ចំណែក​ ការសង់ផ្លូវកាត់វិហារនេះ លោក សំអាត បញ្ជាក់​ថា រដ្ឋាភិបាលមិនបានផ្តល់ដំណឹងច្បាស់លាស់ដល់ក្រុមសាសនិកឥស្លាមនោះទេ។

លោកបញ្ជាក់ថា ការសាងសង់ផ្លូវ ឬប្រព័ន្ធលូដែលប៉ះពាល់ដល់ស្ថានប័នសាសនា រដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការមួយដើម្បីជជែកពិភាក្សាពីផលប៉ះពាល់ និងសំណង មុននឹងសម្រេចសាងសង់ប្រព័ន្ធទាំងនោះ។

គម្រោងធ្វើផ្លូវឆ្លងកាត់វិហារនៅបឹងកក់នេះ គឺ​ជា​គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ពីទួលគោកទៅមហាវិថីព្រះមុនីវង្ស ដែលត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គម្រោង​នេះ​បង្កឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជា​ច្រើន ហើយ​ត្រូវ​បាន​សាលា​រាជ​ធានី​ទើប​​តែ​ធ្វើ​ការវាស់​វែងបោះ​បង្គោល និង​របាំង​ស័ង្គ​សី​កាល​ដើមសប្តាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ