របាយការណ៍៖ កម្ពុជានៅតែមានកម្រិតអំពើពុករលួយខ្ពស់

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

របាយការណ៍​របស់​អង្គការ​តម្លាភាពអន្តរជាតិ​ថា​ស្ថានភាព​អំពើ​ពុ​ក​រលួយ​នៅ​កម្ពុជា​​​សម្រាប់​​ឆ្នាំ​២០១៦ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាក្រក់​ដដែល​ និង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុតក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិក​អាស៊ាន។

អង្គការ​តម្លាភាពអន្តរជាតិ​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួននៅ ​ថ្ងៃ​ទី​២៥ មករានេះ​​ ស្តីពី​ស្ថាន​ភាព​​អំពើ​ពុក​រលួយ​នៅ​ទូ​ទាំង​ពិ​ភពលោក​សម្រាប់​ឆ្នាំ​២០១៦។ របាយការណ៍ បាន​ឲ្យ​ដឹង​ថា​ ស្ថា​នភាព​អំពើ​ពុក​រលួយ​របស់​ប្រទេស​កម្ពុជា​ជាប់​​ជាប់​ចំណាត់​ថ្នាក់​លេខ១៥៦ ក្នុង​ចំណោម​១៧៦​ប្រទេស ​នៅ​ទូ​ទាំង​​ពិភព​លោក ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទាប​បំផុត​ទី​៣​នៅ​អាស៊ី​ប៉ាស៊ី​ហ្វិក និង​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។

បើ​តាម​របាយការណ៍​ដដែល ​ប្រទេស​​សិង្ហបុរីជាប់​ចំណាត់​ថ្នាក់លេខ​៧ ម៉ាឡេស៊ីជាប់លេខ​៥៥ ឥណ្ឌូ​ណេ​ស៊ី​ជាប់​លេខ​៩០ ប្រទេស​ថៃ​ជាប់​លេខ១០១ ស្មើ​ជាមួយភីលីពីន ខណៈដែល​វៀតណាម​ ឡាវ និង​ភូមា​សុទ្ធ​​តែ​ជា​ប្រទេស​ស្ថិត​ក្នុង​លំដាប់​លេខល្អជាង​កម្ពុជា។

នាយក​ប្រតិ​បត្តិ​អង្គការ​តម្លាភាពកម្ពុជា​លោក ព្រាប កុល មាន​ប្រសាសន៍​ថា ឆ្នាំ​២០១៦​នេះ​កម្ពុជា​​បាន​ពិន្ទុ២១ ដែលបាន​​បង្ហាញ​ថា​កម្ពុជា​នៅ​តែ​ជា​ប្រទេស​​មួយ​ដែល​មាន​ស្ថានភាព​អំពើ​ពុក​រលួយនៅ​តែ​អាក្រក់​នៅ​ឡើយ ខណៈដែល​ប្រទេស​ភូមា​ដែល​​ជា​​ប្រទេស​មួយ​មាន​ធ្លាប់​មា​ន​ចំណាត់​ថ្នាក់​ស្មើ​រកម្ពុជា​នៅ​ឆ្នាំ​២០​១៤​ ហើយបាន​ហក់​ឡើង​​នៅ​ពី​លើ​​កម្ពុជា​តាំងពី​ឆ្នាំ​២០១៥​។

លោក​ថា៖ «កម្ពុជា​យើង​ធ្លាប់​នៅ​លើ​ភូមា ភូមា​ទើប​តែ​លើយើ​ងនៅ​ឆ្នាំ​២០១៥​ទេណា! មុន​២០១៥​កម្ពុជា​យើង​នៅ​លើ​ភូមា ឬ​ក៏​ស្មើ​គ្នា​ជា​មួយ​ភូមា ប៉ុន្តែ​កំណែ​ទម្រង់​ដែលកើត​ឡើង​នៅ​ប្រទេស​មីយ៉ាន​ម៉ា​ឬ​ក៏​ប្រទេស​ភូមា​នោះ ដែ​ល​គេ​ថា​ជំហាន​កង្កែប​ជំហាន​កញ្ចាញ់​ចេក​អី​មិន​ដឹង​ទេ? តែ​​លឿន​ខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​ភូមា​បាន​រំកិល​ខ្លួន​លើសកម្ពុជា​កាន់​តែ​ឆ្ងាយទៅ ឆ្នាំ​នេះ​គាត់​ឡើង​បាន​៦ពិន្ទុ ដែល​ធ្វើ​ឲ្យ​គាត់ឡើង​លឿន​មែន​ទែន ដូច្នេះយើង​កាន់​តែឆ្ងាយ​ពីភូមា​ទៀត​»។

លោក​ថាបញ្ហា​ជា​ច្រើន​ដូច​ជា ​ឯក​រាជ្យ​ភាព​នៃ​អំណាច​ទាំង​បី ការ​រៀបចំ​បក្ស​ពួក​ខ្លួនក្នុង​កិច្ច​ការរដ្ឋ​​ ជា​ពិ​សេស​ប្រព័ន្ធតុលាការ និង​​យុត្តិធម៌ ដែល​បាន​ទាញ​ឲ្យកម្ពុជាស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បែបនេះ។

វីអូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយ​តបពី ​​​ប្រធាន​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ឱម យិនទៀង បាន​នៅឡើយ ដោយទូរស័ព្ទ​ចូល​តែ​ដូច​ជា​កំពុង​ស្ថិត​ក្នុង​អង្គប្រជុំ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជាលោក សុខ ឥសាន ថា​លោក​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​របាយ​ការ​ណ៍​​នេះ​នោះ​ទេ ដោយ​ថារបាយការណ៍​នេះ​វា​ខុស​ពី​អ្វី​ជា​ក់​ស្តែ​ងដែល​រដ្ឋាភិបាលកម្ពុជា​កំពុងព្យាយាម​​ធ្វើ​។

លោក​ថា៖ «ខ្ញុំ​យល់​ថា​ការ​ធ្វើ​របស់​គាត់​អាហ្នឹង​ជា​រឿង​របស់​គាត់ តែ​កម្ពុជា​មិន​បណ្តែ​ត​បណ្តោយ​ទេ​ព្រោះ​រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត ដាច់​ណាត់​ថា​ប្រឆាំង​នឹង​អំពើរ​ពុក​រលួយ​ហើយ​ អញ្ចឹង​ទេ​យើង​ឃើញ​ថា​មាន​ការ​រីកចម្រើន​ជា​លំដាប់ ត្រង់​លេខ​ប៉ុន្មាន​ៗ​យើង​មិន​ចាប់​អារម្មណ៍​នោះ​ទេ យើង​ខំ​ធ្វើ​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ»។

គួរ​បញ្ជាក់​ផង​ដែរ​ថាកាលពី​ឆ្នាំ២០១៥​កន្លងទៅ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស ស្មើប៊ូរុងឌី និងស៊ីមបាវ៉េ  និងឆ្នាំ២០១៤ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៦ ស្មើមីយ៉ាន់ម៉ា និងស៊ីម​បាវ៉េ​។ ចំណែក​ឯ​របាយការណ៍ឆ្នាំ​២០១៦​នេះ ប្រទេស​មី​យ៉ានម៉ា​ដែល​ធ្លាប់​ជា​ប្រទេស​ធ្លាប់​មាន​ចំណាត់​ថ្នាក់​​ស្មើ​នឹង​កម្ពុជានោះ​បាន​ហក់​ឡើង​លើ​កម្ពុជា៦​ពិន្ទុ​ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្រោមគេ​តែ​ឯង​នៅ​តំបន់​អាស៊ាន។

​ប្រទេស​បី​ដែ​ល​ជាជាប់​លំដាប់​លើ​គេ​​នៅ​ឆ្នាំ​២០១៦នេះ​មាន ដាណឺ​ម៉ាក ប្រទេសញ៉ូហ្សេលែន និង​ហ្វាំង​ឡង់ ខណៈដែល​ប្រទេស​៣​ដែល​ស្ថិត​នៅ​ក្រោម​គេមា​ន​ប្រទេស​កូរ៉េខាង​ជើង ស៊ូដង់ និង​ប្រទេស​ស៊ូម៉ា​លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ