តុលាការជាន់ខ្ពស់ច្រានចោលបណ្តឹងសាទុក្ខ​ដែលប្តឹងដោយមន្ត្រី​បក្ស​ប្រឆំាង​និងសកម្មជន​

បដាព្យួួរខាងមុខទីស្នាក់ការគណបក្ស​សង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ ដោយ​មានឈ្មោះ​បុរសបីនាក់ដែលត្រូវបានតុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំផងដែរ

តុលាការជាន់ខ្ពស់​​បានប្រកាសសាលដីកាច្រានចោលបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់​បក្សប្រឆំាងមួយនាក់​និងសកម្មជន៤នាក់ ដែល​បានប្តឹង​​បដិសេធការសម្រេចរបស់​សាលា​ដំបូង​កាល​ពីឆ្នាំ​២០១៥ លើសំណុំ​រឿងការតវ៉ានៅជិតទីលានប្រជាធិបតេយ្យ។

អ្នកទំាង៥នាក់​នោះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្យសំណាង លោក ទេព ណារិន លោក សាន សីហាក់ និងលោក​ អាន បឋម។

ប្រធាន​ក្រុ​ម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ លោក​ សឹង​ បញ្ញា​វុឌ្ឈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៧​ បានប្រកាសសាលដីកាដោយច្រានចោល​បណ្តឹងរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆំាង និ​ងសកម្ម​ជន ដែល​បានប្តឹង​​បដិសេធការសម្រេចរបស់​សាលា​ដំបូង​(បណ្តឹងសាលាទុក្ខសុំមោឃភាព​នីតិវិធី​សាលា​ដំបូង​​)កាល​ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៥ ខណៈ​សំណុំ​រឿងនេះកំពុង​ស្ថិតក្នុង​ចំណាត់​ការ​របស់​សាលា​ឧទ្ធរណ៍។

ការ​ប្រកាស​សាលដីកា​នេះ​ ធ្វើ​ឡើង​តែ​ចំពោះ​មុខ​ជនជាប់ចោទ​ ឈ្មោះ​ អ៊ុក​ ពេជ្រ​សំណាង​ តែម្នាក់​ប៉ុណ្ណោះ​។​ ដោយ​ឡែក​ជនជាប់ចោទ​៤នាក់​ទៀត​ ពុំ​ត្រូវ​បាន​បញ្ជូន​មក​ស្តាប់​ការ​ប្រកាស​នោះ​ទេ ខណៈមេធាវី​ការពារក្តីលោក ជួង ជូងី ​ក៏អវត្តមានផងដែរ។

លោក ជួង ជូងី ​មេធាវីការពារក្តីឲ្យអ្នកទំាង​៥នាក់​នោះបាន​ពន្យល់​​ប្រាប់VODតាមទូរសព្ទថា អំពីពាក្យ​បណ្តឹង​សាទុក្ខដែល​បដិសេធនឹ​ង​ការ​សម្រេចរបស់សាលា​ដំបូងរាជធានីភ្នំពេញដូចនេះថា៖ «មោឃភាព​នីតិវិធីមានន័យថា បដិសេធចំណាត់ការតុលាការថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥​របស់សាលា​ដំបូង​ ដែលគាត់កាត់​ថ្ងៃនោះអត់​មានមេធាវីការពារក្តីទំាង៥រូបទេ។ ផ្អែកទៅលើពាក្យបណ្តឹង​របស់​យើងទំា​ង​ពីរ តុលាការក្រុងបានបញ្ជូន​សំណុំឯកសារមកសាលាឧទ្ធរណ៍ គឺសាលាឧទ្ធរណ៍បានបំបែកសំណុំរឿង​ជាពីរ សំណុំរឿងទីមួយពាក់ព័​ន្ធ​សុំមោឃភាពនីតិវិធី ឯទីពីរពាក់ព័ន្ធនឹងអង្គសេចក្តី ហើយនៅក្នុង​សំណុំរឿង​ទីមួយ ពាក់ព័ន្ធនឹងមោឃភាព​នីតិវីធីសាលាឧទ្ធរណ៍អត់បានបញ្ចូលឈ្មោះគាត់​ទំាង​ប្រំានាក់​នេះ​ទៅក្នុងសំណុំរឿងមោឃភាពនីតិវិធីទេ ដែលកាលពីនៅក្រុង ប្រាំនាក់នោះអត់មានមេធាវីការពារក្តី ថ្ងៃ​សវនា​ការចេញសាលក្រមដាក់គុកគាត់៧ឆ្នាំ​និង២០ឆ្នាំ ហើយដល់ពេលមក​ដល់សាលាឧទ្ធរណ៍គាត់​បំបែក​សំណុំរឿងទីមួយដែលនិយាយពីមោឃភាព​នីតិវិធី ឬក៏កម្មវត្ថុនៃសំណុំរឿងទីមួយមោឃភាពនីតិវិធី សាលាឧទ្ធរណ៍អត់បញ្ចូលឈ្មោះ​​គាត់ទំាង៥នាក់​ចូលទៅក្នុងសំណុំរឿង​ហ្នឹង បានគាត់ប្រគល់សិទ្ធិឲ្យ​ខ្ញុំជាមេធាវីប្តឹងសាទុក្ខទៅកំពូល​ ទាមទារឲ្យតុលាការ​កំពូល​សម្រេចបញ្ចូលឈ្មោះគាត់ទំាង​ប្រាំនាក់​ទៅក្នុង​សំណុំរឿងមោឃភាពនីតិវិធី ប៉ុន្តែខ្ញុំមានការសោក​ស្តាយ​ខាងសារព័ត៌មានបានប្រាក់ខ្ញុំថា ព្រឹកមិញ​នេះកំពូលបានច្រានចោលបណ្តឹងសាទុក្ខរបស់ខ្ញុំចោល​ ដោយមិនបញ្ចូលឈ្មោះកូនក្តីខ្ញុំទំាងប្រាំនាក់​ទៅក្នុងសំណុំរឿង​មោឃភាពនីតិវិធីទេ​​»។

មេធាវីរូបនោះ មានប្រសាសន៍បន្តថា ​ការសម្រេចរបស់តុលាការកំពូល​ធ្វើឡើងដោយអយុត្តិធម៌​ចំពោះ​កូនក្តី​លោក ដោយលោកថា តុលាការ​កំពូល​ព្យាយាមការពារកំហុសរបស់តុលាការថ្នាក់ក្រោម និងធ្វើ​ឲ្យពលរដ្ឋ​អស់​ជំនឿលើ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅកម្ពុជា។លោកលើកឡើងដូចនេះថា៖ «ខ្ញុំយល់ឃើញថា សេចក្តី​សម្រេច​​របស់ថ្នា​ក់ទាបខុស ដ៏ពេល​តុលា​ការ​ជាន់ខ្ពស់[តុលាការកំពូល]​ព្យាយាមការ​ពារ​ដែល​ធ្វើ​ដោយ​តុលាការ​ជាន់ទាប ហើយ​នៅតែ​ព្យាយាម​អះអាង​ថាធ្វើត្រូវ ដែលជាកត្តាអវិជ្ជមាន ធ្វើឲ្យយុត្តិធ​ម៌​ស្រុក​ខ្មែរអត់បានធានា ហើយមិន​ទទួល​បាន​ការទុក​ចិត្តពីពលរដ្ឋខ្មែរទេ»។

យ៉ាងណាក៏ដោយVOD មិនអាចសុំការបំភ្លឺបន្ថែមពីប្រធានក្រុមប្រឹក្សាជំម្រះក្តី លោក​ សឹង​ បញ្ញា​វុឌ្ឈ បានទេ។​

អ្នកវិភាគនយោបាយលោក ឡៅ ម៉ុង ហៃ ដែលចូលស្តាប់ការប្រកាសសាលដីកានៅព្រឹកនេះ យល់ថា ការសម្រេច​របស់តុលាការកំពូលធ្វើឡើងក្រោមសម្ពាធអ្នកនយោបាយ​ ដោយលោកថា អ្នកដែលត្រូវបាន​តុលាការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកមាន​ប្រសាសន៍ថា​៖ «តុលាការស្ថិត​នៅក្រោម​អំណាច​របស់បក្ស[គណបក្សប្រជាជនកម្ពុជា] ច្បាប់ជាឧបករណ៍ អំណាច ដើម្បីបង្ក្រាប កំទេចខ្មំាង ហើយ​ចៅក្រម ព្រះរាជអាជ្ញាគឺនៅក្រោមឥទ្ធិពលរបស់បក្ស ជាសមាជិកបក្ស ម្លោះហើយត្រូវ ស្តាប់​បង្គាប់បក្ស»។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៥ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច​ផ្តន្ទា​ទោស​សកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្រោមបទចោទចូលរួមនិងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤។ ក្រោយមក​មេធាវីការពារក្តី បានប្តឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ដើម្បី​​បដិសេធការសម្រេចរបស់​សាលា​ដំបូង ឬហៅថា​ស្នើសុំមោឃភាព​នីតិវិធីរបស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ដោយថាការសម្រេច​របស់​សាលា​ដំបូង​ធ្វើខុសនីតិវិធីច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ