ក្រសួងបរិស្ថានបានអះអាងថា អ្នកជំនាញអភិរក្សសត្វព្រៃ បានរកឃើញសត្វស្លាបចំនួន ៤០ប្រភេទ កំពុងរស់នៅក្នុងតំបន់ការពារស្ថិតក្នុងខេត្តតាកែវ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រសួងបរិស្ថានបានរៀបរាប់ថា មន្ត្រីជំនាញនៃមន្ទីរបរិស្ថានក្នុងខេត្តតាកែវ និងមន្ត្រីអភិរក្សសត្វព្រៃនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ បានចុះទៅសិក្សាសអំពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបានរកឃើញ ៣៣១៤ក្បាល នៅក្នុងចំណោមសត្វស្លាប ៤០ប្រភេទផ្សេងគ្នា។
បើតាមក្រសួងបរិស្ថាន សត្វស្លាបទាំងនោះ រួមមាន ពពិចខ្មៅចុងខ្នងស កុកក្រោងតូច-មធ្យម ចាបដង្កូវចិញ្ចើមស និងអន្ទេបខ្មៅជាដើម។
តំបន់បឹងព្រែកល្ពៅ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ត្រូវបានដាក់បញ្ចូលក្នុងតំបន់អភិរក្សកាលពីឆ្នាំ២០១៦ ដោយគ្របដណ្ដប់លើផ្ទៃដី ៨៣០៥ហិកតា៕