វេជ្ជបណ្ឌិតអាមេរិកម្នាក់អាចជាប់ពន្ធនាគារ១៧៥ឆ្នាំ​ករណីរំលោភក្មេងស្រី​ជាង១០០នាក់​

លោក វេជ្ជបណ្ឌិត Larry Nassar នៅក្នុងបន្ទប់សវនាការ

វេជ្ជបណ្ឌិតម្នាក់នៅសហរដ្ឋអាមេរិកប្រឈមមុខនឹងការចាប់ពន្ធនាគាររយៈពេលពី៤០ទៅ១៧៥ឆ្នាំ ដោយទទួលការចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទលើក្មេងស្រីនៅកីឡាកាយសម្ព័ន្ធចំនួន​ជាង១០០នាក់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។​

វេជ្ជបណ្ឌិតប្រចាំនៅគណៈកម្មាធិការកីឡាកាយសម្ព័ន្ធរូបនេះឈ្មោះ Larry Nassar អាយុ៥៤ឆ្នាំ ត្រូវក្មេងស្រីនៅកន្លែងហាត់កីឡាចោទថា បានរំលោភបំពានលើពួកគេនៅពេលទទួលការព្យាបាល។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។

ក្នុងបន្ទប់សវនាការពិសេសមួយកាលពីសប្តាហ៍មុន​មានក្មេងស្រីចំនួន​១៦០នាក់ចូលផ្តល់សក្ខីកម្ម ឬផ្តល់ចម្លើយថា ពួកគេរងគ្រោះដោយការរំលោភបំពានផ្លូវភេទពីវេជ្ជបណ្ឌិតរូបនេះ។ ក្នុងចំណោមក្មេងស្រីទាំងនេះ ​ក៏មានក្មេងស្រីដែលទទួលបានមេដាយមាសផ្នែកកីឡាកាយសម្ព័ន្ធតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកទៀតផង។​

ក្រុមក្មេងស្រីទទួលបានមេដាយ ដែលរងការរំលោភបំពាន

ចៅក្រមកាន់រឿងក្តីនេះនៅតុលាការក្នុងរដ្ឋ Michigan លោកស្រី Rosemarie Aquilina ថ្លែងថា លោកស្រីបានចុះហត្ថលេខាឲ្យវេជ្ជបណ្ឌិតរូបនេះ ជាប់ពន្ធនាគារអស់មួយជីវិត ឬជាប់រហូតដល់​១៧៥ឆ្នាំ។ លោកស្រីថ្លែងថា មិនអាចអនុញ្ញាតឲ្យជនជាប់ចោទរូបនេះមានឱកាសដើរចេញពីពន្ធនាគារនោះទេ ព្រោះថា ជននេះទៅដល់កន្លែងណាបង្កគ្រោះថ្នាក់ដល់កន្លែងនោះ។​

អ្នកទៅផ្តល់ចម្លើយជាជនរងគ្រោះបានសម្តែងការឈឺឆាប់ និងយំសោកនៅក្នុងបន្ទប់សវនាការនៅចំពោះមុខចៅក្រម ជនជាប់ចោទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។​

លោកវេជ្ជបណ្ឌិត Larry Nassar បានថ្លែងសុំទោសដល់ជនរងគ្រោះ និងសាច់ញាតិម្តងហើយម្តងទៀតនៅក្នុងបន្ទប់សវនាការ។​

Rachael Denhllander ជាអ្នកទម្លាយរឿងនេះជាសាធារណៈមុនគេ

ក្មេងស្រីម្នាក់ដែលហ៊ានចេញមុខទម្លាយរឿងនេះជាសាធារណៈមុនគេ បន្ទាប់ពីរងគ្រោះនោះគឺនាង Rachael Denhllander មានអាយុ ១៥ឆ្នាំ ហើយនាងបានដាក់ប្តឹងទៅនគរបាល។​

Denhllander បានស្នើឲ្យចៅក្រមដាក់ទោសលោកពេទ្យរូបនេះឲ្យបានធ្ងន់ធ្ងរបំផុត។ នាងថ្លែងថា នាងជាជនរងគ្រោះម្នាក់ ហើយថា មិនដឹងក្មេងស្រីប៉ុន្មាននាក់ទៀតដែលរងគ្រោះ ហើយមិនហ៊ានប្តឹងឬនិយាយជាសាធារណៈដោយសារតែការអៀនខ្មាស់។​

ក្មេងស្រីរងគ្រោះរូបនេះ បានស្តីបន្ទោសជាច្រើនដល់គ្រូពេទ្យដែលរងការចោទប្រកាន់ ស្ថិតនៅក្នុងបន្ទប់សវនាការ។​ បើតាម AFP ក្មេងស្រីរងគ្រោះជាច្រើនទៀតក៏បានសម្តែងការឈឺចាប់ និងស្តីបន្ទោសដល់វេជ្ជបណ្ឌិតរូបនោះដែរ។​

ចៅក្រម Aquilina បានកោតសរសើរចំពោះភាពក្លាហ៊ានរបស់ក្មេងស្រី Denhllander ក្នុងការហ៊ានចេញមុខស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង និងអ្នករងគ្រោះផ្សេងទៀត ហើយព្រមទាំងទប់ស្កាត់កុំឲ្យបទល្មើសរបៀបនេះកើតឡើងបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ