ក្រសួងប្រាប់កុំឲ្យបរិភោគត្រីក្រពត ក្រោយមនុស្ស១០នាក់ពុលនៅខេត្តកោះកុង

ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋ កុំឲ្យបរិភាគត្រីកំពតចំនួន ៣ប្រភេទ បន្ទាប់ពីមានករណីពុលមនុស្ស ៩នាក់ និងម្នាក់ស្លាប់ នៅខេត្តកោះកុង។

ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋ កុំឲ្យបរិភោគត្រីក្រពតចំនួន ៣ប្រភេទ បន្ទាប់ពីមានករណីពុលមនុស្ស ៩នាក់ និងម្នាក់ស្លាប់ នៅខេត្តកោះកុង។

ក្រសួងសុខាភិបាល បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ត្រីក្រពត ៣​ប្រភេទ​នៅ​ក្នុង​ចំណោម ១០​ប្រភេទ ត្រូវ​បាន​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​ជាតិ​ពុល និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ។

បើ​តាម​ក្រសួង​សុខាភិបាល ត្រី​ក្រពត​ទាំង​ ៣​ប្រភេទ​នោះ មាន​ប្រភេទ Tetraodon cochinchinensis, Monotrete leiurus និងប្រភេទត្រី Tetraodon fluviatilis។

ក្រសួងសុខាភិបាល អះអាង​បន្ថែម​ថា​ ត្រីក្រពតបីប្រភេទនេះ មានជាតិពុលខ្ពស់ អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សបាន ដោយថា ជាតិពុលក្នុងខ្លួនត្រីក្រពត នឹងបង្កផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល និងធ្វើឲ្យស្លាប់តែម្ដង។

ការក្រើនរំលឹករបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពី​មនុស្ស​ម្នាក់ បាន​ស្លាប់ និង ៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​កោះកុង បន្ទាប់​ពី​ពួកគេ​បរិភោគ​ត្រី​ក្រពត កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​ថ្មីៗ​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។