កម្ពុជារៀបចំបោះឆ្នោតព្រឹទ្ធសភាដោយគ្មានវត្តមាន​បក្សប្រឆាំង

ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ដោយ​ពុំ​មាន​វត្តមាន​ចូល​រួម​របស់​គណបក្ស​ប្រឆាំង ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​អាណត្តិ​ទី​៤​នេះ ត្រូវ​បាន​កំណត់​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ នៅ​តាម​ភូមិភាគ​ទាំង ៨ នៅ​ទូទាំង​ប្រទេស។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ទៅ​បោះ​ឆ្នោត​នៅ​ទីក្រុង​តាខ្មៅ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​នេះ។

គណបក្ស​នយោបាយ​ចំនួន ៤ បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អសកល​មួយ​នេះ ក្នុ​ង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា។

ទោះជាយ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​មក​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នោះ​ឡើយ បន្ទាប់​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ចំណែក​ឯ​អាសនៈ​​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង ដែល​ជា​អង្គ​បោះ​ឆ្នោត​ដ៏​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ផង​នោះ ក៏​ត្រូវ​បាន​រឹប​អូស​យក និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេងទៀត ដែល​ពុំ​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ