ក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញនេះ បានប្រតិកម្មទៅនឹងការចុះផ្សាយអត្ថបទមួយ ដែលនិយាយថា តារាសម្ដែងស្រីម្នាក់លក់ថ្នាំផ្ដាច់គ្រឿងញៀនផ្សំឡើងពីរុក្ខជាតិ។
កាលពីថ្ងៃម្សិលមិញនេះ កាសែតភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយអត្ថបទមួយក្រោមថា “ស្វែង សុជាតា លក់ថ្នាំផ្ដាច់គ្រឿងញៀនផ្សំដោយប្ដីក្មេងជាគ្រូឱសថ” ដោយតារាសម្ដែងរូបនេះអះអាងប្រាប់កាសែតនេះថា ថ្នាំនោះមានប្រសិទ្ធភាពក្នុងការផ្ដាច់គ្រឿងញៀន។
បន្ទាប់ពីការចុះផ្សាយបែបនេះ ក្រសួងសុខាភិបាលចាត់ទុកថា ឱសថបុរាណនោះ មិនមានមូលដ្ឋានបច្ចេកវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជាក់ពីប្រសិទ្ធិភាពនោះឡើយ។
ជាងនេះទៅទៀត ក្រសួងបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ កុំឲ្យជឿលើការផ្សព្វផ្សាយនេះ ដោយក្រសួងគ្រោងចាត់មន្ត្រីជំនាញរបស់ខ្លួន ទៅស្វែងរកការពិតពីអ្នកនាង ស្វែង សុជាតា ផងដែរ៕