អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថាការឃាត់ខ្លួន​មេឃុំគណបក្ស សម រង្ស៊ី ធ្វើឡើង​តាម​ចម្លើយរបស់​សាមីខ្លួន

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីកន្លងទៅ​

អង្គភាពប្រឆាំងអំពើពុករលួយច្រានចោលការលើកឡើងថា អង្គភាពនេះឃាត់ខ្លួនមេឃុំម្នាក់របស់គណបក្សសម រង្ស៊ី ក្នុងខេត្តកំពង់ចាម ទៅតាមលិខិតចំហរ៤ទំព័ររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយអង្គភាពនេះអះអាងថា ការឃាត់ខ្លួនធ្វើឡើយងដោយយោងតាមចម្លើយរបស់មេឃុំរូបនេះប៉ុណ្ណោះ។

កាលពីថ្ងៃអាទិត្យម្សិលមិញ មេឃុំស្រក លោក ស៊ាង ចែត ត្រូវបានរាយការណ៍ថាត្រូវមន្ត្រីនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាព នារសៀលថ្ងៃចន្ទនេះថា ដើមឡើយ អង្គភាពមិនបានចាប់ខ្លួន ឬឃាត់ខ្លួន លោក ស៊ាង ចែត ដូចការលើកឡើងក្នុងបណ្តាញសារព័ត៌មាន និងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រឆាំងនោះទេ ដោយលោកថា អង្គភាពបានអញ្ជើញលោក ស៊ាង ចែត ទៅកាន់អង្គភាពដើម្បីបន្តស្តាប់ចម្លើយ។ លោកបន្តថា លោក ស៊ាង ចែត បានស្ម័គ្រចិត្តទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយទៅតាមការអញ្ជើញរបស់អង្គភាព បន្ទាប់ពីអង្គភាពបានទទួលចម្លើយថាលោក ស៊ាង ចែត ពិតជាបានយកប្រាក់៥០០ដុល្លារទៅឲ្យម្តាយកញ្ញាស្រីមុំ។

លោក ឱម យ៉ិនទៀត បានអះអាងថា ការកោះអញ្ជើញលោក ស៊ាង ចែត ធ្វើត្រូវតាមនីតិវិធីច្បាប់ ហើយលោកថា ព័ត៌មានរបស់សមីខ្លួនមានតម្លៃ៨០ភាគរយ ក្នុងការកោះអញ្ជើញនេះ រីឯព័ត៌មានពីស្រីមុំមានតែ២០ភាគរយប៉ុណ្ណោះ។ លោកបន្ថែមថា៖ “អ៊ីចឹងខ្ញុំសុំហើយសុំទៀតថា មិនមែនដោយសារសន្លឹកបួនទំព័រ ដោយសារសម្តីស្រីមុំមួយម៉ាត់ទៅចាប់គេដូចខ្មែរក្រហមទេ ដោយសារសម្តីខ្លួនឯង (លោក ស៊ាង ចែត) គាត់ឆ្លើយមកថាគាត់អ្នកចារី អ្នកដៃដល់មែន អ្នកយកលុយទៅឲ្យគេមែន”

បើតាមលោក ឱម យ៉ិនទៀត មេឃុំស្រក លោក ស៊ាង ចែត ឆ្លើយប្រាប់ថា ខ្លួនបានយកប្រាក់៥០០ដុល្លារទៅឲ្យម្តាយស្រីមុំ ទៅតាមបញ្ជារបស់ថ្នាក់លើរបស់ខ្លួន។ លោកបន្តថា៖ “ដឹងគាត់និយាយម៉េចទេ? គាត់ថាលាលែងហើយបើគាត់មិនធ្វើតាមមេគាត់ទេប្រហែលគាត់គ្មានរឿងរ៉ាវបែបហ្នឹងទេ។ គាត់ខឹងមេគាត់សម្លាប់គាត់ ធ្វើបាបគាត់ បញ្ជាឲ្យគាត់ធ្វើអ៊ីចឹង គ្រាន់តែដឹងថាគាត់នៅស្រុកកំណើតជាមួយស្រីមុំ ដឹងថាគាត់ជាប់សាច់ញាតិទៀតប្រើឲ្យគាត់ធ្វើ គាត់ដំបូងគាត់មិនចង់ធ្វើ (ប៉ុន្តែ)ចេះតែប្រើៗ គាត់ថាមេស្អីប្រើកូនចៅឲ្យជាប់គុកអ៊ីចឹង”

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបន្ថែមថា រហូតមកដល់ម៉ោង៨ និង៥នាទីយប់ថ្ងៃអាទិត្យទើបអង្គភាពនេះប្រកាសថាជាការឃាត់ខ្លួន ដោយអះអាងថា បន្ទាប់ពីស្តាប់ចម្លើយ និងមានធាតុផ្សុំបទល្មើសគ្រប់គ្រាន់។

ជាមួយគ្នានេះដែរ លោក ឱម យ៉ិនទៀង បញ្ជាក់ថា ករណីលោក កឹម សុខា អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់មានវិធានការណាមួយនៅឡើយទេ។

វីអូឌី(VOD) មិនអាចសុំការឆ្លើយតបណាមួយពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បាននៅឡើយទេនៅរសៀលនេះ ដោយទូរស័ព្ទរបស់លោកហៅចូលតែគ្មានអ្នកទទួល។

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការឃាត់ខ្លួននេះ និងបានហៅការឃាត់ខ្លួននេះថាមានចរិតដូចរបបខ្មែរក្រហម គឺធ្វើឡើងតាមការឆ្លើយដាក់ពីបុគ្គលកញ្ញា ស្រីមុំ តែម្នាក់។ ក្នុងសេចក្តីថ្លែងការណ៍ គណបក្សនេះ បានទាមទារឲ្យអង្គភាពមួយនេះឲ្យដោះលែងលោក ស៊ាង ចែត ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

ចំណែកនៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដោយបានវាយតម្លៃថា ស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ ដែលគណបក្សចាត់ទុកថាមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការបោះឆ្នោតនាពេលខាងមុខ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះ គណបក្សប្រឆាំងបានសម្រេចប្រើប្រាស់គ្រប់យន្តការដែលខ្លួនមានដើម្បីទាញស្ថានការណ៍នយោបាយឲ្យវិលត្រឡប់ទៅស្ថានភាពប្រក្រតីវិញ។ លើសពីនេះ គណបក្សសង្គ្រោះជាតិក៏ប្រកាសបន្តសកម្មភាពមូលដ្ឋានឲ្យកាន់តែខ្លាំងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ