សមាជបក្សប្រឆាំងមិនទាន់រុះរើអនុប្រធាន៣រូបដែលក្រសួងមហាផ្ទៃជំទាស់

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

គណបក្សប្រឆាំង មិនទាន់រុះរើស អនុប្រធាន៣រូប​ របស់ខ្លួន ដែលក្រសួងមហាផ្ទៃជំទាស់នៅឡើយទេ បើទោះ​បី​បក្ស​​នេះបានធ្វើសមាជវិសាមញ្ញឡើងវិញនៅថ្ងៃនេះក៏ដោយ។

កាលពីថ្ងៃទី២ខែមីនា គណបក្សប្រឆាំង បានធ្វើសមាជវិសាមញ្ញជ្រើសរើស លោក កឹម សុខា ជាប្រ​ធានស្តីទី ឲ្យឡើងធ្វើជាប្រធានគណបក្ស ជំនួសលោក សម រង្ស៊ី ដែលបានប្រកាសលាលែង និងជ្រើស​រើ​ស​​​ម​ន្ត្រី​ជា​ន់​ខ្ពស់៣រូបទៀត មានលោកស្រី មួរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ធ្វើ​​ជា​អនុ​ប្រធាន។

ប៉ុន្តែសមាសភាពមេដឹកនាំថ្មី របស់បក្សប្រឆាំងទាំង៤រូបនេះ ក្រសួងមហាផ្ទៃទទួលស្គាល់តែលោក កឹម សុខា​ ប៉ុណ្ណោះ ដោយក្រសួងថា សមាជនោះធ្វើឡើងខុសលក្ខន្តិកៈគណបក្សត្រង់ប្រការ៤៧។

នៅ​ថ្ងៃទី២៥ខែមេសានេះ គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញឡើងវិញ នៅស្នាក់ការគណ​ប​ក្ស​ក្នុ​​ង​រា​ជធានីភ្នំពេញ។ ប៉ុន្តែសមាជនោះ មិនបាននិយាយពីការរុះរើអនុប្រធានទាំង៣រូបនោះទេ  ដោ​យ​គ្រា​​​​ន់​​​តែ​​ធ្វើ​​​វិ​សោ​ធនកម្មលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧ថ្មីប៉ុណ្ណោះ។

ក្នុងពិធីនោះ ប្រធានគណបក្សលោក កឹម សុខា អះអាងថា ការធ្វើសមាជឡើងវិញនេះ លោកថាជា​ការ​ស​ម្រ​បខ្លួនតាមស្ថានការណ៍នយោបាយ ដើម្បីឈានទៅរកការផ្លាស់ប្តូរដោយវិជ្ជមាន និងគ្មានហិង្សា។

លោកថា៖ «ស្ថានការណ៍បច្ចុប្បន្ននេះ មានផ្លូវខ្លះគេអាចដើរបាន តែយើងដើរមិនបាន។​ មានស​កម្មភាពខ្លះគេធ្វើបាន តែយើងធ្វើមិនបាន។ មានពាក្យសម្តីខ្លះ គេអាចនិយាយបានតាមអំពើចិត្ត តែយើ​ង​និ​យាយមិ​នបាន។ បងប្អូ​នយល់រឿងហ្នឹងទេ។ ដូច្នេះយើងដឹង តែយើងអត់ធ្មត់។ អត់ធ្មត់ដើម្បីអ្វី? អត់ធ្មត់សម្រា​ប់រកយុត្តិ​ធម៌ទាំ​ង​​អស់គ្នាក្នុងពេលអនាគត។ យើងប្រែក្លាយការឈឺចាប់ ទុក្ខលំបាកការអត់ធ្មត់ ឲ្យទៅជាសេចក្តីសុខ និងសេ​ចក្តី​ចម្រើនសម្រាប់ជាតិយើង សម្រាប់ពលរដ្ឋខ្មែរយើងទាំងអ្នកចាញ់ទាំងអ្នកឈ្នះ»។

លោក កឹម សុខា បានលើកឡើងហាក់ឆ្លើយតប ទៅមេដឹកនាំគណបក្សកាន់អំណាចថា គ​​ណ​​​​​​បក្ស​​នេះ​ឈ្នះ​ការបោះឆ្នោតនិងគ្មានសង្គ្រាមកើតឡើងទេ ទាំងផ្ទៃក្នុង ទាំ​ងជាមួ​យប្រទេ​សជិត​ខាង​។

លោ​កថា៖ «គណបក្សពួកខ្ញុំនេះកើតមកពីណា មិនមែនកើតពីគណបក្សបដិវត្តន៍ឯណា? ហើយ​គ​ណ​បក្សខ្ញុំ​នេះ ​កើតចេញពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយពួកនេះ​អត់ចេះ​ធ្វើមេ​ទ័ព​ច្បាំង​ទៀត ហើ​យ​ទៅធ្វើសង្គ្រាមយ៉ាងម៉េច អត់ចេះធ្វើមេទ័ពផង»។

ជាញឹកញាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងផ្ញើសារ ដោយព្រមានថាបើគណបក្សកាន់អំណាចចាញ់ឆ្នោត អាចនឹង​មា​ន​សង្គ្រា​ម​កើតឡើងដូច​ពីអតីតកាល​។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា ភាពមិនទុកចិត្តគ្នានេះ សម្ពាធនយោបាយអាចនឹងនៅតែកើតឡើងមកលើបក្សប្រឆាំង បើទោះបីជា​ពេល​នេះ​​​​​បក្សប្រឆាំង បានធ្វើសមាជឡើងវិញ រៀបចំលក្ខន្តិកៈតបតាមការចង់បាន របស់ក្រ​សួងមហា​ផ្ទៃ​ដូ​​​ច​​ពេ​ល​នេះ​​ក៏ដោយ។

លោកថា៖ «បើសិនជាមានឆន្ទៈនយោបាយជាវិជ្ជមានខ្ញុំថាមិនមានបញ្ហាទេ លើកលែងតែពេលខ្លះអ្ន​កដែល​នៅ​ពី​ក្រៅអ្នកទី៣ដែលមិនយល់ ហើយចេះតែបញ្ឆេះចុះបញ្ឆេះឡើងទៀត វាអាចពិបាកទៀត»។

ប៉ុន្តែអ្នកតាមដានសង្គមរូបនោះ ជំរុញឲ្យអ្នកនយោបាយ គួតែបង្កើនការយោគយល់គ្នា ឈា​នទៅ​ប្រកួ​តប្រ​ជែង ការបោះឆ្នោតខាងមុខ ដោយតម្លាភាព តាមយន្តការ​ប្រជា​ធិប​តេយ្យ ធានាដល់ភា​ពសុខសាន្ត របស់​​ប្រ​​​​​ជា​​ព​ល​​រដ្ឋ និងពង្រឹងសាមគ្គីជាតិ។

យ៉ា​ងណាក៏ដោយ លោក កឹម ​សុខា អះអាងដូចពេលមុនៗថា បើគណបក្សស​ង្គ្រោះជា​តិឈ្នេះ​កា​រ​បោះ​​​​ឆ្នោត លោកថានឹងមិនយកខ្មែ​រ​ណា​​​ធ្វើជាសត្រូវ ហើ​យ​ថា ខ្មែរទាំងអស់ជាអ្នកឈ្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ