រដ្ឋាភិបាលថា ចុះផ្សព្វផ្សាយដល់កសិករមិនឲ្យប្រើសារធាតុគីមីទៅលើស្រូវលើសកម្រិត

ដំណាំស្រូវ (ដោយ បូ សាវី)

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ឲ្យដឹងថា ក្រសួងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដល់កសិករកុំប្រើប្រាស់ថ្នាំគីមីដែលមានសារធាតុទ្រីស៊ីក្លាហ្សូលបន្តទៀត ដើម្បីឆ្លើយទៅតាមតម្រូវការរបស់សហភាពអឺរ៉ុប។

សភាពអឺរ៉ុបបានព្រមានឈប់ទិញអង្ករពីកម្ពុជាដោយថាមានផ្ទុកសារធាតុគីមីប្រភេទ «ទ្រីស៊ីក្លាហ្សូល»លើសកម្រិត។

ក្រោយពីមានការព្រមាននេះ កាលពីថ្ងៃទី២៧ ខែមីនា ២០១៧ ក្រសួងកសិកម្មបានចេញលិខិតជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការនាំចូល សារធាតុទ្រីស៊ីក្លាហ្សួលនេះ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឡោ រស្មី មានប្រសាសន៍ថា បន្ទាប់ពីសហភាពអឺរ៉ុបបានជូនដំណឹងមិនឲ្យប្រើប្រាស់សារធាតុគីមីនេះលើសកម្រិតនោះ ក្រសួងបានធ្វើសិក្ខាសាលាជាមួយស្ថាប័នឲ្យទាំងអស់ ដើម្បីឲ្យស្ថាប័នទាំងនោះធ្វើការផ្សាព្វផ្សាយទៅកសិកឲ្យបានដឹង និងកុំប្រជាកសិករប្រើប្រាស់ថ្នាំទាំងនោះបន្តទៀត។

លោកថា «សង្ឃឹមថាបងប្អូនទាំងអស់ក៏ដូចជាអាជីវករ ​ឬក៏សហគមន៍កសិកម្មនិងយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង ហើយជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទដែលជារដ្ឋបាលថ្នាក់ក្រោមយើងសេនាធិការរបស់យើងនៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺត្រូវតែជួយផ្សព្វផ្សាយបន្តពីបញ្ហានេះ»។

លោកបន្តថា ​ក្រសួងនឹងចាត់វិធានការចំពោះក្រុមហ៊ុនណាដែលចូលថ្នាំកសិកម្មដែលមានសារធាតុទ្រីស៊ីខ្លាហ្សូលនោះ ។

អគ្គនាយកក្រុមហ៊ុននាំអង្ករចេញ លោក សុង សារ៉ន មានប្រសាសន៍ថា សារធារតុទ្រីស៊ីខ្លាហ្សូលនេះជាប្រភេទថ្នាំដែលកសិករប្រើសម្រាប់ព្យាបាលចំពោះស្រូវមានជំងឺ។ លោកថា ក្រុមហ៊ុននាំអង្ករមិនបានប្រើប្រាស់សារធាតុគីមីនោះលើអង្ករឡើយ។​ លោកបន្តថា ក្រសួងកសិកម្មគួរធ្វើការផ្សព្វផ្សាយផ្ទាល់ ចំពោះបញ្ហានេះឲ្យបានទូលំទូលាយទៅឲ្យកសិករ និងពន្យល់កសិករ ដើម្បីកុំឲ្យប្រើសារធាតុគីមីនិងថ្នាំផ្សេងៗទៀតលើសកម្រិត។

លោកថា «ក្រសួងគួរចុះទៅអប់រំប្រជាពលរដ្ឋ ឲ្យមានការប្រមូលផ្ដុំជាសហគមន៍កសិកម្មទៅដើម្បីងាយស្រួលផ្សព្វផ្សាយនៅក្នុងសហគមន៍ បើយើងទៅផ្សព្វផ្សាយតាមផ្ទះមិនងាយទេ ចឹងមានតែធ្វើសិក្ខាសលាផ្សព្វផ្សាយតាមបែបសហគមន៍បានទូលំទូលាយ។ ខ្ញុំគិតកុំនិយាយតែរឿងទ្រីស៊ីខ្លាហ្សូលមួយសូមនិយាយគ្រប់សារធាតុថ្នាំដែលសម្លាប់សត្វល្អិតនិងសារធាតុពុលទាំងអស់ដែលកំណត់ដោយសហគមន៍អឺរ៉ុបនេះ។ បើយើងផ្សព្វផ្សាយតែមួយហើយគាត់ទៅប្រើប្រាស់អាសារធាតុផ្សេងទៀត  វាលើសកម្រិតទៀតរឿងហ្នឹងដែរ។ ចឹងផ្សព្វផ្សាយពីរបៀបប្រើប្រាស់ថ្នាំពុលកុំឲ្យមានការប្រើលើសកម្រិត​»។

បណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា ប្រសិនបើគ្រាន់ធ្វើការផ្សព្វផ្សានោះ ដោយមិនបានបញ្ជូនអ្នកជំនាញទៅពន្យល់កសិករនោះពីរបៀបប្រើប្រាស់ទេ គឺនៅតែមានបញ្ហាដដែល ដោយ​សារកសិករមិនបានយល់ដឹងពីការប្រើប្រាស់ថ្នាំនោះទេ។

បើតាមមន្ត្រីក្រសួងកសិកម្ម ទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជាង​គឺ សហភាពអឺរ៉ុប និងប្រទេសចិន ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ