ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សរបស់លោកមិនមានគោលនយោបាយរឹបអូសយកដីធ្លីជាកម្មសិទ្ធិរបស់ ប្រជាពលរដ្ឋទូទៅទាំងអ្នកមាននិងអ្នកក្រនោះទេ នៅពេលទទួលបានជ័យជម្នះលើការបោះឆ្នោតនៅពេលខាងមុខ។
ថ្លែងនៅក្នុងសមាជគណបក្សនៅថ្ងៃអង្គារនេះលោក កឹម សុខា បញ្ជាក់ប្រាប់សកម្មជននិងប្រជាពលរដ្ឋទូទៅថា គណបក្សរបស់លោកមិនមានគោលនយោបាយរឹបអូសយកដីធ្លីរបស់ ប្រជាពលរដ្ឋទូទៅដែលកំពុងកាន់កាប់នោះទេ។ លោក បញ្ជាក់ថា គណបក្សសង្គ្រោះជាតិគោរពច្បាប់ដោះស្រាយបញ្ហាដោយអហិង្សា គោរពសិទ្ធិម្ចាស់កម្មសិទ្ធិស្របច្បាប់។ លោកថ្លែងថា៖ «គណបក្សសង្គ្រោះជាតិជាគណបក្សដែលប្រកាន់យកគោលនយោបាយសេរីនិយម យកច្បាប់ជាធំដូច្នេះ គ្មានទេការរឹបអូសយកដីធ្លីប្រជាពលរដ្ឋទោះអ្នកមានឬ អ្នកក្រក៏ដោយ។ កម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរត្រូវការពារដោយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិឲ្យខានតែបាន»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងលើកឡើងជាញឹកញាប់ថា បើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតអាចនិងមានសង្គ្រាម ឬ កើតមានចលាចល ការអះអាងបែបនេះដោយលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា គណបក្សប្រឆាំងព្រមានដកយកដី ឬ ទ្រព្យសម្បត្តិរបស់ឧកញ៉ា ឬ អ្នកមានផ្សេងៗទៅចែកជូនពលរដ្ឋក្រីក្រ ដែលមូលហេតុនេះអាចនាំឲ្យមានសង្គ្រាមឬ ចលាចលកើតឡើង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ចាប់ផ្តើមនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ និង បោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ចាប់ផ្តើមនៅខែកក្កដាឆ្នាំ២០១៨។ ការបោះឆ្នោតនៅពេលខាងមុខនេះត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមអះអាងថា សំឡេងគាំទ្រគណបក្សប្រឆាំងមានការកើនឡើង ជាក់ស្តែងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងនៅអាណត្តិនេះមានគ្រប់ឃុំសង្កាត់ទាំងអស់ គឺខុសពីអាណត្តិមុនៗដែលបក្សប្រឆាំងមិនដែលមានបេក្ខជនឈរឈ្មោះបានគ្រប់ឃុំសង្កាត់នោះទេ៕