គណបក្សប្រឆាំងកំពុងរៀបចំសមាជវិសាមញ្ញសារជាថ្មីម្ដងទៀតនៅថ្ងៃនេះ បន្ទាប់ពីរដ្ឋាភិបាលអះអាងថា សមាជដំបូងមួយដែលបានជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្ស ត្រូវបានធ្វើឡើងដោយមិនស្របច្បាប់។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងមក បានរៀបចំសមាជជ្រើសរើសលោក កឹម សុខា ជាប្រធានបក្ស និងជ្រើសរើសអនុប្រធាន ៣រូបផ្សេងទៀត ក្រោយការប្រកាសលាលែងពីតំណែងជាមេដឹកនាំបក្សរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ ខែកុម្ភៈ។ សមាជនោះ ត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថា ធ្វើឡើងមិនស្របច្បាប់ ល្មើសនឹងលក្ខន្តិកៈរបស់គណបក្សផ្ទាល់តែម្ដង។
ក្នុងលិខិតចុះថ្ងៃទី១៩ ខែមេសា ប្រធានគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ លោក ម៉ន ផល្លា បានស្នើរៀបចំសមាជវិសាមញ្ញនៅព្រឹកថ្ងៃនេះ នៅឯទីស្នាក់ការកណ្ដាលគណបក្សនៅសង្កាត់ចាក់អង្រែលើ៕