ចំណុចល្អនិងអាក្រក់ដែលប្រទេសនៅអាស៊ីខំបង្កើនអាវុធ

បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីដែលកំពុងមានជម្លោះនោះ បានបង្កើនថវិកាចំណាយលើសព្វាវុធដើម្បីពង្រឹងសមត្ថភាពការពារប្រទេសរបស់ពួកគេ។​

របាយការណ៍ដែលលេចធ្លាយនៅពេលថ្មីៗនេះ បង្ហាញថា រុស្ស៊ីកំពុងតែធ្វើលក់អាវុធនិងសម្ភារសង្គ្រាមផ្សេងៗទៀតក្នុងទឹកប្រាក់ប្រមាណ​៦ប៊ីលានដុល្លារ។ របាយការណ៍បង្ហាញថា រុស្ស៊ីលក់អាវុធទៅឲ្យឥណ្ឌា វៀតណាម ប៉ាគីស្ថាន និងឥណ្ឌូនេស៊ីជាដើម។​

បច្ចុប្បន្នវៀតណាម​ និងឥណ្ឌាកំពុងតែមានជម្លោះព្រំដែនជាមួយចិន ចំណែក​ប៉ាគីស្ថានកំពុងតែមានជម្លោះនៅដែនដីកាស្មៀជាមួយឥណ្ឌា។​

បើរំឭកពីដំណើរទស្សនកិច្ចរបស់លោកត្រាំមកកាន់ទ្វីបអាស៊ីលើកដំបូងកាលពីចុងឆ្នាំ២០១៧ក្រោយពេលលោក ចូលកាន់តំណែង សកម្មភាពប្រធានាធិបតីរូបនេះលេចធ្លោគឺការលក់អាវុធ។​

កាលនោះ ពេលទៅដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង លោកត្រាំជំរុញឲ្យប្រទេសទាំងនេះ ទិញអាវុធទំនើបៗ និងឧបករណ៍ការពារមីស៊ីលពីអាមេរិក ដើម្បីត្រៀមទុកទប់ទល់ការវាយប្រហារពីកូរ៉េខាងជើង។​​

ពេលធ្វើដំណើរដល់វៀតណាម​លោក ត្រាំ ក៏បានជំរុញឲ្យប្រទេសនេះទិញមីស៊ីលរបស់អាមេរិក ទុកប្រើប្រាស់ដើម្បីការពារប្រទេសករណីផ្ទុះជម្លោះនៅសមុទ្រចិនដែរ។​

នៅដើមឆ្នាំ២០១៨ចិនដែលកំពុងតែមានសត្រូវជុំវិញខ្លួននោះ បានបង្ហាញយន្តហោះនិងនាវាចម្បាំងរាប់សិបគ្រឿង។ ការបង្ហាញនេះធ្វើឡើងជាទ្រង់ទ្រាយធំមិនធ្លាប់មាន។ ចិនក៏កំពុងតែប្រឹងប្រែងកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅលើកោះក្នុងសមុទ្រចិនខាងត្បូង បើទោះជាមានការថ្កោលទោសក៏ដោយ។​

កាលពីដើមខែមីនា ចិន​បានប្រកាសកញ្ចប់ថវិកា១,១១ទ្រីលានយ័ន ឬស្មើនឹងប្រមាណ១៧៥ប៊ីលានដុល្លារ លើវិស័យកងទ័ព។ ការប្រកាសបង្កើនថវិកានេះ ធ្វើឡើងមុនពេលប្រកាសបើកសមាជថ្នាក់ជាតិរបស់គណបក្សកុម្មុយនីស្តប្រជាជនចិនប្រចាំឆ្នាំ។

​ការបង្កើនការចំណាយរបស់ចិននេះគឺខ្ពស់ជាងឆ្នាំមុនៗដូចជា ឆ្នាំ២០១៧កើនឡើង​៧% ចំណែកកាលពីឆ្នាំ២០១៦ការចំណាយបង្កើន៧,៦%។​

ចំណែក​របាយការណ៍របស់អាមេរិកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥​ដល់២០១៤ វៀតណាម​បានបង្កើនការចំណាយលើវិស័យយោធាចំនួន​៤០០ភាគរយ។​ នៅប៉ុន្មានឆ្នាំចុងក្រោយគឺវៀតណាម​ក៏បានបង្កើនសព្វាវុធរបស់ខ្លួនកាន់តែខ្លាំងដែរដូចជា ករណីលេចធ្លាយការទិញយន្តហោះចម្បាំងSU-30ពីប្រទេសរុស្ស៊ីជាដើម។​

តើអ្វីជាផលល្អ និងផលអាក្រក់ពីការបង្កើនសព្វាវុធនេះ?​

ចំណុចល្អ

អាចថា ពេលដែលប្រទេសនានាមានសព្វាវុធ ប្រហាក់ប្រហែលគ្នានោះ  នឹងអាចទប់ស្កាត់មិនឲ្យមានការឈ្លានពាន ឬ ទប់ស្កាត់ការផ្ទុះសង្គ្រាមឡើងព្រោះមានការខ្លាចរអាគ្នាទៅវិញទៅមក ហើយពួកគេជ្រើសរើសយកមធ្យោបាយចរចា។ ដូចជាករណីជម្លោះព្រំដែនគោករវាងចិន និងឥណ្ឌា ឡើងកម្តៅខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកជម្លោះនៅសមុទ្រចិនខាងត្បូងក៏មិនទាន់​អាចរកដំណោះស្រាយបានដែរ។ ការប្រឈមមុខដាក់គ្នារវាងជប៉ុន កូរ៉េខាងជើង ជប៉ុនជាមួយចិន កូរ៉េខាងជើង និងកូរ៉េខាងត្បូង ទោះហាក់ស្ងាប់ស្ងាត់បន្តិចតែភាគីទាំងនេះ ក៏នៅតែមិនអាចបញ្ចប់ជម្លោះបានដែរ។​

បញ្ហាប្រឈមមុខគ្នាហើយពួកគេរើសយកមធ្យោបាយចរចានេះ ក៏អាចដោយសារតែពួកគេខ្លាចរអាគ្នាទៅវិញទៅមក។​

ចំណុចអាក្រក់

ភាពមិនទុកចិត្តគ្នាចេះតែកើនឡើង ហើយការរត់ប្រណាំសព្វាវុធកាន់តែខ្លាំងក្លា។ ដូចករណីមេដឹកនាំចិន​លោក ស៊ី ជីនពីង ដែលកែប្រែរដ្ឋធម្មនុញ្ញកាន់អំណាចមិនកំណត់ពេលនោះ កំពុងមានមហិច្ឆតា បង្ក្រាបក្រុមប្រឆាំងនៅក្នុងប្រទេស និងវាយយកដែនដីតៃវ៉ាន់គ្រប់គ្រងវិញ ចំណែកតៃវ៉ាន់ដែលមានការគាំទ្រពីអាមេរិក និងប្រទេសលោកសេរីផ្សេងទៀត ក៏បានប្រកាសថា ខ្លួនត្រៀមទប់ទល់ជាមួយចិនគ្រប់ពេលបើមានការឈ្លានពាន។​

សរុបមកបើតុល្យភាពអំណាចនៅក្នុងតំបន់មិនប្រែប្រួលខ្លាំងទេ សង្គ្រាមនៅតែមិនមែនជាជម្រើសនៅក្នុងតំបន់នោះទេ។​

រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក​បានជំរុញលើកទឹកចិត្ត ឲ្យវៀតណាមទិញអាវុធរបស់ខ្លួន ប្រើចម្រុះគ្នាជាមួយអាវុធដែលវៀតណាមទិញពីប្រទេសរុស្ស៊ី។​

ភាគច្រើនលើសលប់យន្តហោះចម្បាំង និង នាវាមុជទឹក រួមទាំងអាវុធផ្សេងៗទៀតគឺវៀតណាមទិញពីប្រទេសរុស្ស៊ី។​

ក្នុងដំណើរទស្សនកិច្ចទៅវៀតណាម​នៅដើមខែកុម្ភៈនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក​លោក Jim Mattis  លើកឡើងថា អាមេរិកអាចផ្តត់ផ្គង់អាវុធឲ្យវៀតណាម​ដូចរុស្ស៊ីដែរ ហើយថា វៀតណាមទិញអាវុធពីអាមេរិក​ទី១ អាវុធមានគុណភាពទី២ អាមេរិកក្នុងភាពជាដៃគូជួយពង្រឹងសមត្ថភាពនយោធាឲ្យកាន់តែខ្លាំង។​ នេះបើតាមVNexpess។​

របាយការណ៍របស់អាមេរិកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥​ដល់២០១៤ វៀតណាម​បានបង្កើនការចំណាយលើវិស័យយោធាចំនួន​៤០០ភាគរយ។​

កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានដកបម្រាមការលក់អាវុធចេញពីប្រទេសវៀតណាម​ ធ្វើឲ្យប្រទេសទាំងពីរអាចទិញលក់អាវុធបានធម្មតាវិញ។​

ក្នុងដំណើរទស្សនកិច្ចរបស់លោក ដូណាល ត្រាំ កាលពីចុងឆ្នាំ២០១៧នៅតំបន់អាស៊ី លោកត្រាំ ក៏បានជំរុញឲ្យវៀតណាមទិញអាវុធមីស៊ីលរបស់ខ្លួនទុកប្រើប្រាស់ដែរ។ ប៉ុន្តែទាំងការជំរុញរបស់ប្រធានាធិបតី និង រដ្ឋមន្ត្រីការពារជាតិអាមេរិក​ គឺមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយដោយថា រង់ចាំការពិចារណាសិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ