សមាគមគ្រូបង្រៀនស្នើក្រសួងពិនិត្យ​ការលុបឈ្មោះបុគ្គលិក​អប់រំឡើងវិញ

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន កាលពីកន្លងទៅ​

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំ​ឲ្យមានជំនួប​​រវាង​សមាគមនេះ​ជាមួយរដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​និងកីឡា​ដើម្បី​​ស្វែងរក​ដំណោះស្រាយ​ចំពោះការ​លុបឈ្មោះ​បុគ្គលិក​អប់រំ​ចេញពីក្របខណ្ឌក្រសួងនេះ។​

យោងតាមលិខិតរបស់សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ ចេញនៅ​ថ្ងៃពុធ ទី២៥ ខែ​មេសានេះ ដាក់ជូនរដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​និងកីឡា លោក ហង់ ជួនណារ៉ុន​បាន​បញ្ជាក់ថា ថ្នាក់​ដឹកនាំ​របស់សមាគម​៣នាក់ និង​បុគ្គលិក​អប់រំ​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​៦នាក់​ ស្នើសុំ​ជួប​ជាមួយនឹង​លោក ហង់ ជួន​ណារ៉ុន​ រដ្ឋ​មន្រ្តីក្រសួង​អប់រំ​យុវជន​ និងកីឡានៅ​ថ្ងៃទី២ ខែ​ឧសភា​​ ឆ្នាំ២០១៨។

លិខិត​ដដែល​បញ្ជាក់​ថា​ សមាគម​គ្រោង​នឹង​ស្វែងរក​ការ​ពន្យល់​បន្ថែមទៀត​ ​ពីក្រសួងអប់រំ​ជុំវិញការ​លុប​ឈ្មោះនេះ ដោយ​សមាគមនេះអះអាង​ថា​ ការ​ពន្យល់​របស់​ក្រសួងអប់រំ​តាម​រយៈ​សារព័ត៌មាន គឺ​ខុស​ពីការ​យល់ឃើញ​របស់សមាគម។

ទីប្រឹក្សា​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោករ៉ុង ឈុន បកស្រាយថាគ្រូបង្រៀនក្នុងក្របខណ្ឌចំនួន១៣នាក់ ដែលបង្រៀននៅកម្រិត និងខេត្តផ្សេងៗគ្នាត្រូវបានក្រសួងលុបឈ្មោះចេញដោយមិនបានប្រាប់ពីហេតុផលច្បាស់លាស់។​ លោកពន្យល់ថាបើតាមនីតិវិធី មុននឹងលុបឈ្មោះបុគ្គលិកក្រោមឧវាទណាមួយ ក្រសួងត្រូវតែកោះហៅបុគ្គលិកទាំងនោះទៅសាកសួរថាចង់បន្តការងារ ឬបោះបង់ការងារចោលជាមុនសិន។

លោករ៉ុង ឈុនមានប្រសាសន៍ថា៖ «ក្រសួងអះអាងថាគ្រូបង្រៀនទាំងអស់ហ្នឹងអវត្តមាន មិនបានទៅបម្រើការងារ តែខាងសមាគមយល់ឃើញថាការអះអាង ការចោទប្រកាន់របស់ក្រសួងអប់រំហ្នឹងវាខុសពីការពិត ពីព្រោះគ្រូបង្រៀនគាត់ទើបតែដាក់ពាក្យសុំចូលបម្រើការងារនៅអង្គភាពដើមវិញ បែជាក្រសួងអប់រំចោទប្រកាន់ថាគ្រូបង្រៀនអវត្តមាន។»

VODព្យាយាមទាក់ទងទៅរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន​ ព្រមទាំងអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីនផងដែរ តែពុំមានការឆ្លើយតប។

បើ​តាមលោក រ៉ុង ឈុន អ្នក​ដែល​ត្រូវបានលុបឈ្មោះទាំង១៣ ព្រមទាំងរូបលោកផងដែរ ធ្លាប់ជាសមាជិកគណកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ