សង្គមស៊ីវិលបារម្ភថាការអនុវត្តច្បាប់ពន្ធដាតឹងរ៉ឹងចំពោះតែអង្គការមិនមាននិន្នាការគាំទ្ររដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ប្រភព៖ Fresh News)

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងថាការអនុវត្តច្បាប់ពន្ធដាអាចធ្វើឡើងយ៉ាងតឹងរ៉ឹងចំពោះតែសមាគម និង អង្គការមិនមែន​រដ្ឋាភិបាលដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល។

ការលើកឡើងបែបនេះធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសដាស់តឿនឲ្យសមាគម និង អង្គការ មិនមែនរដ្ឋាភិបាលទាំងអស់នៅកម្ពុជាឲ្យអនុវត្តកាតព្វកិច្ចពន្ធឲ្យមានប្រសិទ្ធិភាព។ យោងតាមប្រកាសដែលចុះហត្ថលេខាដោយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​កាលពីថ្ងៃទិ១២​ខែមេសាកន្លងមកនេះ បង្ហាញថា គ្រប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវមានមានកាតព្វកិច្ចបង់ពន្ធលើប្រាក់​ចំណូលរបស់ខ្លួនជាចាំបាច់។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ លោក​អំ សំអាត ទទួលស្គាល់ថានេះជាកាតព្វកិច្ចរបស់សមាគមនិង​អង្គការ មិន​មែន​រដ្ឋាភិបាលដែលត្រួវបង់ពន្ធចូលរដ្ឋតាមច្បាប់ដែលកំណត់ជាធរមាន។ ប៉ុន្តែលោក យល់ថាការក្រើនរំលឹកក៏ដូច​ជា​ការចាប់បង្ខំតាមផ្លូវច្បាប់ឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបង់ពន្ធទើបតែធ្វើឡើងយ៉ាងផុសផុលនាពេលនេះតែ​ប៉ុណ្ណោះ ពោលគឺស្របពេលដែលស្ថានភាពនយោបាយ​កម្ពុជាកំពុងមានភាពតានតឹងខ្លាំង។

លោក​អំ សំអាតក៏កត់សម្គាល់ទៀតថាការអនុវត្តច្បាប់នេះភាគច្រើនសំដៅលើអង្គការសង្គមស៊ីវិលដែលមិន​មាន​និន្នាការ​​ខាង​រដ្ឋាភិបាល។

លោកលើកឡើងយ៉ាងដូច្នេះថា៖«បើតាមដែលខ្ញុំសង្កេតកន្លងមក យើងឃើញកន្លងមកវាមានបញ្ហា ភាគ​ច្រើនតែទៅលើអង្គការដែលធ្វើការមាននិន្នាការឯករាជ្យហ្នឹងគឺជួបបញ្ហាច្រើន។ ប៉ុន្តែអ្នកដែលទាក់ទងទៅខាងគាំ ទ្ររដ្ឋា​ភិបាលអីហ្នឹងដូចជាមិនសូវ។ ប៉ុន្តែយើងមិនដឹងថាគេបង់ពន្ធឬក៏យ៉ាងក៏ម៉េចទេ ប៉ុន្តែដូចជាអត់សូវមានបញ្ហាដូចជា​អ្នក​ឯករាជ្យទេ។»

នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោកសឿង សារឿន ​យល់ឃើញថាការជម្រុញ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអនុវត្តកាតព្វកិច្ចពន្ធនាពេលនេះ ជាទំនោរ មួយ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ពន្ធដារបស់រដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះលោក ក៏​​បារម្ភផងដែរពី​ការអនុវត្ត ច្បាប់នេះទៅលើអង្គការសង្គមស៊ីវិលមួយចំនួន។ លោកបាន​លើកឡើង​យ៉ាងនេះថា ៖« ហើយក៏យើងព្រួយបារម្ភមួយ ចំនួនដែរ។ ការអនុវត្តច្បាប់ខ្លះ វាអាច​ជាការរឹត​បណ្តឹងទៅដល់អង្គការសង្គមស៊ីវិល​ណាដែលមានលក្ខណៈរិះគន់ និងធ្វើ ការងារដែល ឃ្លាំមើលការអនុវត្ត​គោល​នយោបាយរបស់រដ្ឋាភិបាល​។»

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកមាស សុខសេនសាន មានប្រសាសន៍ថាការអនុវត្តលើកាតព្វកិច្ច​ពន្ធ​នេះ​ធ្វើ​ឡើងដោយ​ស្មើ​ភាព​។ លោក លើកយកករណីការអនុវត្តកាតព្វកិច្ចពន្ធរបស់កាសែតខេមបូឌាដេលី និងកាសែត​ភ្នំពេញ​ប៉ុស្តិ៍មកបញ្ជាក់បន្ថែមលើបញ្ហានេះ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖«ដេលី រកឃើញថាបានជំពាក់ពន្ធ។ ហើយភ្នំពេញប៉ុស្តិ៍គាត់ បំពេញកាតព្វ​កិច្ចពន្ធ។ ចុះយើងគ្មានទៅធ្វើអីគាត់។ ហើយពីរនាក់ហ្នឹងសរសេរដូចគ្នាតើ មានអីខុសគ្នាណា។ មែនអត់?»

យោងតាម​ប្រកាសរបស់ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបញ្ជាក់​ថា ក្រៅពីពន្ធលើប្រាក់ចំណូលសមាគម និង អង្គការមិន មែនរដ្ឋាភិបាលត្រូវបំពេញកាតព្វកិច្ច​បង់ពន្ធ និងអាករដទៃទៀតស្របតាមច្បាប់និងបទបញ្ញត្តិស្ដីពីពន្ធដា។ សមាគម និង  អង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ក៏ត្រូវបំពេញតួនាទីជាភ្នាក់ងារកាត់ទុក​ពន្ធដែលជាបៀវត្សរបស់បុគ្គលិក និងបង់ ប្រាក់ពន្ធដែលបង់នោះជូនរដ្ឋបាលសារពើពន្ធ។

ទោះជាយ៉ាងណាតាមប្រកាសដែលមាន១១ប្រការខាងលើនេះ ឲ្យដឹងថា​សម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលមាន គោលដៅសុទ្ធសាធ​ខាងសាសនា សប្បុរសធម៌ វិទ្យសាស្រ្តអក្សរសាស្រ្តឬអប់រំហើយគ្មានចំណែកណាមួយនៃប្រាក់ ចំណូលរបស់ខ្លួនត្រូវបានប្រើប្រាស់​ជាផលប្រយោជន៍ឯកជន ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល។ ករណីនេះ ក៏ត្រូវអនុវត្តដូចគ្នាចំពោះសមាគមណាមួយដែល​ប្រាក់ចំណូលរបស់សមាគមទាំងនោះមិនត្រូវបានជាផលប្រយោជន៍ ឯកជនរបស់អ្នកចូលហ៊ុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ