របាយការណ៍៖​ កម្ពុជាចម្លងតាមប្រទេសកុម្មុយនីស្ដចិនក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) រិះគន់ថា កម្ពុជាកំពុងយកលំនាំតាមប្រទេសកុម្មុយនីស្ដចិន ក្នុងការគ្រប់គ្រង និងបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ខណៈ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានគេវាយតម្លៃថា កាន់តែអាក្រក់ជាងមុននៅឆ្នាំ២០១៨នេះ។

ក្នុងរបាយការណ៍ស្ដីពី «សន្ទស្សន៍សេរីភាពសារព័ត៌មានលើពិភពលោកឆ្នាំ២០១៨» ចេញផ្សាយនៅថ្ងៃនេះ អ្នករាយការណ៍គ្មានព្រំដែន បានទម្លាក់ចំណាត់ថ្នាក់របស់កម្ពុជា មកលេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០លើពិភពលោក​ ពោលគឺធ្លាក់ចុះដល់ទៅ១០លេខ បើធៀបនឹងចំណាត់ថ្នាក់ទី១៣២ កាលពីឆ្នាំ២០១៧។​

បើប្រៀបជាមួយនឹងប្រទេសក្នុងតំបន់ កម្ពុជា មានសេរីភាពសារព័ត៌មានល្អប្រសើរជាងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ ហើយល្អជាងប្រទេសប្រកាន់របបកុម្មុយនីស្ដបីទៀត គឺចិន ឡាវ និងវៀតណាម។ ប៉ុន្ដែ កម្ពុជា ទទួលបានចំណាត់ថ្នាក់អន់ជាងប្រទេសដទៃទៀតក្នុងតំបន់ ដូចជា ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី។

បើតាមរបាយការណ៍ អង្គការ Reporters without Borders រិះគន់ថា កម្ពុជាហាក់កំពុងទទួលរងឥទ្ធិពលពីប្រទេសចិន និងបានបើកការបង្ក្រាបយ៉ាងចាស់ដៃលើប្រព័ន្ធផ្សព្វផ្សាយ ដូចជា ការផ្អាកដំណើរកាសែតភាសាអង់គ្លេស ដឹ ខេមបូឌា ដេលី ការបិទស្ថានីយវិទ្យុផ្សាយចំនួន៣០ និងការចោទប្រកាន់គ្មានមូលដ្ឋានលើអ្នកសារព័ត៌មានមួយចំនួន។

អង្គការ Reporters without Borders ពន្យល់ថា ការរិតត្បិតលើសេរីសារព័ត៌មានបានកើតឡើងខ្លាំង បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧ ត្រូវបានបញ្ចប់ ដោយកាលនោះ អតីតគណបក្សប្រឆាំង ទទួលបានសំឡេងគាំទ្រជិតពាក់កណ្ដាលប្រទេស។ ករណីនេះ អ្នកសារព័ត៌មានគ្មានព្រំដែនយល់ថា កម្ពុជាកំពុងយកលំនាំគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រទេសកុម្មុយនីស្ដចិន។

បើតាមរបាយការណ៍ដដែល កាលពីឆ្នាំ២០១៧ អ្នករាយការណ៍គ្មានពំ្រដែន បានចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា​ ថា កាន់តែអាក្រក់ទៅ ដោយវាយតម្លៃថា កម្ពុជាជាប់ចំណាត់ថ្នាក់១៣២ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក ពោលគឺធ្លាក់ចុះ៤លេខ ពីចំណាត់ថ្នាក់ទី១២៨ កាលពីឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ