រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យអន្តរជាតិចូលរួមសង្កេតបោះឆ្នោត

ក្រសួងការបរទេសកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិនានាលើពិភព លោកចូលរួមសង្កេតការណ៍បោះឆ្នោតនាពេលខាងមុខនេះ ដោយថា ដើម្បីធានាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។

ក្នុងលិខិតចុះថ្ងៃ២៤ឧសភាឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ខ្លួនបានអញ្ជើញ ស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ និងក្រុមនយោបាយសកលមកពីបណ្តាប្រទេស អាស៊ីចំនួន៥៣ឲ្យបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

ក្រសួងបរទេសកម្ពុជាថា រយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ លទ្ធិប្រជាធិបេតេយ្យនៅ កម្ពុជាមានភាពរស់រវើក និងរឹងមាំឡើង ហើយថា ការចូលរួមរបស់សហគមន៍អន្តរជាតិទាំង នោះក្នុងដំណើរការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ នឹងកាន់តែផ្តល់ ទំនុកចិត្តបន្ថែមទៀតលើការបោះឆ្នោត និងលទ្ធិប្រជាធិបេតេយ្យនៅកម្ពុជា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមលើកទឹកចិត្តឲ្យបណ្តារដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិនានា ជុំវិញពិភពលោក បញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានាដើម្បីធានាថាការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ស្ថិតនៅក្នុងដែនកំណត់នៃរដ្ឋធម្មនុញ្ញកម្ពុជា»។

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស បានសាទរចំពោះ ការអំពាវនាវនេះ ដោយថា ការចូលរួមសង្កេតការណ៍ពីអន្តរជាតិច្រើនវាជាសាក្សីមួយ នឹងអាច ពិនិត្យឃើញមានភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតនោះ ហើយពួកគេនឹងធ្វើរបាយការណ៍ ឬផ្តល់អនុសាសន៍ដល់ គ.ជ.ប និងរដ្ឋាភិបាលដើម្បីការពិចារណាផងដែរ។

លោកបន្ថែមថា «កាលណាមានខាងអង្កការឬក៍ខាងអន្តរជាតិច្រើន ឬក៏ប្រទេសច្រើនចូលរួម សង្កេតការណ៍វាជាចំណុចមួយក្នុងការដឹងអំពីសភាពការ ឬអាចចូលរួមវាយតម្លៃទៅលើដំណើ ការណ៍នៃការបោះឆ្នោតពេលដែលពួកគាត់ដឹងហើយគាត់នឹងមានរបាយការណ៍ថាការបោះ ឆ្នោតហ្នឹងវាព្រប្រិត្តទៅបែបណា វាល្អឬ អាក្រក់ ហើយប្រទេសខ្លះគេមានបទពិសោធន៍គេអាច ឲ្យមតិយោបល់ដែលនេះជាមុនមាត់របស់រដ្ឋាភិបាលមួយដែរ ប៉ុន្តែមិនអ្នកចូលរួមនោះជាបញ្ហាវិញ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការបើកផ្លូវឲ្យអន្តរជាតិបានចូលសង្កេតការណ៍លើដំណើរការបោះឆ្នោតនេះគឺជារឿងល្អមួយដែលក្រសួងការបរទេសកម្ពុជាបានព្យាយាមបង្ហាញពីតម្លាភាពនៃការបោះឆ្នោត។

លោកថា វត្តមានរបស់អន្តរជាតិចូលរួមសង្កេតការណ៍បោះឆ្នោតអាចធ្វើឲ្យពលរដ្ឋជឿជាក់លើលទ្ធិផលនៃការបោះឆ្នោត។

លោកបន្ថែមថា «នេះជាកាយវិការវិជ្ជាមានមួយរបស់ក្រសួងការបរទេសដែលព្យាយាមមិនបិទ បាំងរឿងបោះឆ្នោត ខ្ញុំយល់ថា វត្តមាននៃអ្នកសង្កេតការណ៍បរទេសមកវានឹងអាចជួយធ្វើឲ្យ ពលរដ្ឋខ្មែរយើងមានជំនឿ និងទំនុកចិត្តទៅលើលទ្ធិផលបោះឆ្នោតដើម្បីជៀលវាងកុំឲ្យកើត មានបញ្ហាអីកើតដូចមុនទៀត ឬ ការសង្ស័យបន្លំគ្នាទៅវិញទៅមកនេះខ្ញុំគិតថាវាជាបំណងល្អមួយ។ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរគឺយើងមើលទៅមិនទាន់មានឃើញមានការផ្តាច់ជ្ញាចិត្តពីរដ្ឋាភិ បាលក្នុងការជួយឲ្យលទ្ធិប្រជាធិបតេយ្យ ដើរទៅតាមនិយមន័យនៃលទ្ធិប្រជាធិបតេយ្យនៅឡើយទេ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៥ឧសភានេះមានអ្នក សង្កេតការណ៍អន្តរជាតិចំនួន៩៤នាក់មកពី១៧ស្ថាប័ន និងអ្នកសង្កេតការណ៍ជាតិមានចំនួន ៥៦៨១៧ នាក់ ដែលចំនូននេះលោកថា លើសពីការបោះឆ្នោតលើកមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ