គ.ជ.ប អំពាវនាវទៅម្ចាស់សហគ្រាសជួយសម្រួលឲ្យកម្មករទៅ​បោះឆ្នោត

គ.ជ.ប

គ.ជ.ប បានអំពាវនាវទៅគ្រប់ម្ចាស់សហគ្រាស និងគ្រឹះស្ថានទូទំាងប្រទេស ជួយសម្រួលឲ្យនិយោជិត កម្មករ​-កម្ម​ការិនី បានធ្វើដំណើរទៅមក ​ដើម្បីបានទៅបោះឆ្នោតឃុំ សង្កាត់ នៅដើម​ខែ​​​មិថុនា​ ខណៈដែលការទាមទារឲ្យមានថ្ងៃឈប់សម្រាករបស់សហជីពការងារមិនត្រូវបានឆ្លើយតប។

ក្នុងសេចក្តីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី២៤ខែឧសភា មានខ្លឹមសារថា ដើម្បីឲ្យប្រជាពល​រដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប អំពាវនាវទៅម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទំាងអស់ក្នុងប្រទេសកម្ពុជា ជួយសម្រួល បង្កលក្ខណៈងាយស្រួល​និង​អនុញាត​ឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧​នេះ។

ករណីនេះ គ.ជ.ប សង្ឃឹមថា ម្ចាស់សហគ្រាសខាងលើនិងជួយសម្រួលឲ្យនិយោជិត កម្មករ-កម្មការិនី ទំាង​អស់​ បានទៅបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤មិថុនាខាងមុខ​នេះ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមលើខ្លឹមសារសេចក្តីអំពាវនាវនេះថា កាលពីពេលថ្មីៗ គជប បានបញ្ជូនអ្នកច្បាប់ទៅជួបមន្ត្រីក្រសួងការងារ ដើម្បីជជែកពីការផ្តល់ថ្ងៃឈប់​សម្រាក សម្រាប់និយោជិត កម្មករ-កម្មការិនី នៅថ្ងៃទី៣ និងថ្ងៃទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់ដែរ ប៉ុន្តែក្រសួងការងារមិនទាន់ឆ្លើយតប ទើប គ.ជ.ប ចេញសេចក្តីអំពាវនាវបែបនេះ។

លោកនិយាយថា «គ.ជ.ប បានបញ្ជូនអ្នកជំនាញច្បាប់ទៅពិគ្រោះជាមួយក្រសួង[ការងារ]រួចហើយ ហើយ​ខាង​ក្រសួងលោកជាប់រវល់អស់ហើយ ប៉ុន្តែលោកយោងទៅលើស្មារតីដើម មកជម្រាបខាង គ.ជ.ប វិញ ហើយស្មារតីដើមនេះ ខាងក្រសួងការងារ ការចុះឈ្មោះក៏អត់បានធ្វើសេចក្តីអំពាវនាវឬជូនដំណឹង​ សម្រាប់​បោះឆ្នោត ការងារហ្នឹងក៏អត់មានធ្វើជាសេចក្តីអំពាវនាវណាមួយដែរ គ.ជ.ប សម្រេចិត្ត​ធ្វើ​សេចក្តី​អំពាវ​នាវ​ដូចដែលបានឃើញ​»

VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃនេះ ដោយទូរសព្ទ​ចូលច្រើនដងមិនមានអ្នកទទួល។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ យល់ថា បើ គ.ជ.ប និងក្រសួងការងារមិនសហការគ្នាឲ្យមានថ្ងៃឈប់សម្រាកដល់កម្មករនៅថ្ងៃទី៣ និងទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតទេ លោកថា​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់ប្រយោជន៍កម្មករ និង​លទ្ធផលបោះឆ្នោតខាង​មុខ​។

លោកនិយាយថា «ជាការពិតរដ្ឋមន្ត្រីក្រសួងការងារ ដូចជា គ.ជ.ប គួរតែចេញលិខិតបញ្ជាក់​ឲ្យបាន​ច្បាស់​លាស់ទៅ ដើម្បីឲ្យខាងក្រុមហ៊ុនគេ អនុញាតច្បាប់ បើអត់បញ្ជាក់ឲ្យច្បាស់ទេ គឺមានបញ្ហាហើយ ខា​ង​ប្រយោជន៍កម្មតែម្តង ហើយអ្នកធ្វើការ ហើយ​ខាតប្រយោជន៍ទីពីរ អាចប៉ះពាល់ដល់លទ្ធ​ផលនៃ​ការបោះឆ្នោត»

កាលពីថ្ងៃទី៩ ឧសភា ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជាមួយក្រសួងការងារ​និ​ងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល​ចំនួនពីរថ្ងៃ​បន្ថែម​ទៀត គឺថ្ងៃទី៣និងទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា​ ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ