ក្រសួងពាក់ព័ន្ធចំនួន៣ បានចេញសេចក្តីប្រកាសរួមគ្នាបំភ្លឺថា ករណីស្លាប់ពលរដ្ឋ និងច្រើនរយនាក់ទៀតធ្លាក់ខ្លួនឈឺ នៅស្រុកចិត្របុរី ខេត្តក្រចេះ កន្លងទៅ បណ្តាលមកពីស្រាស មានជាតិមេតាណុលខ្ពស់ និងសារធាតុគីមីសម្លាប់សត្វល្អិត ដែលគេប្រើក្នុងវិស័យកសិកម្ម។
កាលពីថ្ងៃទី៧ខែឧសភាអ្នកភូមិ២៣៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងនោះ១៣នាក់បានស្លាប់។ក្រោយមករដ្ឋបាលខេត្តក្រចេះបានសន្និដ្ឋានថា មកពីស្រាសមានជាតិមេតាណុលខ្ពស់និងទឹកព្រែកទេរដែលពលរដ្ឋប្រើប្រាស់មានជាតិក្រូម។
តែរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្មលោក ចម ប្រសិទ្ធ នៅថ្ងៃ១៧ខែឧសភា ប្រាប់អ្នកសារព័ត៌មានថា ទឹកព្រែកទេរមានសារធាតុគីមីម្យ៉ាងឈ្មោះស្យានីដដែលសាធាតុពុលនេះគេប្រើសម្រាប់លាងរ៉ែមាស។
ប៉ុន្តែនៅម្សិលមិញនេះ លោក ចម ប្រសិទ្ធ បានចុះហត្ថលេខារួមគ្នា ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បំភ្លឺថា ករណីពុលនៅឃុំកន្ទួត ស្រុកចិត្តបុរីនេះ មកពីស្រាស និងសាធាតុគីំមីពុលសម្លាប់ស្មៅ និងសត្វល្អិត។
សេចក្ដីថ្លែងការរួមរវាង រដ្ឋមន្ត្រី៣ក្រសួង
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក អ៊ុំ សុថា ឲ្យVODដឹងថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ ដើម្បីជម្រះមន្ទិលសង្ស័យ ករណីពុលនៅខេត្តក្រចេះ។ លោកបន្តថានេះក៏មិនមានន័យថា លោក ចម ប្រសិទ្ធ និយាយកាលពីពេលមុនខុសនោះទេ ដោយលោកថា ការនិយាយនោះគ្រាន់តែជាការសង្ស័យជំហានដំបូងតែប៉ុណ្ណោះ។
លោកបន្ថែមទៀតថា៖«ធម្មតាតែយើងចុះទៅស្រាវជ្រាយ យើងត្រូវដាក់ការសន្និដ្ឋានមួយជាបណ្តោះអាសន្នសិន ថាតើអាហ្នឹងវាអាចមកពីអ្វី ប្រើពាក្យអាចតើ យើងមិនទាន់សន្មត់ជាចុងក្រោយឯណា»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បង្ហាញការព្រួយបារម្ភថា បើមន្ត្រីជំនាញវាយតម្លៃខុស ពលរដ្ឋនឹងបន្តរងគ្រោះគ្មានថ្ងៃបញ្ចប់ ពីការទាញយកធនធានធម្មជាតិនេះ។
លោកថា៖«អ្វីដែលយើងមើលឃើញថាជាផលប៉ះពាល់ហ្នឹងគឺប្រជាពលរដ្ឋកាលណាគ្មានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីស្ថាប័នជំនាញហ្នឹងទេ ធ្វើឲ្យពួកគាត់រស់នៅដោយការភ័យខ្លាចរហូត»។
យ៉ាងណាក៏ដោយ ក្រសួងទាំងបីបានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមនោះថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល នឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ៕