«ទឺត ទឺត ទឺត» គឺជាសំឡេងបង្ហាញការមកដល់របស់រថយន្តក្រុងពណ៌ខៀវធំមួយ នៅលើដងផ្លូវម៉ៅសេទុង ដែលជាមហាវិថីសម្រាប់រថយន្តក្រុងខ្សែទី២ រត់ជារៀងរាល់ថ្ងៃ។ អ្នករង់ចាំនៅចំណតទាំងឡាយនាំគ្នាប្រញាប់ប្រញាល់ក្រោកឈរឡើង ត្រៀមខ្លួនឡើងលើរថយន្តទាំងអស់គ្នា នៅពេលដែលសំឡេង «ងឺត ងឺត» ក៏បន្ទរឡើង បង្ហាញថាទ្វាររថយន្តបានបើកហើយ សម្រាប់ឲ្យអ្នកដំណើរឡើងជិះ។
ភ្លាមៗ បន្ទាប់ពីឡើងដល់លើរថយន្ត ភ្ញៀវម្នាក់ៗ ក៏រួសរាន់ដើរស្វែងរកកៅអីទំនេរអង្គុយ មុនពេលដែររថយន្តចាប់ផ្តើមធ្វើដំណើរបន្តទៅមុខទៀត។ សំឡេងគ្រលួចដូចសារិការបស់អ្នកយកប្រាក់លើរថឈ្នួល បានបន្លឺឡើង សុំថ្លៃឈ្នួលពីអ្នកជិះរាល់គ្នាដែលទើបនឹងឡើង។ តម្លៃឈ្នួលសេវាសាធារណៈមួយនេះថ្លៃ ១ ៥០០៛ សម្រាប់មនុស្សម្នាក់ៗ ពេលឡើងជិះម្តងៗ។ ដោយឡែក សម្រាប់មនុស្សចាស់ អាយុ៦០ឆ្នាំឡើងទៅ រួមទាំង ព្រះសង្ឃ និងសិស្សនិស្សិត ថ្លៃឈ្នួលទាំងនេះ ត្រូវបានលើកលែង។
នៅលើរថយន្ត ដែលបរិយាកាសរាងត្រជាក់បន្តិច អ្នកជិះ មានប្រមាណជិត២០នាក់ មានគ្រប់វ័យ ទាំងចាស់ទាំងក្មេង ប្រុសស្រី។ ខណៈរថយន្តក្រុង កំពុងរត់ទៅមុខរហូតនោះ អ្នកដំណើរខ្លះក៏អង្គុយធ្មឹងតែម្នាក់ឯង ហើយអ្នកដំណើរខ្លះទៀតក៏ជជែកគ្នាពីនេះពីនោះមិនដាច់ឡើយ។ ក្រុមអ្នកធ្វើដំណើរទាំងនោះ បានអះអាងប្រហាក់ប្រហែលគ្នាថា ការធ្វើដំណើរតាមរថយន្តក្រុងមានភាពងាយស្រួល ធ្វើឲ្យគេមានអារម្មណ៍ថា មានសុវត្ថិភាព និងមិនខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ ពិសេសគឺជួយសន្សំសំចៃថវិកា។
កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានទទួលរថយន្តក្រុងថ្មីចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងពីចិន ហើយជំនួយនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងកាត់បន្ថយការកកស្ទះចរាចរណ៍។ រថយន្តថ្មីទាំងនេះ នឹងត្រូវយកមកប្រើជំនួសរថយន្តចាស់ ដោយទុកឱកាសឲ្យរថយន្តចាស់ទទួលបានការជួសជុលឡើងវិញ។
ទាក់ទងនឹងជំនួយជារថយន្តក្រុងថ្មីពីមិត្តចិន ចំនួន១០០គ្រឿងនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា សាលាក្រុងគ្រោងនឹងបន្ថែមសេវាខ្សែរថ ចំនួន៣ខ្សែទៀត តែពុំទាន់មានការបញ្ជាក់ច្បាស់ពីពេលវេលា។ លោកបន្ថែមថា ដោយសារសព្វថ្ងៃនេះ ប្រជាពលរដ្ឋហាក់មានទម្លាប់ជិះរថយន្តក្រុងខ្លះៗហើយ ការបន្ថែមខ្សែរថ្មី នឹងកាន់តែបន្តឲ្យប្រជាជនប្រើប្រាស់បានដោយងាយស្រូលជាបន្តទៀត។
លោកថា៖ «បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន បានផ្លាស់ប្តូរឥរិយាបថហើយ ចឹងរថយន្តថ្មីនេះ វាគ្រាន់តែជាកត្តាជម្រុញឲ្យបងប្អូនកាន់តែគាំទ្រលើសេវាសាធារណៈនេះទេ។ […] កាត់បន្ថយការចំណាយទៅលើការដឹកជញ្ជូន ការធ្វើដំណើរ ហើយចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍»។
កំពុងអង្គុយលើរថយន្តក្រុង មើលទៅទឹកមុខហាក់អណ្តែតអណ្តូងគិតពីរឿងអ្វីមួយ អ្នកស្រី សុខ លរ អាយុជាង៣០ឆ្នាំប្លាយ ប្រាប់ថាសប្បាយចិត្ត នៅពេលបានដឹងថា រថយន្តក្រុងថ្មី ១០០គ្រឿង នឹងមកធ្វើការជំនួសនិងបន្ថែមលើចំនួនរថយន្តសព្វថ្ងៃ។ លោកស្រីថា ពេលមានរថយន្តបន្ថែម សេវាដឹកជញ្ជូនសាធារណៈ នឹងអាចប្រសើរជាងមុន លឿនជាងមុន នឹងមិនសូវមានកកស្ទះទៀតផង។
លោកស្រីថា៖ «ហ្នឹងហើយ គឺជួយសន្សំសំចៃថវិកា ជិះឡានក្រុងអស់តែ ១ ៥០០៛។ […] វាមានសុវត្ថិភាព អត់ភ័យខ្លាច មានគ្រោះថ្នាក់ចរាចរណ៍ទេ។ ឥឡូវទៅមកទាន់ពេលរហូត ព្រោះឡានមានច្រើនដែរ តែបើបានបន្ថែមមកកាន់តែល្អ មិនសូវស្ទះ និង ផ្តល់ភាពងាយស្រួលដល់ប្រជាជនយើងផង។ […] បើជិះឡានក្រុងទាំងអស់គ្នា ចរាចរណ៍ក៏អត់ស្ទះ ថវិកា ក៏អាចជួយសន្សំសំចៃច្រើន ហើយក៏មិនសូវមានផ្សែងច្រើនទៀត»។
ដោយអង្គុយមិនឆ្ងាយពីអ្នកស្រី សុខ លរ ក្នុងវ័យ៧៧ឆ្នាំ លោកតា សុន សុផល ក៏ជាពលរដ្ឋម្នាក់ ដែលចូលចិត្តធ្វើដំណើរតាមរថយន្តក្រុងដែរ។ លោកតា សុផល បានមានប្រសាសន៍ថា លោកតែងតែចាំជិះរថយន្តក្រុងរហូត ដោយសារតែគាត់មិនសូវមានការប្រញាប់ទើបគាត់ចាំជិះឡានក្រុង ព្រោះវាមានសុវត្ថិភាពជាង។
លោកថា៖ «វាអាចយឺតត្រង់ថា ការធ្វើដំណើរតាមផ្លូវថ្នល់ មានការកកស្ទះ វាយូរឡានក្រុង ហើយកាលណាតាមផ្លូវហ្នឹងវាកកស្ទះ ដោយកន្លែងអីហ្នឹង វាយូរដែរ។ បើមិនសូវប្រញាប់ទេ ជិះឡានហ្នឹងទៅ តែបើប្រញាប់ក៏ជិះម៉ូតូឌុបអីអញ្ជឹងទៅ។ […] ជិះឡានក្រុង វាទូលាយ ហើយមានសុវត្ថិភាពដែរ។ […] ផ្លូវសំខាន់ៗនៅក្រុងភ្នំពេញនឹងវាមានច្រើន ហើយបើបានឡានថ្មីមកក៏វាស្រួលដល់ប្រជាជនយើង ឡានរត់បានច្រើនផ្លូវ មិនពិបាកឲ្យប្រជាជនចាំយូរដែរ»។
ក្រឡេកមក អ្នកស្រី លុយ អ៊ីន អ្នករស់នៅខណ្ឌដូនពេញ ដែលអង្គុយកៅអីដាច់ដោយឡែកនៅក្នុងរថយន្តក្រុងនោះដែរ ប្រាប់ថា ពេញចិត្តក្នុងការប្រើប្រាស់រថយន្តក្រុងជាមធ្យោបាយធ្វើដំណើរ ព្រោះវាជួយសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការចំណាយ។
អ្នកស្រីថា៖ «កាត់បន្ថយស្ទះចរាចរណ៍ ហើយនឹងកាត់បន្ថយលុយកាក់បស់យើងដែរ និងសុវត្ថិភាពទៀត ជាពិសេសចរាចរណ៍ ខ្ញុំផ្តោតធ្ងន់ទៅលើចរាចរណ៍ បើកាលណាម្នាក់ៗជិះតាម៉ូតូគ្រប់គ្នា នឹង ចរាចរណ៍ស្រុកខ្មែរយើង វាកាន់តែចង្អៀតទៅៗ ខ្ញុំបន់ឲ្យតែមានឡានក្រុងរហូតទៅដល់ថ្ងៃអនាគតទៅ និងមានឡានបន្តថែមទៀត ដើម្បីកុំឲ្យប្រជាជនចាំយូរពេក»។
ទាក់ទងនឹងដំណឹងរថយន្តក្រុងថ្មី១០០គ្រឿង ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ អ្នកដំណើរលើរថយន្តក្រុងមួយនេះ មានមតិប្រហាក់ប្រហែលគ្នាថា វាគឺជាដំណឹងល្អ ព្រោះរថយន្តទាំងនោះនឹងអាចកាត់បន្ថយចរាចរណ៍ច្រើននៅក្នុងទីក្រុង ផ្តល់ភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ មិនឲ្យពួកគាត់រងចាំយូរ ជាពិសេសបង្កើនសុវត្ថិភាពគាត់ទៀតផង។
ចំពោះ អ្នកបើករថយន្តក្រុងខ្សែទី២ លោក សេង បូរ៉ា បានលើកឡើងថា ទោះបីជាមានរថយន្តមកថែម ការកកស្ទះចរាចរណ៍នៅតែរឿងមួយមិនអាចប៉ាន់ស្មានទុក។
លោកថា៖ «នៅពេលមានឡានថ្មីមកជំនួសឡានចាស់ចឹងវាល្អ ពីព្រោះថាឡានថ្មី យ៉ាងណាថ្មីក៏ស្រួលជាងចាស់ដែរ កាលណាគេឲ្យយកអាចាស់ទៅជួសជុលចឹង ហើយយកអាថ្មីប្រើចឹង យើងបានយកឡានអាចាស់ទៅធ្វើឲ្យល្អៗអស់ទៅ ភ្ញៀវក៏សប្បាយចិត្ត ហើយអ្នកបើកក៏សប្បាយចិត្ត ដោយសារអត់មានឡានខូចតាមផ្លូវចឹងហ្អាស់»។
របាយការណ៍ឲ្យដឹងថា នៅភ្នំពេញ ចំនួនរថយន្តនិងម៉ូតូ មានប្រមាណជាង ៣.២លានគ្រឿង បូករួមជាមួយតាក់ស៊ីនិងត្រីចក្រយាន ធ្វើដំណើរលើដងផ្លូវជារៀងរាល់ថ្ងៃ ស្របពេលបញ្ហាការកកស្ទះចរាចរណ៍ បានក្លាយជា បញ្ហាពិបាកដោះស្រាយ។ ការប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ គឺជាដំណោះស្រាយមួយ ដើម្បីកាត់បន្ថយចំនួនយានយន្ត និង ការកកស្ទះតាមដងផ្លូវនៅប្រទេសកម្ពុជា ដែលត្រូវបានណែនាំឲ្យប្រើប្រាស់ដោយអ្នកជំនាញ ជាលើកដំបូងនៅឆ្នាំ២០០១ ហើយនឹងម្តងទៀតនៅឆ្នាំ២០១៤។
សព្វថ្ងៃនេះ សេវារថយន្តក្រុងបាននិងកំពុងតែបម្រើសេវាឲ្យប្រជាជនក្រុងចំនួនពី ១៦០០ ទៅ ១៧០០នាក់ក្នុងមួយថ្ងៃ។ រថយន្តក្រុងសាធារណៈ ដែលបានបម្រើការដល់ប្រជាពលរដ្ឋរាល់ថ្ងៃមានចំនួន ៥៧គ្រឿងដែលរត់លើខ្សែរថក្នុងក្រុងចំនួន ៣ខ្សែ ដែលខ្សែទី១ ពី បឹងឈូក ទៅ គីឡូលេខ៩ ខ្សែទី២ ពី ផ្សាររាត្រី ទៅ តាខ្មៅ និង ខ្សែទី៣ ពី ផ្សាររាត្រី ទៅ បុរីសន្តិភាព២។
ក្រៅពីជំនួយរថយន្តពីមហាមិត្តចិននៅពេលនេះ កម្ពុជា ក៏ទទួលជំនួយរថយន្តក្រុងប្រមាណ១៨០គ្រឿងបន្ថែមពី រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ JICA។ បើតាមអ្នកនាំពាក្យ សាលារាជធានី គ្រោងនឹងពង្រឹកសេវាដឹកជញ្ជូនសារធាណៈនេះរហូតដល់១០ខ្សែនៅរាជធានីភ្នំពេញ៕
រាយការណ៍បន្ថែមដោយកញ្ញា ថាញ់ ចន្ទសុធារី