គណបក្សសង្គ្រោះជាតិ សម្រេចដករូបចាប់ដៃគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ចេញពីស្លាកគណបក្ស ដោយថា ដើម្បីគេចចេញពីការចោទប្រកាន់ នៅពេលដែលច្បាប់ស្តីពីគណបក្សនយោបាយថ្មី នឹងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
នៅពេលថ្មីនេះ សមាជិករដ្ឋសភា និងព្រឹទ្ធិសភា ដែលមកពីគណបក្សប្រជាជន បានអនុម័តយល់ព្រមទៅលើច្បាប់ស្តីពីបក្សនយោបាយដែលលោក ហ៊ុន សែន បានស្នើឲ្យធ្វើវិសោធនកម្មជាលើកទីពីរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំសមាជិកនៅរសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ នេះថា គណបក្សបានសម្រេចដករូបចាប់ដៃគ្នារវាង លោក កឹម សុខា និង លោក សម រង្ស៊ី ដោយជំនួសមកវិញដោយពាក្យស្លោកថា «រួមគ្នាសង្គ្រោះជាតិយើង» វិញ ឲ្យបានត្រឹមថ្ងៃទី៣០ខែកញ្ញាខាងមុខ ដោយឡែក រូបសញ្ញាព្រះអាទិត្យ គឺគណបក្សទុកនៅដដែល។
លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា ការឈប់ប្រើប្រាស់រូបចាប់ដៃគ្នានៃមេដឹកនាំកំពូលទាំងពីរនេះ គឺដើម្បីបញ្ចៀសពីការចោទប្រកាន់ណាមួយ តាមអំណាចច្បាប់ស្តីពីគណបក្សនយោបាយ ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែការណ៍កាលពីថ្ងៃទី១០កក្កដា គណបក្សប្រឆាំង បានហៅវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២នេះ ថា មានចរិកនយោបាយ គាបសង្កត់សិទ្ធិបុគ្គល និងគណបក្សនយោបាយ ធ្វើឲ្យខ្មែរបែកបាក់គ្នា ហើយថាច្បាប់នេះ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដែលធានាដោយរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែតំណារាស្ត្រគណបក្សប្រជាជន បានការពារថា ច្បាប់នេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ ពង្រឹងនីតិរដ្ឋ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ៕