គណបក្សសង្រ្គោះជាតិស្នើឲ្យរដ្ឋាភិបាលទប់ស្កាត់វៀតណាមខុសច្បាប់ចុះឈ្មោះបោះឆ្នោត

គណបក្សសង្រ្គោះជាតិស្នើឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានវិធានការទប់ស្កាត់កុំឲ្យជនអន្តោប្រវេស៍ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់យកទៅប្រើប្រាស់ដើម្បីចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។

ការស្នើនេះស្របពេលដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញរបាយការណ៍ថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជាមានចំនួនប្រមាណជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ គឺ៩៩.៤៩ភាគរយ។

នៅក្នុងលិខិតចុះថ្ងៃទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលបានដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង គណបក្សសង្រ្គោះជាតិបានយោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលបានបង្ហាញថា មានជនអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា ភាគច្រើនពួកគេកំពុងប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី។

លិខិតបញ្ជាក់ថា៖ “ឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនអន្តោប្រវេសន៍កំពុងប្រើប្រាស់នេះ ប្រសិនបើអាជ្ញារធរមានសមត្ថកិច្ច មិនចាត់វិធានការទាន់ពេលវេលាទេ ជនអន្តោប្រវេសន៍ទាំងនោះ និងយកឯកសារមិនប្រក្រតីទៅប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត

លិខិតឲ្យដឹងទៀតថា ដើម្បីចាត់វិធានការចំពោះជនអន្តោប្រវេសន៍ទាំងអស់នេះ គណបក្សសង្គ្រោះជាតិនឹងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងការបង្ហាញជនអន្តោប្រវេសន៍ដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក  ខៀវ សុភ័គ សុំមិនធ្វើអត្ថាធិប្បាយលម្អិតលើសំណើរបស់គណបក្សសង្គ្រោះជាតិ លោកអះអាងថាលិខិតនោះខុសបែបបទរដ្ឋបាល ដោយលោកជំរុញឲ្យដាក់លិខិតនេះតាមរយៈរដ្ឋសភា។

លោកមានប្រសាសន៍ថា៖ “គណបក្សសង្គ្រោះជាតិគ្រាន់តែជាគណបក្សមួយជាប់ឆ្នោតសំឡេងភាគតិចក្នុងសភាអញ្ចឹងចង់ធ្វើអី ធ្វើតាមរយៈសភាហ្នឹងទៅ សភាគេមក សភាគេចេះធ្វើការហើយ មិនមែនគណបក្សសង្គ្រោះជាតិឲ្យក្រសួងមហាផ្ទៃរាយការណ៍ទៅណា“។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថាក្រសួងមហាផ្ទៃ គួរតែបង្ហាញព័ត៌មាននេះឲ្យប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធបានដឹងជាសាធារណៈ ព្រោះរឿងទាំងអស់នេះមិនមានអ្វីសម្ងាត់ ដែលត្រូវចាំបាច់លាក់បាំងនោះទេ។

លោកមានប្រសាសន៍ថា៖ “មិនបាច់គេសុំច្រើនទេដាក់ចូលក្នុងស្ថាប័ន ព្រោះអីយើងអាលូវប្រព័ន្ធបច្ចេកវិទ្យាទំនើប នេះជារឿងសំខាន់ មិនបាច់ចាំឲ្យគេទៅសុំច្រើនទេ ព្រោះអាឯកសារអស់ហ្នឹងមានរឿងអីត្រូវសម្ងាត់ទេ ព្រោះវាអស់អត់មានអីពាក់ព័ន្ធទេ។ ម្យ៉ាងវិញទៀត វាអាចបង្ហាញពីការប្រឹងប្រែងរបស់អាជ្ញាធរផងថាបានធ្វើការងារដល់ប៉ុននេះៗ នេះជារឿងសំខាន់ ហើយរឿងការគ្រប់គ្រងជនអន្តោប្រវេសន៍ រឿងព័ត៌មានជនអន្តោប្រវេសន៍នេះ ហាក់មិនត្រូវមានអ្វីត្រូវលាក់បាំងទេ នៅស្រុកគេក៏គេមានការបង្ហាញអញ្ចឹងដែល។ បង្ហាញទៅ មានហានិភ័យយ៉ាងម៉េចនោះ គឺវាមិនអាចមានទេ”។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦  អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានមានប្រសាសន៍ថាជនជាតិវៀតណាមជាង៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ហើយឯកសារមិនប្រក្រតីទាំងអស់នោះគឺចេញដោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

ឯកសារដែលជនអន្តោប្រវេសន៍បានកាន់កាប់នោះមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត។

ទោះជាយ៉ាងណា លោក សុខ ផល ស្នើឲ្យក្រសួងមហាផ្ទៃបញ្ជូនពួកគេទៅស្រុកកំណើតវិញនិងធ្វើការទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីទាំងនោះទៅចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ