ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានបង្ហាញរបាយការណ៍ថា ការនាំចេញអង្ករទៅក្រៅប្រទេសក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៦នេះ បានថយចុះចំនួន៧៦០០តោន បើធៀបទៅនឹងឆ្នាំ២០១៥។
នៅក្នុងរបាយការណ៍ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែលវីអូឌីទើបទទួលបានឲ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៥ កម្ពុជានាំអង្ករចេញបាន៣៦៩ ១០៥តោន ប៉ុន្តែរយៈពេល៩ខែក្នុងឆ្នាំ២០១៦នេះ កម្ពុជាបាននាំអង្ករទៅក្រៅប្រទេសបានជាង៣៦១ ៥០៥តោន ដែលចំនួនមានការថយចុះ៧៦០០តោន។ យ៉ាងណាក៏ដោយនៅក្នុងរបាយការណ៍មិនបានបង្ហាញមូលហេតុការថយចុះនៃនាំអង្ករទៅក្រៅប្រទេសនេះទេ។
ទាក់ទងការនាំអង្ករចេញនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់គោលដៅថា ចាប់ឆ្នាំ២០១៥ទៅកម្ពុជានឹងនាំអង្ករទៅសហគមន៍អន្តរជាតិឲ្យបាន១លានតោនក្នុងមួយឆ្នាំ ប៉ុន្តែគោលដៅនេះត្រូវបានបរាជ័យ ខណៈដែលឆ្នាំ២០១៥កម្ពុជានាំអង្ករចេញបានតែ៥៣ម៉ឺនតោនតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១៨ ខែកញ្ញា កសិករនៅស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាចាក់ស្រូវបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ។ បន្ទាប់ពីមានប្រជាពលរដ្ឋតវ៉ា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាតម្លៃស្រូវធ្លាក់ថ្លៃ ដោយសារបញ្ហាទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ខណៈដែលលោកថាផលិតផលស្រូវឆ្នាំនេះមានការកើនឡើងខ្ពស់ បើធៀបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន លោកបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការដោះស្រាយបញ្ហានេះ៕