សមត្ថកិច្ចខេត្តរតនគិរី​ថាមិនទាន់មានតម្រុយ​ឃាតកដែលរំលោភសម្លាប់ជនជាតិទំ​ពួន

អាជ្ញាធរខេត្តរតនគិរី បានអះអាងថា ពួកគេមិនទាន់​​ស្រាវជ្រាវរកមុខឃាតក ដែលរំលោភហើយសម្លាប់ យុវតីជន​ជាតិ​ទំពួនម្នាក់ ដែលសកម្មនិងការងារតស៊ូមតិក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច កាលពីថ្ងៃទី២២ខែតុលា នៅឡើយ ដោយថា សំណុំរឿង​នេះ ​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ។

ជនរងគ្រោះ កញ្ញា កេល ស្រីលាប ដែលជាជនជាតិទំពួន បានធ្វើការងារស្ម័គ្រចិត្តផ្នែក ការងារ​តស៊ូ​មតិ​លើក​​កម្ពស់សិទ្ធិជនជាតិដើមភាគតិចនៅតាមសហគមន៍។ ស្ថាប័នដែលធ្វើការជាមួយ អ្នកស្ម័គ្រ​ចិត្ត​នៅ សមាគម​យុវជន​ជនជាតិដើមភាគតិច​កម្ពុជា និងជាពលរដ្ឋអ្នកសារព័ត៌របស់មជ្ឈ​​​មណ្ឌល​​កម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រចំាខេត្តរតនគិរីជាដើម​។

ស្នង​ការរង ទទួលផែនព្រហ្មទណ្ឌ លោក ផែន ឌីណា បានប្រាប់ VOD នៅថ្ងៃទី២៥ខែតុលានេះថា សមត្ថកិ​ច្ច​មិនទាន់កំណត់មុខ​សញ្ញាឃាតក ដែលរំលោភនិងសម្លាប់ យុវតីជនជាតិទំពួន នៅក្នុងចម្ការ​ដំឡូង​មីមួយ​កន្លែង ស្ថិតនៅចំណុចក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាល​ពីថ្ងៃ​ទី២២​ខែតុលា​ នៅឡើយ។ យ៉ាងណាក៏ដោយ លោកថា សមត្ថកិច្ចកំពុងចុះស្រាវជ្រាវសំណុំរឿង​នេះ ដោយថា ដើ​ម្បី​ចាប់​ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់។

លោកនិយាយថា «យើង​កំពុងធ្វើការស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់​លើរឿង​[រំលោភសម្លាប់]ហ្នឹង ការស្រាវ​ជ្រាវវា​មិន​អាច​ថាកំណត់ត្រូវ​ឆាប់ ឬមួយយូរ​បានទេ ជួនកាលឆាប់ ជួនកាលយូរទៅ​»

មន្ត្រី​សម្រប​សម្រួល នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឡេង សេងហាន មានប្រសាសន៍ថា បើជនរងគ្រោះពិតជាស្លាប់ ដោយសាររំលោភនិងសម្លាប់មែន លោកថា នេះ​ ជា​បទល្មើស​ឃាតកម្មគិតទុកជាមុន ហើយអ្នកប្រព្រឹត្តប្រឈម និងជាប់ពន្ធគារអស់មួយជីវិត។

លោក ស្នើទៅសមត្ថកិច្ចពន្លឿនស៊ើបអង្កេត ករណីនេះ ដោយចាប់ជនល្មើស មក​ផ្តន្ទាទោស ដោយថា ដើ​ម្បីផ្ត​ល់​យុត្តិធ​​ម៌ឲ្យក្រុមគ្រួសារ​ជនរងគ្រោះ នឹងកុំឲ្យមាននិទណ្ឌភាពនៅកម្ពុជា​។

លោកនិយាយថា «ខ្ញុំសំណូមពរ ដល់អាជ្ញាធរធ្វើយ៉ាងណា តាមចាប់ជនល្មើស វែក​មុខជន​ល្មើស​មកផ្តន្ទាទោស​ឲ្យខានតែបាន កុំឲ្យវាមាននិទណ្ឌភាពកើតឡើង!​ ខ្ញុំជឿថា បើអាជ្ញាធរគាត់​មានឆន្ទៈ ពិត​ជនល្មើសមិនរួច​ខ្លួនទេ ហើយមួយទៀត​ខាង​រដ្ឋ​ ឬក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​គួរតែចុះអប់រំ ផ្សព្វផ្សាយ យើង​ធ្វើ​ម៉េច​​ឲ្យគោលនយោបាយ​របស់រដ្ឋាភិបាល ភូមិ ឃុំមានសុវត្ថិភាព ឲ្យវាមានសុវត្ថិភាពទៅតាម​គោល​ការណ៍ហ្នឹងឲ្យពិតប្រាកដ​ កុំឲ្យតែវាមានតែក្នុងក្រដាស​​»

មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ មានខ្លឹមសារថា បទល្មើសឃាតកម្មគិតទុកជាមុន គឺជាគម្រោងបង្កើតឡើង មុន​អំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ បទល្មើសនេះ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធគារ​អស់​មួយ​ជីវិត​។

ប្រភពសារព័ត៌មានក្នុង​ស្រុក ដែល​បានដកស្រង់សម្តីមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលា​ម៉ោង១១ថ្ងៃត្រង់ អង្គការ​មីឌីវ័ន្ត ​បានរៀបចំ​កម្មវិធី​មួយ ដែលមាន​ឈ្មោះថា «​ធម្ម​ជាតិ​​របស់​អ្នក» ហើយ​បាន​អ​ញ្ចើ​ញ​នារី​រងគ្រោះ​ មក​រាំ​របាំ​ជនជាតិ​ទំពួន​ដល់​ម៉ោង១២ថ្ងៃត្រង់។ ​បើតាមមិត្តភក្តិ បន្ទាប់ពីចប់កម្មវិធី ​នារី​រងគ្រោះ បាននៅ​ហូបបាយ​រួមគ្នា ​ជាមួយ​មិត្តភក្តិ​ជាច្រើន​ទៀត រហូត​ដល់​​ម៉ោង៣រសៀល ទើប​បែក​គ្នា​អស់ ប៉ុន្តែ​​មិត្តភក្តិរបស់នាង បញ្ជាក់ថា ​មិនដឹង​នារី​រងគ្រោះ​ទៅណា​ទៀត​​ទេ ទើប​មកដល់​ថ្ងៃទី២២ថ្ងៃ ដដែល មាន​ការភ្ញាក់ផ្អើលថា នារី​រងគ្រោះ​ត្រូវបាន​ គេ​រំលោភ​សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ