រុស្ស៊ី​ពង្រាយ​មីស៊ីល​លើ​កោះ​មាន​ជម្លោះ ខណៈ​ជប៉ុន​ថា​ជា​រឿង «គួរ​ឲ្យ​សោក​ស្ដាយ»

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ (Reuters)

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃនេះ បានថ្លែងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីនៅលើបណ្ដាកោះនៅសមុទ្រប៉ាស៊ីហ្វិចភាគខាងលិច គឺជារឿង «គួរឲ្យសោកស្ដាយ»។ បណ្ដាកោះទាំងនោះ ក៏ទីក្រុងតូក្យូអះអាងជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក អាបេ ថ្លែងដូច្នេះ មិនដល់មួយខែផង មុននឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន គ្រោងធ្វើដំណើរបំពេញទស្សនកិច្ចនៅជប៉ុន សម្រាប់កិច្ចចរាចរនានា ក្នុងបំណងរកច្រកចេញជុំវិញជម្លោះដែនដីរាប់ទសវត្សរ៍មកហើយនោះ។ ក្រុងមូស្គូ បាននិយាយហើយថា ខ្លួនសង្ឃឹមថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ នឹងមិនធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះនោះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងមកថា ប្រព័ន្ធមីស៊ីលប្រឆាំងនាវា សព្វថ្ងៃ កំពុងដំណើរការនៅលើបណ្ដាកោះទាំងឡាយ ជាផ្នែកមួយនៃជួរកោះនៅមហាសមុទ្រប៉ាស៊ីហ្វិច ជាទីដែលរុស្ស៊ី និងជប៉ុនដណ្ដើមគ្នាអស់រយៈពេល ៧០ឆ្នាំមកហើយ។

ជម្លោះជុំវិញប្រជុំកោះទាំងនោះ ដែលរុស្ស៊ីហៅថា កោះគូរីលខាងត្បូង ហើយជប៉ុនហៅថា ដែនដីខាងជើងនោះ បានធ្វើឲ្យក្រុងតូក្យូ និងមូស្គូ មិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី ២ជាផ្លូវការនោះឡើយ។

លោក អាបេ ដែលបានកែលម្អទំនាក់ទំនងជាមួយក្រុងមូស្គូ ឲ្យមានតុល្យភាពនៅចំពោះមុខកំណើនឥទ្ធិពលចិននោះ សង្ឃឹមថា ការទាក់ទាញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច នឹងជួយទម្លុះទម្លាយភាពទាល់ច្រក នៅពេលលោកជួបជាមួយលោក ពូទីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ