ថ្ងៃ​បុណ្យ Thankgiving ពលរដ្ឋ​អាមេរិកសម្រុក​ទិញ​ទំនិញ​តាម​អនឡាញ

ការចំណាយលើការទិញទំនិញតាមអនឡាញរបស់ពលរដ្ឋអាមេរិក បានហក់ឡើងលើសពី ១ពាន់លានដុល្លារនៅល្ងាចនៃថ្ងៃបុណ្យ Thankgiving ពោលគឺបានកើនឡើងជិត ១៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន និងឆ្លុះបញ្ចាំងឲ្យឃើញនិន្នាការកាន់តែធំឡើងរបស់មនុស្សងាកចេញពីការដើរផ្សារ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់តួលេខពី Adobe Digital Index។

នៅថ្ងៃដំបូងនៃរដូវឈប់សម្រាកចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិកកាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងមកនេះ អតិថិជនអាមេរិក បានចំណាយប្រាក់ដល់ទៅ ១.១៥ពាន់លានដុល្លារ នៅថ្ងៃបុណ្យនេះ។

ជាទូទៅ ថ្ងៃបន្ទាប់ពីបុណ្យ Thankgiving ឬថ្ងៃ Black Friday គឺជាការចាប់ផ្ដើមរដូវឈប់សម្រាក និងដើរផ្សារនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនលក់រាយនៅទីនោះ បានលក់ទំនិញបញ្ចុះតម្លៃ និងប្រមូលបានប្រាក់ចំណេញយ៉ាងច្រើន។ ប៉ុន្តែ ទម្លាប់ដើរផ្សារបែបនេះ បានរួមតូចទៅវិញ នៅចំពោះមុខការរីកលូតលាស់នៃការលក់ទំនិញថោកៗនៅតាមអនឡាញពីសំណាក់ក្រុមហ៊ុនលក់រាយតាមអនឡាញ ក្នុងនោះមានទាំងក្រុមហ៊ុន Amazon.com Inc. ផងដែរ។

ហាងលក់នៅអាមេរិក កំពុងបើកទ្វារហាងនៅចំថ្ងៃបុណ្យ Thankgiving ដើម្បីទាក់ទាញអតិថិជននៅហាងដោយផ្ទាល់ ខណៈដែលក្រុមហ៊ុនលក់រាយតាមអនឡាញ បានបើកលក់បញ្ចុះតម្លៃប៉ុន្មានសប្ដាហ៍មកហើយ ជាមួយការប្រកួតប្រជែងខាងតម្លៃ។

សហព័ន្ធលក់រាយជាតិ ដែលរំពឹងកំណើនខ្ពស់នៃការលក់លើសពីឆ្នាំមុននោះ បានព្យាករថា ការលក់ទំនិញនៅថ្ងៃឈប់សម្រាក នឹងកើនឡើង ៣.៦ភាគរយនៅឆ្នាំនេះ ពោលគឺឡើងទៅដល់ ៦៥៥.៨ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ