បទយកការណ៍៖ កម្រងឯកសារស្តីពីដំណើរការចុះធ្វើបញ្ជីបោះឆ្នោតថ្មី

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កម្ពុជាបានប្រកាសថា អនុត្តតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ដំណើរការគោរពគោលការណ៍នេះ គណបក្សនយោបាយដែលអាចឡើងទៅកាន់អំណាចដឹកនាំប្រទេសបាន លុះណាតែគណបក្សនោះបានឈ្នះការបោះឆ្នោតជាតិឬហៅថាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលគេធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។

ការបោះឆ្នោតថ្នាក់ជាតិឬរើសមេដឹកនាំទៅគ្រប់គ្រងប្រទេសនេះ ច្បាប់តម្រូវឲ្យរដ្ឋាភិបាលរៀបចំឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមប្រកួតប្រជែងមានឱកាសធ្វើសកម្មភាពផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនស្មើៗគ្នាប្រាប់ទៅម្ចាស់ឆ្នោត។ ពោលគឺការប្រកួតប្រជែងដោយតម្លាភាព គ្មានការគំរាមកំហែងពីភាគីណាមួយ ធានាដល់ដំណើរការបោះឆ្នោតមួយ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ប៉ុន្តែការរៀបចំការបោះឆ្នោតនៅកម្ពុជាច្រើនអាណត្តិមកនេះ គេសង្កេតឃើញថា ជម្លោះនយោបាយនៅកម្ពុជាបានកកើតឡើងជាបន្តបន្ទាប់។

ជម្លោះនេះ គណបក្សដែលមិនបានឈ្នះការបោះឆ្នោត តែងតែចោទប្រកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា មិនបានរៀបចំធ្វើឲ្យដំណើរការបោះឆ្នោតនោះ ប្រព្រឹត្តិទៅមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ និងថាមន្ត្រីទាំងនោះ មានទំនោគាំទ្របក្សកាន់អំណាច ជាកត្តាជំរុញឲ្យលទ្ធផលបោះឆ្នោតមានភាពចម្រូងចម្រាស និងបង្កឲ្យមានជម្លោះនយោបាយកើតឡើងមិនចេះចប់ ក្រោយការបោះឆ្នោត។

ក៏ប៉ុន្តែ ការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ក្នុងទ្រង់ទ្រាយធំមួយកាលពីឆ្នាំ២០១៣ បានជំរុញឲ្យគណបក្សធំៗទាំងពីរ ដែលមានអាសនៈក្នុងសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នា រុះរើប្តូរក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប ថ្មី។

កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤នោះ បានសម្រេចធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមួយចំនួន ដើម្បីផ្តល់អំណាចឯករាជ្យដល់ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ និងបានសម្រេចលុបចោលបញ្ជីឈ្មោះបោះឆ្នោតចាស់ ព្រមព្រៀងគ្នាឲ្យ គ.ជ.ប ចុះធ្វើបញ្ជីបោះឆ្នោតថ្មី ធានាដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតនាពេលខាងមុខ។

ការចុះឈ្មោះបោះឆ្នោតថ្មីនេះ គ.ជ.ប ប្រកាសថា ត្រូវបើពេល៩០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ គ.ជ.ប រំពឹងទុកថា ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ជិត១០លាននាក់ (៩,៦៦៤,២១៦) ពួកគេអាចនឹងទៅចុះឈ្មោះបោះឆ្នោត។

ការអំពាវនាវពីព័ត៌មានបោះឆ្នោតរបស់អ្នកនយោបាយធំៗដែលមានអាសនៈក្នុងសភានៅថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោត មេដឹកនាំគណបក្សនយោបាយធំៗ ដូចជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។

នៅថ្ងៃទី១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោក អញ្ជើញពលរដ្ឋឲ្យទៅចុះឈ្មោះ។

ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏បានអំពាវនាវបន្ថែមទៀត នៅពេលដែលមេដឹកនាំរូបនោះ ទៅចុះឈ្មោះបោះឆ្នោតនៅខណ្ឌមួយក្នុងរាជធានីភ្នំពេញ។

លោកថា៖ «ខ្ញុំសុំយកឱកាសនេះ ដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះបីធ្លាប់បោះឆ្នោត៤ទៅ៥អាណត្តិហើយក៏ដោយ។ ក៏ប៉ុន្តែបញ្ជីបោះឆ្នោតមុន មិនត្រូវបានប្រើប្រាស់ទៀតទេ ដូច្នេះបើចង់ប្រើសិទ្ធិរបស់ខ្លួន គឺត្រូវតែអញ្ជើញមកចុះឈ្មោះបោះឆ្នោត»។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងបន្តស្នាក់នៅក្នុងទីស្កាក់ការ ដោយសារតែសម្ពាធនយោបាយនោះ ក៏បានផ្ញើសារនយោបាយទៅកាន់ព្រះសង្ឃ ប្រជាពលរដ្ឋ ពីព័ត៌មានចុះឈ្មោះបោះឆ្នោតនេះដែរ តាមរយៈវីដេអូឃ្លីបតាមបណ្តាញសង្គម។

លោកថា៖ «សូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមជំរាបសួរបងប្អូនខ្មែរជាទីស្នេហា។ ខ្ញុំព្រះករុណាខ្ញុំបាទ កឹម សុខា ជាអ្នកតំណាងរាស្ត្រនិងជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ។ […] សូមមេត្តានិមន្តនិងអញ្ជឹញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំព្រះករុណាសូមបញ្ជាក់ថា ការបោះឆ្នោតមានសារសំខាន់ណាស់ សម្រាប់ជោគវាសនា អនាគតខ្លួនយើងផ្ទាល់ និងសម្រាប់ប្រទេសជាតិយើង»។

ព័ត៌មានស្តីពីដំណើរការចុះឈ្នោះបោះឆ្នោតនេះ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធចុះផ្សព្វផ្សាយតាមការប្រកាសរបស់ គ.ជ.ប ផងដែរ។

វិធានការចុះផ្សព្វផ្សាយរបស់ គ.ជ.ប និងអង្គការសង្គមស៊ីវិលជុំវិញព័ត៌មានពីដំណើរការបោះឆ្នោត គ.ជ.ប ប្រកាសថា ក្នុងដំណើរការចុះធ្វើបញ្ជីបោះឆ្នោតថ្មីនេះ មន្ត្រីនៅថ្នាក់មូលដ្ឋានទាំង១៦៣៣ឃុំ-សង្កាត់ មាន៦ ១១៧នាក់ សម្រាប់អនុវត្តកិច្ចការចុះឈ្មោះបោះឆ្នោតនេះ ក្នុងនោះមានប្រធានក្រុមកិច្ចការចុះឈ្មោះ អនុប្រធាន ជំនួយការអនុប្រធាន និងការីកុំព្យូទ័រ។

ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ ធ្វើឡើងតាមបច្ចេកវិទ្យាទំនើប ដោយប្រើកុំព្យូទ័រ។ បច្ចេកវិទ្យាថ្មីទំនើបនេះ ត្រូវបានបញ្ជូនទិន្ន័យចំនួនអ្នកបានទៅចុះឈ្មោះបោះឆ្នោតរៀងរាល់ថ្ងៃមកកាន់ គ.ជ.ប តាមប្រព័ន្ធអ៊ិនធឺណិត។

គ.ជ.ប បញ្ជាក់ដែរថារយៈពេល៩០ថ្ងៃ នៃដំណើរការចុះឈ្មោះនេះ ២៥ថ្ងៃ មន្ត្រីចុះឈ្មោះដាក់ការិយាល័យនៅឃុំ-សង្កាត់។ ៤៥ថ្ងៃ ការិយាល័យចល័តទៅចុះនៅភូមិនានាក្នុងឃុំ-សង្កាត់ និងសល់២០ថ្ងៃទៀត ការិយាល័យចុះឈ្មោះត្រូវដាក់នៅឃុំ-សង្កាត់វិញ។

ក្នុងកិច្ចប្រជុំមួយនៅស្នាក់ការ គ.ជ.ប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រី គ.ជ.ប លោក ខន កែវមនោ អះអាងថាក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប បានបោះពុម្ភលិខិតជូនដំណឹងពីព័ត៌មានបោះឆ្នោតនេះ ជាង១០លានសន្លឹកចែកជូនប្រជាពលរដ្ឋជាង៩លាន៦សែននាក់ ដែលមានអាយុ១៨ឆ្នាំឡើងគ្រប់អាយុបោះឆ្នោត ដោយថាផ្សព្វផ្សាយតាមរយៈអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ។

ក្នុងកិច្ចប្រជុំមួយនៅស្នាក់ការកណ្តាល នាថ្ងៃទី១៤ ខែកញ្ញា មន្ត្រី គ.ជ.ប លោក ខន កែវមនោ អះអាងថា ក្រៅពីចែកលិខិតជូនដំណឹងជាង១០លានសន្លឹកដល់ពលរដ្ឋ គ.ជ.ប ក៏មានកម្មវិធីផ្សព្វផ្សាយមួយចំនួនទៀត ដែលលោកថាវិធានការនេះ អាចនឹងឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានយលដឹងពីកព័ត៌ចុះឈ្មោះបោះឆ្នោនេះ។

លោកថា៖ «គ.ជ.ប ក៏មានវិធានការផ្សព្វផ្សាយ ក៏បានចេញលិខិតជូនដំណឹង ខិតប័ណ្ណដែលបានបិទផ្សាយនៅតាមភូមិ អំពីការអញ្ជឹញគាត់ទៅចុះឈ្មោះហ្នឹងក៏មាន ហើយមានធ្វើ ស្ពតវីដេអូរឿងខ្លីៗ (ស្តីពីព័ត៌មានបោះឆ្នោត) ដែលចាក់ផ្សាយតាមវិទ្យុនិងទូរទស្សន៍ ក៏មានដែរបាទ ហើយមានផ្សព្ចផ្សាយតាមមេក្រូចល័តនៅតាមឃុំហ្នឹងក៏មានការចាក់ផ្សាយផងដែរ។ អញ្ចឹងអាវិធានការនេះ ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋគាត់អាចដឹងពីព៌ត័មានចុះឈ្មោះបោះឆ្នោតនេះហើយ បាទ!»។

ទាក់ទិននឹងអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ឯណោះវិញ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក៏បានបើកវគ្គបណ្តុះបណ្តាល ពីសំណាក់គ្រូបង្គោល បានបើវគ្គបង្រៀនរយៈពេលខ្លីៗ ដល់អ្នកសង្កេតការណ៍ដល់មន្ត្រីអង្គការនិងសកម្មជនគណបក្សនយោបាយ ព្រមទាំងបង្កើតជាវីដេអូខ្លី ស្តីពីព័ត៌មានបោះឆ្នោតនេះ តាមបណ្តាញសង្គមផងដែរ។

មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអង្កេត របស់ខុមហ្វ្រែល លោក កង សាវាង្ស ឲ្យវីអូឌីដឹងក្នុងវគ្គបណ្តុះបណ្តាលមួយកាលពីអំឡុងខែសីហាថា វគ្គបណ្តុះបណ្តាលនិងការបង្កើតវីដេអូខ្លីៗ ផ្សព្វផ្សាយតាមបណ្តាញសង្គមនេះ លោកថាជាការចូលរួមចំណែកក្នុងការជំរុញឲ្យព័ត៌មានពីដំណើរការចុះឈ្មោះបោះឆ្នោតបានដឹងទូលំទូលាយដល់ប្រជាពលរដ្ឋ។

លោកថា៖ «ដើម្បីឲ្យកិច្ចការងារហ្នឹងឆ្លើយតបទៅនឹងសហគមន៍ជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋ ខាងខុមហ្វ្រែលនឹងតួនាទីមួយគឺ ត្រូវចូលរួមជួយ ទោះបីមានស្ថាប័នផ្សេងៗចូលរួមក៏ដោយ ប៉ុន្តែខុមហ្វ្រែលនឹងត្រូវបង្កើនខ្លួនឯង ដើម្បីធានាថាព័ត៌មានពីការសង្កេតនិងដំណើរការហ្នឹងវាដល់កម្រិតណា ទោះបីមិនបានពេញក៏ដោយ ក៏បានចំនួន៣០ទៅ៤០ភាគរយ តាមលទ្ធភាពដែលយើងខំប្រឹង»។

ងាកទៅពលរដ្ឋវិញថា តើពួកគេបានដឹងពីដំណើរការចុះឈ្មោះបោះឆ្នោតនេះកម្រិតណា? ហើយបានទេថា មានមូលហេតុអ្វីបានជាគេតម្រូវឲ្យធ្វើបញ្ជីបោះឆ្នោតថ្មីបែបនេះ?

ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលអ្នកសារព័ត៌មានវីអូឌីបានចុះសម្ភាសន៍ ពួកគេភាគច្រើនឆ្លើយថា មិនបានដឹង ពីមូលហេតុនៃការចុះធ្វើបញ្ជីបោះឆ្នោតថ្មីនាពេលនេះទេ ហើយខ្លះទៀត ដែលគ្រប់អាយុបោះឆ្នោត និយាយថា ពួកគេបានទៅចុះឈ្មោះរួមហើយ ហើយខ្លះទៀតថា ពួកគេកំពុងត្រៀមទៅចុះឈ្មោះ បើមានឱកាស។

បុរសវ័យចំណាស់ម្នាក់ នៅមិនឆ្ងាយពីទីរួមខេត្តពោធិ៍សាត់ លោក ឈុន លាង និយាយថា លោកបានទៅចុះឈ្មោះហើយ តែលោកមិនបានដឹងថា អាជ្ញាធរមិនបានប្រាប់ពីមូលហេតុនៃការតម្រូវឲ្យមានបញ្ជីបោះឆ្នោតថ្មីទេ។

លោកថា៖ «វាដូចជាអត់មានបញ្ហាអីវែងឆ្ងាយផង គ្រាន់តែចុះឈ្មោះហើយចេញមកវិញមក»។

ស្ត្រីម្នាក់ទៀត ឈ្មោះ ជិត លីន នៅខេត្តពោធិ៍សាត់ដូចគ្នាដែរ អះអាងប្រហាក់ប្រហែលថា រូបគេមិនបានដឹងពីមូលហេតុនៃការចុះធ្វើបញ្ជីបោះឆ្នោតថ្មីនេះទេ ប៉ុន្តែស្ត្រីរូបនោះថាបានចុះឈ្មោះរួចហើយ រួមទាំងក្រុមគ្រួសារផង ដោយសារផ្ទះពួកគេនៅជិតសាលាឃុំ។

ស្ត្រីរូបនោះថា៖ «អត់ដែលដឹងអីផង ឃើញតែគេមកចុះឈ្មោះចុះអីផង។ អត់មានប្រាប់អីផងគ្រាន់តែប្រាប់ឲ្យទៅចុះឈ្មោះ»។

ស្ត្រីម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យនិយាយប្រហាកប្រហែលដែរថា អ៊ុំមេឃុំបានដាក់មេក្រូប្រកាស ភ្លាម [ពួកខ្ញុំ ]នាំគ្នាចុះឈ្មោះភ្លាមហ្នឹង។ នៅពេលសួថា មូលហេតុអីបានគេធ្វើបញ្ជីបោះឆ្នោតថ្មី ស្ត្រីរូបនោះឆ្លើយថា៖ «ខ្ញុំឮថាថ្មីទាំងអស់ ប៉ុន្តែមិនដឹងថា កម្មវិធីគេថ្មីស្អីខ្លះទេណាស់»។

ងាកទៅមើលពលរដ្ឋមួយចំនួននៅខេត្តកំពុងធំឯណោះវិញ ពួកគេនិយាយថា បានដឹងពីព័ត៌មានចុះឈ្មោះបោះឆ្នោតនេះ តាមរយៈអាជ្ញាធរមូលដ្ឋាន ប៉ុន្តែមិនបានដឹងពីមូលហេតុ ដែលរដ្ឋាភិបាលតម្រូវឲ្យពួកគេទៅចុះធ្វើបញ្ជីបោះឆ្នោតថ្មីនេះទេ។

មានចម្ងាយប្រមាណជា៩០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ លោក ស្រ៊ី គឹម ស្រាន់ អាយុជាង៦០ឆ្នាំ រស់នៅឃុំក្រយា ឃុំសន្ទុក និយាយថា អ្នកភូមិនៅតំបន់នោះ មួយចំនួនបានទៅចុះឈ្មោះហើយ តែមួយចំនួនទៀតមិនទាន់បានទៅចុះឈ្មោះនៅឡើយ ដោយថា ពួកគេជាប់រវល់ធ្វើការរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោកថា៖ «សព្វថ្ងៃបើអ្នកដឹងឮទៅ គេទៅចុះឈ្មោះបោះឆ្នោតទៅ អ្នកគ្នារវល់ធ្វើការទៅ មិនសូវដឹងមិនសូវឮអី គ្នាមិនទាន់បានចុះទេ។ ណាមួយគ្នាមិនសូវចេះផង ឮថាភូមិឃុំប្រាប់ ប៉ុន្មានដងហើយ ដោយសារគ្នាវារវល់កូនចៅច្រើន ចាស់ជរាអីអញ្ជឹងទៅ ក្មេងអីវាមិនសូវដឹងមិនសូវឮ»។

បើតាមលោក ស៊ី្រ គឹមស្រាន់ អ្នកភូមិរួមទាំងរូបលោកផង មិនបានដឹងពីមូលហេតុដែលរដ្ឋាភិបាល តម្រូវឲ្យចុះឈ្មោះបោះឆ្នោតឡើងវិញទេ។

ស្រីវ័យចំណាស់ម្នាក់ទៀត ឈ្មោះ មាន មុំ រស់នៅភូមិសែនសេរី ឃុំក្រយា ឃុំសន្ទុក បានផ្តល់បទសម្ភាសខ្លីជាមួយអ្នកយកព័ត៌មានវីអូឌី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ដូចនេះថា៖ «មកដល់ថ្ងៃហ្នឹង អត់ទាន់បានទៅចុះឈ្មោះបោះឆ្នោតទេ […] អញ្ចឹងអត់ដឹងថា ជ្រើសរើសឃុំសង្កាត់ហ្នឹងដើម្បីអីទេ? ដូចខ្ញុំនិយាយអញ្ជឹងថា ទៅតែស៊ីឈ្នូលគេនៅក្នុងព្រៃអញ្ចឹង មិនសូវបានស្តាប់រេដ្យូ(radio)ក៏គ្មានស្អីក៏គ្មានអញ្ចឹង ខ្ញុំអត់សូវដឹងទេ។ ប៉ុន្តែបើ[មេ]ឃុំថាទៅចុះឈ្មោះបោះឆ្នោត ខ្ញុំទៅ មានគេឯងទៅ យើងសម្រាកមួយថ្ងៃឬពីរថ្ងៃទៅ តាមអ្នកស្រុកអ្នកភូមិនឹងទៅ ទៅ។ ហើយបើថាឲ្យមានពេលនៅផ្ទះស្តាប់នោះ អត់មានពេលទេ»។

ប៉ុន្តែសម្រាប់អាជីករលក់ដូរវិញ ពួកគេហាក់ដឹងពីព័ត៌មាននៃដំណើរការចុះឈ្មោះបោះឆ្នោតនេះបានច្រើនជាង ពលរដ្ឋនៅតាមជនបទដាច់ស្រយាល ដោយពួកគេអះអាងថា ពួកគេបានឈ្លៀតពេលស្តាប់វិទ្យុនិងមើលទូរទស្សន៍ជាដើម។

អាជីវករម្នាក់នៅឃុំមានជ័យ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ លោក ចាន់ សុភ័ស្ត និយាយថា ដោយសារតែនៅតំបន់នោះអាចស្តាប់វិទ្យុ ច្រើនប៉ុស្តិ៍និងទូរទស្សន៍ផង បានគាត់ដឹងថា ការចុះធ្វើបញ្ជីបោះឆ្នោតថ្មី ដោយសារតែមានកិច្ចព្រមព្រៀងនយោបាយរបស់បក្សប្រឆាំងនិងបក្សកាន់អំណាច និងហាក់បានដឹងច្រើនពីព័ត៌មានចុះឈ្មោះបោះឆ្នោតនេះ។

លោកថា៖ «បើនិយាយពីការចុះឈ្មោះបោះឆ្នោត យើងដឹងតាមរយៈការផ្សព្វផ្សាយ ដូចជាវិទ្យុ ទូរទស្សន៍ និងមានការពន្យល់អប់រំពីមេភូមិនិងអាជ្ញាធរឃុំ។ ការចុះឈ្មោះបោះឆ្នោតវិញ ដំបូងគេដាក់ទៅតាំងនៅសាលាឃុំ បន្ទាប់មកដាក់នៅតាមភូមិ ហើយចុងបញ្ចប់ខ្ញុំមិនច្បាស់ដែរ ប្រហែលជាដាក់នៅសាលាឃុំវិញ»។

សម្រាប់ក្រុមនិស្សិត ដែលបានផ្តល់បទសម្ភាសវិញ មិនខុសនឹងអាជីវករលក់ដូរប៉ុន្មានដែរ ពួកគេហាក់បានដឹងពីមូលហេតុនៃការចុះធ្វើបញ្ជីបោះឆ្នោតថ្មីនិងព័ត៌មានពីដំណើរការចុះឈ្មោះបោះឆ្នោតនេះ។

និស្សិតនៅសកលវិទ្យាល័យធនធានមនុស្ស ដែលអ្នកយកព័ត៌មានវីអូឌីបានចុះសម្ភាសន៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ពួកគេ៥នាក់ ៣នាក់ឆ្លើយថាបានចុះឈ្មោះបោះឆ្នោតហើយ តែ២នាក់ទៀតឆ្លើយថាមិនទាន់បានទៅចុះឈ្មោះនៅឡើយ។

ពួកគេហាក់បានដឹងច្រើនពីដំណើរការចុះឈ្មោះបោះឆ្នោតនេះដោយថា មូលហេតុនៃកាចុះធ្វើបញ្ជីបោះឆ្នោតថ្មី ជាឆន្ទៈនយោបាយផងនិងថាជាការជំរុញពីម្ចាស់ជំនួយផង ដែលពួកគេថាក្នុងបំណងជំរុញឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា។

និស្សិតដដែលដែលមានឈ្មោះ ច្រៀង សុផាណុង អាយុ២០ ជានិស្សិតឆ្នាំទី៣ផ្នែកភាសាអង់គ្លេស និងយុវជន មាស ម៉េងលី អាយុ២០ ឆ្នាំទី៣ផ្នែកភាសាអង់គ្លេសដូចគ្នាឲ្យដឹងដែរថា ការទៅចុះឈ្មោះបោះឆ្នោត អាចឲ្យពួកគេប្រើប្រាស់សិទ្ធិក្នុងការជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ត តាមបែបប្រជាធិបតេយ្យ។

និស្សិតរូបនោះថា៖ «ចាស! ខ្ញុំ អត់ទាន់បានទៅចុះឈ្មោះបោះឆ្នោតផង ព្រោះជាប់រវល់ការងារ» ។ នៅពេលសួរថា ហេតុអីបានជាគេតម្រូវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត? «ប្រជាធិបតេយ្យ គឺយកសិទ្ធិពលរដ្ឋជាធំ ត្រូវមានសិទ្ធិជ្រើសរើសដោយពួកយើង មានន័យថាយើងពេញចិត្តមេដឹកនាំណា យើងបោះឆ្នោតគាំទ្រអ្នកនោះ មិនមែនដូចប្រទេសកុម្មុយនីស្ត ចាប់ផ្តើមកើតឡើងដោយខ្លួនឯងទេ។ ខ្ញុំគិតថាការទៅចុះឈ្មោះបោះឆ្នោត គឺធ្វើឲ្យយើងមានសិទ្ធិជ្រើសរើសមេដឹកនាំណា ដែលយើងពេញចិត្ត ដើម្បីបានមកអភិវឌ្ឍប្រទេសយើង។ ខ្ញុំគិតថា ដោយសារតែប្រទេសយើងប្រកាន់លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋម្នាក់ៗគាត់មានគោលគំនិតខុសគ្នា អញ្ចឹងគាត់ត្រូវការមេដឹកនាំណាឬគណបក្សណាដែលគាត់ពេញចិត្ត។ អញ្ចឹងបើប្រទេសយើងបង្កើតឲ្យមានការបោះឆ្នោតនិងបង្កើតឲ្យពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ»។

មន្ត្រីនៅមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP) និងជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) លោក សេង ឫទ្ធី លើកឡើងក្នុងសន្និសីទកាលពីថ្ងៃទី២៦ ខែតុលាថា ការបញ្ជៀបព័ត៌មានពីដំណើរការបោះឆ្នោតនៅកម្ពុជារបស់ គ.ជ.ប លោកថា មិនទាន់បានទូលំទូលាយទេ។ លោកថា ពិសេសយុវជន ដែលធ្វើចំណាកស្រុក ពួកគេភាគច្រើនប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត។

លោកថា៖ «យើងឃើញថា យុវជនគាត់ទទួលបានព័ត៌មានហ្នឹងតិចតួច បាទ ហើយ គ.ជ.ប ហ្នឹង ក៏មិនបានធ្វើការផ្សព្វផ្សាយហ្នឹងឲ្យបានទូលំទូលាយ។ ជាពិសេសគេមើលឃើញថា សម្ភារផ្សព្វផ្សាយរបស់ គ.ជ.ប ហ្នឹងមានតិចណាស់ អត់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ មានតិចតួច មានបិទនៅត្រឹមសាលាឃុំ ផ្សាយមេក្រូនោះក៏ចាក់មិនបានច្រើន បើតាម គ.ជ.ប និយាយថា ទាក់ទងនឹងការចំណាយលុយ ម៉ារដូវចុះឈ្មោះដូចមានតែ៣ដងទេណាស់ តាមលុយ។ ប៉ុន្តែយុវជនយើងឃើញថា អាហ្នឹងជាបញ្ហា។ គួរតែបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ជាពិសេសសម្ភារផលិត ឯកសារផលិតត្រូវចែកឲ្យបានច្រើនដល់ថ្នាក់មូលដ្ឋាន អាហ្នឹងបានព័ត៌មានហ្នឹងវាដល់គាត់ បាទ អាហ្នឹងជាបញ្ហា»។

ទោះជាយ៉ាងណាមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណា បញ្ជាក់ថាតាមរយៈយន្តការចុះផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការចុះឈ្នោះបោះឆ្នោតនេះ ពលរដ្ឋយល់ដឹងបានប៉ុន្មានភាគរយពិតប្រាកដទេ។

ប៉ុន្តែនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យដឹងនៅចុងខែតុលាថា ថ្វីត្បិតតែអង្គការលោកមិនទាន់បានធ្វើការស្ទង់មតិពីការយល់ដឹងរបស់ពលរដ្ឋក៏ដោយ តែលោកថាព័ត៌មានស្តីពីការបោះឆ្នោតនេះ មិនត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយទេ។

បើតាមលោក គល់ បញ្ញា យុទ្ធនាការចុះផ្សព្វផ្សាយរបស់យុវជនស្ម័គ្រចិត្តរបស់គណបក្សសង្គ្រោះជាតិនិងសង្គមស៊ីវិលខ្លះ ត្រូវបានអាជ្ញាធរររាំង មាននៅខេត្តសៀមរាបនិងខេត្តបាត់ដំបងជាដើម។ លោកថាការខ្វះឆន្ទៈនយោបាយនេះ ជាការរាំងខ្ទប់ព័ត៌មាន និងអាចថាជាការមិនជំរុញលើកចិត្តដល់ពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត។

លោកថា៖ «រឿងព័ត៌មានមិនគ្រប់គ្រាន់ទេ វាត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋហ្នឹង យល់ដឹងពីសារសំខាន់ ចូលរួមនៃកិច្ចការបោះឆ្នោត។ អញ្ចឹងតួអង្គដែលសំខាន់ គឺអ្នកនយោបាយផងដែរ ដើម្បីជួយផ្សព្វផ្សាយ ជួយបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត មានសង្ឃឹមទៅលើនយោបាយ។ អ្នកយល់ដឹងខ្លះ ដឹងពីព័ត៌មានបោះឆ្នោតៗ ប៉ុិនទឹកចិត្តគាត់ដឹងទេ ជួនកាលគាត់ខកចិត្ត គាត់មិនសប្បាយចិត្ត គាត់អត់ចង់បោះ។ អញ្ចឹងតួនាទីរបស់គណបក្សសំខាន់ណាស់ អញ្ចឹងហើយបានយើងស្នើឲ្យ គ.ជ.ប និងអាជ្ញាធរ ត្រូវខិតខំធ្វើសកម្មភាពលើកទឹកចិត្តឲ្យពួកគេទៅឃោសនាឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ។ កុំយកលេសថា គណបក្សធ្វើសកម្មភាពអប់រំចុះឈ្មោះបោះឆ្នោតនៅពេលនេះថាជាការឃោសនា។ កាលណាយើងយល់ឃើញចង្អៀតអញ្ចឹង យើងប៉ះពាល់ការងារអប់រំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតហើយ»។

ករណីនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនា ដែលលោកគិតថា ជាមូលដ្ឋានសម្រាប់ គ.ជ.ប ក្នុងការកែលំអ ធ្វើយ៉ាងណាឲ្យដំណើរការចុះឈ្មោះបោះឆ្នោតនៅពេលនេះ មានប្រសិទ្ធភាព ធានាដល់ភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោតថ្មី។

បើតាមលោក ហង្ស ពុទ្ធា ពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត នឹងនៅតែមកចុះឈ្មោះបានគ្រប់ចំនួនដូចការព្យាករណ៍ទុករបស់ គ.ជ.ប បើទោះបីពេលនេះចំនួនអ្នកទៅចុះឈ្មោះបានធ្លាក់ចុះបន្តិចវិញក៏ដោយ។

ម្យាងវិញទៀត លោក ហង្ស ពុទ្ធា អះអាងថា ព័ត៌មានពីដំណើរការបោះឆ្នោតនេះ ក្រៅពីចែកលិខិតជូនដំណឹង ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងតាមរយៈអាជ្ញាធរមូលដ្ឋាន លោកថា គ.ជ.ប បានសហការជាមួយក្រសួងអប់រំ ចុះបណ្តុះបណ្តាលដល់និស្សិត នៅតាមគ្រឹះស្ថានអប់រំនានាទាំងរដ្ឋនិងឯកជន ឲ្យជួយផ្សព្វផ្សាយបន្តនិងតាមប្រព័ន្ធផ្ញើសារជាសំឡេង ដែលលោកថាកត្តាទាំងនេះ អាចបង្កើនការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋពីដំណើរការបោះឆ្នោតនេះ។

លោកថា៖ «ប្រជាពលរដ្ឋដែលមានទូរសព្ទ លោកអាចចុចទៅលេខ ១២ ៨៥ ទៅគឺសាររបស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតជាតិ សម្រាប់ទូរសព្ទ៣ក្រុមហ៊ុន គឺក្រុមហ៊ុន ០១២ ក្រុមហ៊ុនមិត្តហ្វូន ហើយនិងក្រុមហ៊ុនស្មាត គឺអាចទូរសព្ទទៅដោយឥតគិតថ្លៃ។ សួរនៅបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការបោះឆ្នោតបាន។ ដូចថា ចុចលេខ១ ដើម្បីដឹងពីអី ចុចលេខ២ដើម្បីដឹងពីអី បាទ នេះក៏ជាការជំរុញរបស់ គ.ជ.ប ផងដែរ។ ហើយជារៀងរាល់ព្រឹក គ.ជ.ប តែងតែបើកកិច្ចប្រជុំដោះស្រាយនូវរាល់បញ្ហាទាំងឡាយ។ អញ្ចឹងសរុបមកវិញ គ.ជ.ប សុំអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ទាំងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិ ហើយនិងអ្នកពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សូមជួយចូលរួមទាំងអស់គ្នា ដើម្បីជំរុញឲ្យមានបញ្ជីបោះឆ្នោតថ្មី ដែលអាចទទួលយកបានទាំងអស់គ្នា»។

យ៉ាងនេះក្តី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ច្បាប់បោះឆ្នោតនៅកម្ពុជា មិនបានបើកទូលាយនិងផ្តល់អំណាចពេញលេចដល់ គ.ជ.ប ធ្វើការដោយឯករាជ្យ សម្រាប់ធានាដល់ភាពត្រឹមត្រូវ ពីដំណើរការបោះឆ្នោត ដូចច្បាប់បោះឆ្នោតនៅបណ្តាប្រទេសមួយចំនួនដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទេ។ លោកថាមូលហេតុទាំងនេះ បណ្តាលមកពីឆន្ទៈនយោបាយនិងបង្កឲ្យពលរដ្ឋចំណាកស្រុកនិងជនជាប់ចោទខ្លះបាត់សិទ្ធិបោះឆ្នោត។

បើតាមលោក គល់ បញ្ញា ច្បាប់បោះឆ្នោតនៅបណ្តាប្រទេសមួយចំនួន គេអាចចុះឈ្មោះបោះឆ្នោតឲ្យពលរដ្ឋគេនៅក្រៅប្រទេសបាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចដែលកម្ពុជាកំពុងអនុវត្តបច្ចុប្បន្ននេះ។ ប៉ុន្តែលោកថា ច្បាប់នៅកម្ពុជា មិនបើកទូលាយ ធ្វើឲ្យពលករចំណាកស្រុកបាត់សិទ្ធិបោះឆ្នោត។

ម្យាងវិញទៀត លោក គល់ បញ្ញា បញ្ជាក់ថា ចំណែកច្បាប់នៅប្រទេសគេ អ្នកជាប់បណ្តឹងនៅតុលាការ លោកថា លុះណាតែជននោះក្លាយជាទណ្ឌិតឬអ្នកដែលមានសាលដីកាស្ថាពរ ទើបច្បាប់មិនអនុញ្ញាតិឲ្យបគ្គលនោះចុះឈ្មោះបោះឆ្នោតឬឈរជាបេក្ខជនបោះឆ្នោតបាន។

ប៉ុន្តែលោក គល់ បញ្ញា អះអាងថា ច្បាប់បោះឆ្នោតនៅកម្ពុជាមិនចែងបែបនេះទេ បែរជាចែងថា អ្នកជាប់ពន្ធនាគារមិនអាចបោះឆ្នោតបាន។ លោកថា ការធ្វើច្បាប់បែបនេះធ្វើឲ្យជនសង្ស័យនិងជនជាប់ចោទមួយចំនួនដែលតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នមិនទាន់មានសាលដីការស្ថាពរឬតុលាការមិនទាន់សម្រេចថា មានទោសនៅឡើយ បានបាត់សិទ្ធិបោះឆ្នោត។

លោកថា៖ «តាមពិតគេអាចប្រើប្រាស់ប្រព័ន្ធចុះឈ្មោះបច្ចុប្បន្ននេះ ទៅចុះនៅថៃបាន ចុះនៅក្នុងស្ថានទូតបាន ប្រព័ន្ធចុះឈ្មោះបច្ចុប្បន្ននេះ គេអាចពិនិត្យឈ្មោះស្ទួនបាន មិនជាបញ្ហាទេ។ ប៉ុន្តែច្បាប់យើង ច្បាប់ចិត្តអាក្រក់។ច្បាប់បានតម្រូវឲ្យ គ.ជ.ប ធ្វើការចុះឈ្មោះបានតែនៅឃុំ-សង្កាត់ តែក្នុងប្រទេសកម្ពុជាទេ តម្រូវឲ្យពលករចំណាកស្រុកហ្នឹង មកចុះឈ្មោះនៅក្នុងប្រទេស មកបោះឆ្នោតនៅក្នុងប្រទេស។ តាមពិតយើងអាចដូរប្រព័ន្ធ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋយើងបាន។ អានេះជាបញ្ហា ប៉ុន្តែរឿងអស់នេះ វាត្រូវការឆន្ទៈនយោបាយ  មិនមែនត្រឹមការងារបច្ចេកទេសរបស់ គ.ជ.ប ទេ។ អញ្ចឹងបានរឿងខ្លះ យើងត្រូវជជែកគ្នាឲ្យបានលំអិតដែរ អំពីអនុសាសន៍ មិនមែនតែសម្រាប់បច្ចុប្បន្ននេះទេ សម្រាប់ទៅមុខទៀត ដើម្បីធ្វើម៉េចកិច្ចការងារចុះឈ្មោះបោះឆ្នោត ព្រោះកិច្ចការងារចុះឈ្មោះបោះឆ្នោតនៅ២០១៧មានទៀត គេនឹងធ្វើរៀងរាល់ឆ្នាំ»។

ពលរដ្ឋភាគច្រើនដែលបានផ្តល់បទសម្ភាសន៍នៅតាមបណ្តាខេត្តមួយចំនួនបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ពួកគេបានដឹងពីព័ត៌មានដែលថារដ្ឋាភិបាល អំពាវនាវឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងតំណាងរាស្ត្រ។ ប៉ុន្តែពួកគេថា អ្នកខ្លះអាចខកខានមិនបានទៅចុះឈ្មោះតាមការកំណត់ ដោយពួកគេថា ដោយសារតែជីវភាពក្រីក្រ។

ស្រ្តីម្នាក់នៅភូមិ-ឃុំ ក្រយា ស្រុកខេត្តកំពង់ធំ ឲ្យដឹងថា អ្នកភូមិនៅតំបន់នោះ បានដឹងការជូនដំណឹងឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ ប៉ុន្តែស្ត្រីរូបនោះថា អ្នកភូមិខ្លះដែលមានម៉ូតូផ្ទាល់ខ្លួន បានទៅចុះឈ្មោះនៅសាលាឃុំរួចហើយ តែថាក្រុមគ្រួសារខ្លះ រួមទាំងគ្រួសារអ្នកស្រីផង មិនទាន់បានទៅចុះនៅឡើយទេ ដោយថា ពេលនេះកំពុងមមាញឹក ទៅធ្វើកម្មករគេរកប្រាក់ផ្គត់ផ្គង់ជីវិភាពសិន។

ស្ត្រីដដែលអះអាងទៀតថា ប្រធានភូមិនិងអាជ្ញាឃុំ បានប្រាប់ពួកគាត់ថា ការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេលដល់ទៅបីខែ ប៉ុន្តែគាត់ថារយៈពេលនេះ ទាល់តែគាត់រកលុយបាន សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំសិន ទើបអាចឆ្លៀតទៅចុះឈ្មោះបាន។

ការចុះធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ត្រូវប្រើពេល៩០ថ្ងៃ។

ចំនួននេះបូកទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍និងអាទិត្យ ពោលគឺចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ