វិភាគ៖ តើមានកត្តាអ្វីខ្លះជាគន្លឹះជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍?

គ្រោះថ្នាក់​ចរាចរណ៍នៅសៀមរាប កាលពីពេលកន្លងទៅ (រូបថត៖ បូ សាវី)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅប៉ុន្មានថ្ងៃមកនេះ បានក្រើនរំឭកមន្ត្រីក្រោមបង្គាប់​ ឲ្យបន្តពង្រឹងកា​រអនុវ​ត្ត​ច្បា​​ប់​ច​រា​ច​រណ៍ ដែលលោកយោងទៅលើ របាយការណ៍ប្រចាំឆ្នាំ របស់នគរបាលជាតិដែលថា អ្នកស្លាប់ដោយសា​រគ្រោះថ្នាក់ច​រា​ចរណ៍ ភាគច្រើន​អ្នកធ្វើដំណើរដោយម៉ូតូ ហើយក្នុងនោះ៧៨%ឥតពាក់មួកសុវត្ថិភាព។

រដ្ឋ​ម​ន្ត្រីរូបនេះ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ខែមករា ស្តីពី ការបូកស​រុបលទ្ឋផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវ​គោក ប្រ​ចាំ​ឆ្នាំ​​​២​០​​១៧​ថា ក្រសួងនឹងចុះចែកមួកសុវត្ថិភាពចំនួន៥ម៉ឺនដល់ប្រើប្រាស់ម៉ូតូ។

ជា​ង​នេះទៅទៀតកាលពីដើមខែមករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានធ្ងន់ៗដល់មន្ត្រីពាក់ព័ន្ធថា ពួកគេ​អាច​នឹ​​ង​បា​ត់​ប​ង់តំណែង បើមិនអាចទប់ស្កាត់អ្នកបំពានច្បាប់ចរាចរណ៍បាន ។

ពេលនោះលោក ហ៊ុន សែន បង្ហាញកា​រខឹងសម្បារ ទៅនឹងអ្នកបើ​ក​បរ​​ប​ញ្ច្រា​​ស​ទិ​ស​នៅម្តុំរង្វង់មូលវិមានឯករាជ្យ ជិតផ្ទះរបស់​លោ​ក​ ប​ង្កឲ្យ​មានអ្នកស្លាប់។

ជាការកត់សម្គាល់ ក្រោយពីថ្នាក់ដឹកនាំកំពូល បានព្រមាន និងរំឭកបែបនេះ គេសង្កេតឃើញមន្ត្រី​ជំនាញ​គ្រប់​ផ្នែ​ក​បា​​ន ចា​ប់​ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរចរណ៍ រហូតចាប់បានអ្នកបើកបរ ល្មើសច្បាប់ ច្រើនពាន់នាក់ក្នុងរយៈពេលដ៏ខ្លី។

ច្បាប់ចរាចរណ៍ជើងគោកថ្មី ដែលរដ្ឋសភាបានអនុម័តកាលពីចុងឆ្នាំ ២០១៤ បានបង្កើនការផាកពិន័យយ៉ាងធ្ងន់ធ្ង​រដល់​អ្នក​បើ​កប​រល្មើសច្បាប់។

មន្ត្រីជំនាញរំពឹងថា វិធានការនេះ អាចធ្វើ​ឲ្យអ្នកបើកបរគោរពច្បា​ប់ និងអាច​កាត់បន្ថយគ្រោះ​ថ្នា​ក់​ច​រាចរណ៍បាន។ ច្បាប់នេះក៏​​ត​ម្រូ​វឲ្យ​​អ្ន​កបើកបរទាំងអស់ ត្រូវឆ្លងកាត់សាលាបង្រៀនបើកបរ ដើម្បីបានប័ណ្ណបញ្ជាក់ពីសមត្ថភាព បើកបរ មុនពួកគេ​ទៅ​បញ្ជា​​​គ្រឿងម៉ា​ស៊ី​ន ។

ប៉ុន្តែដោយសារច្បាប់ថ្មីនេះ មានការរិះគន់ដ៏ចម្រូងចម្រាសពីសាធារណជន និងដោយសារពេលនោះ មានការប្រកួត​ប្រជែងផ្នែ​​ក​​ន​យោ​បាយ ជិ​ត​ឈា​នដល់ថ្ងៃបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់ ផងនោះ  លោកនាយករដ្ឋមន្ត្រី បានប្រកា​សលើ​​ហ្វេ​ស​ប៊ុក រប​ស់​លោក មុន​រដ្ឋសភាធ្វើវិសោធនកម្មថា អ្នកប្រើប្រា​ស់ម៉ូ​​តូដែលមានក​ម្លាំងម៉ាស៊ី​ន ចាប់ពី១២​៥CCចុះក្រោម មិនចាំបាច់មា​នប័​ណ្ណបើ​កបរទេ។

ជាការកត់សម្គាល់មួយទៀត អគ្គស្នងការនគរបាលជាតិ ដែលជាស្ថាប័នជំនាញ បាន​រកឃើ​ញថា អ្នករងគ្រោះដោយសា​រគ្រោះ​ថ្នា​ក់ច​រាចរណ៍ ក្នុងឆ្នាំ២០១៧ មានជាង៧០០០នាក់(៧៣១៩)។

ក្នុងនោះអ្នកស្លាប់១ ៧៨០នាក់ និងអ្នករងរ​បួ​ស​​៥ ៥៣៩នាក់ ។តួលេខអ្នកស្លាប់ បានកើនលើសឆ្នាំ២០១៦ ដែ​លឆ្នាំ​២០​១៦​មា​ន​​​​​អ្នក​ស្លាប់១ ៧១៩នាក់។

បើតាមរបាយការណ៍ មូលហេតុចំបងពីរ ដែលបង្គគ្រោះថ្នាក់ចរាចរណ៍​ គឺការបើកប​រលើស​ល្បឿ​​នកំណត់​ជា​បញ្ហាទី១ និងអ្នក​បើកបរ​ក្រោមឥ​ទ្ធិពលនៃ​គ្រឿ​ងស្រវឹងលំដាប់​ទី២។ គ្រោះថ្នាក់ចរាចរ​ណ៍ត្រូវអគ្គស្នងការវាយយ​តម្លៃថាបាន​ស​ម្លា​​ប់​​ម​​នុស្ស ១ថ្ងៃ​ជា​​​​ម​​ធ្យមពី​ចន្លោះ៥ទៅ៨នាក់។ តើមានកត្តាអ្វីខ្លះជាគន្លឹះជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍?

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អៀ ចរិយា ពន្យល់ថា មូលហេតុចំបងៗបង្ក​ឲ្យមានគ្រោះថ្នាក់ចរណ៍នោះ ​លោក​ថាម​​កពី​ពល​រដ្ឋ​មិនសូវយ​ល់​ដឹងពីច្បាប់ និងការអនុវត្តច្បាប់របស់សមត្ថកិច្ច នៅមានកម្រិត ដោយថាវិធានការច្បាប់ បានធ្វើឡើ​ង​ស​​ក​ម្មតែ​ពេលថ្នាក់ដឹ​កនាំជំរុញ ឬមានការស្តីបន្ទោស តែក្រោ​​​យមកស្ងប់​ស្ងាត់ទៅវិញ។

លោកថា៖ «ពីចំណុចសំខានៗហ្នឹងដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍យើងកើនឡើងជារៀងរាល់ឆ្នាំ ហើយ[ចំណុចមួយទៀត]យើងឃើ​ញ​កា​លពីឆ្នាំទៅនឹងរដ្ឋា​ភិបាលគាត់ដកប័ណ្ណម៉ូតូមិនតម្រូវការឲ្យមានប័ណ្ណបើកបរ អាហ្នឹងជាឧបសគ្គមួយដែ​លរារាំងក្នុងការលើ​កក​ម្ពស់​ ឲ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍នោះដែរ»។

លោក អៀ ចរិយា និយាយទៀតថា មូលហេតុនៃការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍​ ចេះតែកើនឡើ​ង ពីមួ​យ​ឆ្នាំទៅមួ​យឆ្នាំ ដូ​​ចពេ​លនេះ លោ​ក​វិភា​គ​ថា អាចមកពីចំណាត់ការ របស់សមត្ថកិច្ច បានផ្តោតតែទៅលើបញ្ហាតូចតាច តែមិនបានផ្តោ​តទៅ​លើ​បញ្ហ​​​ធំៗដូចជា ត្រូវទប់ស្កាត់ឲ្យមានប្រសិទ្ធភាពរាល់ពេលបើកបរមិនត្រូវប្រើប្រាស់គ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ជា​ដើ​ម​ ។

លោកថា៖ «ការរឹតបន្តឹងច្បាប់ភាគច្រើនបានផ្តោតទៅលើតែមួក កញ្ចក់ ខ្សែក្រវាត់ អីនឹងវាអត់ត្រូវចំនុចសំខាន់ដែលជាមូ​ល​​ហេតុ​ធ្វើ​ឲ្យគ្រោះ​ថ្នាក់​ចរាចរណ៍ទេ។មូលហេតុ​ដែលធ្វើឲ្យមានគ្រោះ​ថ្នាក់ចរាចរណ៍គឺមានពី​រធំៗគឺទី១ការបើកបរលើ​សល្បឿ​នកំណត់ និង​ទី​២គ្រឿងស្រវឹង។ ហើ​យយើងឃើញថា ការរឹតបន្តឹងទៅលើមូលហេតុទាំងពីរចំណុចហ្នឹង វានៅមានតិ​ចតួចនៅ​​ឡើយ។អញ្ចឹ​ងធ្វើឲ្យគ្រោះថ្នាក់ចរា​ច​រណ៍​នៅ​​​តែ​កើ​តមានច្រើននៅកម្ពុជាយើង»។

នាយកប្រតិបត្តិមជ្ឈមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការទប់ស្កាត់ការរី​ករាល​ដាលនៃ​ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ជាបញ្ហាចំបងពីរទៀត​ បង្ការទប់ស្កាត់ កុំឲ្យមានគ្រោះថ្នា​ក់ចរាចរណ៍នេះ។ ប៉ុ​ន្តែ​លោកថា រដ្ឋាភិបាល ច្រើនឆ្នាំមកនេះ ហាក់បានបរាជ័យ ក្នុងការជំរុញឲ្យចេញច្បាប់ ស្តីពី ការគ្រ​ប់គ្រងគ្រឿង​ស្រវឹង។

លោកថា៖ «គ្រឿងស្រវឹងជាច្រកទ្វារឈានទៅរកការប្រើប្រាស់គ្រឿងញៀន ហើយនៅក្នុងរបា​យការណ៍រប​ស់សង្គកា​រសុខភាព​ពិភ​ពលោកក៏ដូចជាអ្នកធ្វើការស្រាវជ្រាវជាច្រើន ទាក់ទងនឹងគ្រឿងស្រវឹង គ្រឿងញៀ​នហ្នឹង គេរកឃើញថា កាលណាមានក្មេង​ៗ​ប្រើ​​ប្រាស់​គ្រឿងស្រវឹង គឺពួកគេអាចឈានទៅប្រើប្រាស់គ្រឿងញៀន។ នេះជា​បញ្ហា​ប្រ​ឈមធំ ហើយ​បើ[ពួកគេ]បើកប​រទៀត រឹតតែគ្រោះថ្នាក់ធំហើយ»។

លោក យង់ គិមអេង វិភាគថា ការមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង អាចជាសក្តានុពលមួយទៀត ជួយជំរុញដល់​ការអនុវ​ត្តច្បា​ប់​​ច​រា​ចរណ៍ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ បានប្រសើរជាងពេលបច្ចុប្បន្ន។

លោកថា៖ «អ្នកដែលអនុវត្តក្នុងការត្រួតពិនិត្យអាចសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធនោះ វាកាន់តែមានកម្លាំ​ងក្នុងការអនុវ​ត្ត​ច្បាប់​ហ្នឹង ក្នុងការកាត់បន្ថយគ្រឿងស្រវឹង។ ហើយម្យ៉ាងវិញទៀតបញ្ហាគ្រឿងស្រវឹង ហ្នឹងវាមិន​មែ​ន​​ប៉ះ​​តែចរាចរណ៍នោះទេ វាបង្ក​ជា​​ហិ​​ង្សាក្នុងសង្គម ក្នុងគ្រួសារ ដល់សីលធម៌សង្គមអីជាដើម​ អាហ្នឹងជាបញ្ហា​ប្រឈម​រឿង​សុ​ខភា​ព។ អញ្ចឹងអាហ្នឹងជាបញ្ហាប្រឈម ដែលរដ្ឋត្រូវតែធ្វើ ត្រូវតែជំរុ​ញការចេញច្បាប់[គ្រប់គ្រង់គញរឿងស្រវឹង]ហ្នឹងឲ្យលឿន»។

សរុបជារួម អ្នកតាមដានផ្តល់យោបល់ថា ដើម្បីជំរុញប្រសិទ្ធភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ លុះណាអ្នកប្រើប្រាស់ផ្លូវ យ​ល់​​ដឹង​ពីច្បាប់ រដ្ឋាភិបាលត្រូវពង្រឹ​ងការអនុវត្តច្បាប់ជាប្រចាំប្រកបដោយតម្លាភាព ត្រូវមានវិធានការតឹងរឹង​លើ​អ្នក​បើ​​​ក​ប​រលើ​ស​ល្បឿ​​​​​ន​កំណត់ អ្នកបើ​កប​​រក្រោ​​​​ម​ឥ​ទ្ធិពលនៃគ្រឿងស្រវឹង ទប់ស្កាត់ការរាលដាល​នៃការប្រើប្រា​ស់​​គ្រឿ​ងញៀន និង​ត្រូវ​ជំរុញឲ្យចេ​ញ​​ច្បាប់ ស្តីពី​ ការគ្រប់គ្រង​​​គ្រឿ​ងស្រវឹងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ