មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានលើកឡើងថា ការបញ្ចប់សង្គ្រាមដោយប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាព ប៉ុន្តែ ថា សន្តិភាពពិតប្រាកដ គឺជាសន្តិភាពទាំងផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។
លោក កឹម សុខា បានលើកឡើងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ មួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តលើកឡើងពីតម្លៃនៃសន្តិភាពថា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែថែរក្សាការពារសន្តិភាពឲ្យបាន។
បើទោះបីជាបានទទួលស្គាល់ថា ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ដោយ ប៉ុន្តែ លោក កឹម សុខា បានរៀបរាប់ថា សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ និងសន្តិភាពទាំងផ្លូវចិត្ត។
លោក កឹម សុខា បានបន្ថែមថា ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអយុត្តិធម៌ពីសំណាក់អ្នកមានបំពានលើអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះកៀបសង្កត់អ្នកចាញ់នោះ គឺជាមូលហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែលើកឡើងជាញឹកញាប់ពីតម្លៃនៃសន្តិភាព ហើយលោកថែមទាំងបានព្រមានដោយមិនចំពោះទៅដល់អ្នកចង់បង្កើតបដិវត្តន៍ពណ៌ថា ឲ្យត្រៀមក្ដារមឈូស ប្រសិនបើពួកគេចង់ធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា៕