ទីបំផុត កីឡាករថ្មីសន្លាង ​​រឿន ឈី ​​​​ធ្វើអោយ​​​​​​​ជើងចាស់​ ​ស៊ឹម ប៊ុនឆៃ ​ហាលអាវ

កីឡាករ​​ជើងថ្មី រឿន ឈី (សុខ ឆាយ)

បើ​​​សំឡឹងពី​​​បទពិសោធន៍ និង​​​​ប្រវត្តិ​​​ក្នុងការប្រកួត គឺ​​​អ្នកគាំទ្រវិស័យប្រដាល់​​១០០ទាំង​​១០០ អាចមិនមាន​អ្នកជឿ​សូម្បីតែ​ម្នាក់នោះទេ ​ថា​​​កីឡាករវ័យក្មេង និង​ថ្មីសន្លាងនៅលើ​​​សង្វៀន នឹង​អាចទៅ​រួច​​​ជាមួយ​នឹង​​កីឡាករ​​ជើងចាស់​​ល្បីឈ្មោះ ​​ស៊ឹម ប៊ុនឆៃ សម្រាប់ការប្រកួត​វគ្គជម្រុះ​​យក​​​កៅអី​១៦នាក់ នៅក្នុងព្រឹត្តិការណ៍​​​​​​ជ្រើស​រើសជើងឯក​​​​ប្រភេទទម្ងន់​​៥៧គីឡូក្រាម ដែលបានធ្វើឡើងនៅ​​ប៉ុស្ដិ៍លេខ​​៥នៅព្រែកកំពិស កាលពីថ្ងៃទី២៤ កុម្ភៈ ដែលជាការប្រកួតចម្រុះ​​ក្នុងសប្ដាហ៍ទី៥នោះ។ អ្វីដែលគេ​​ភ្ញាក់ផ្អើល គឺកីឡាករ​​ជើងថ្មី រឿន ឈី បានទាំង​​​​​វាយបំបុកអោយកីឡាករ​ ស៊ឹម ប៊ុនឆៃ ដែលមានបទពិសោធន៍នៅលើសង្វៀនរាប់​មិនអស់​​​​​​អោយបោះបង់​ការប្រកួតក្នុងទឹកទី​​២ ​​នៅក្នុងថ្ងៃនោះទៀត។

លោក សេង កដិកា អ្នករៀបចំកម្មវិធី​ បានសម្ដែងការ​ភ្ញាក់ផ្អើលច្រើនជាងអ្នកគាំទ្រទៅទៀត​បន្ទាប់ពីគូ​ទាំង​បានបញ្ចប់ការប្រកួត ហើយកីឡាករ​ជើងថ្មី​​​ខ្ចី​​បទពិសោធន៍​​បែរជាអាចទម្លាក់​កីឡាករ​​​​​ល្បីម្នាក់នៅលើសង្វៀនអោយធ្លាក់ហាលអាវ​​ក្នុងទី​​២។ លោកថា​​​​ការប្រកួត​គូនេះ ក្រោយ​ពេល​ចាប់ឆ្នោតហើយបានលទ្ធផលថា ​កីឡាករ រឿន ឈី និងកីឡាករ​​​​ស៊ឹម ប៊ុនឆៃ ប៉ះគ្នា គឺលោកមាន​អារម្មណ៍ភ័យជំនួសតែម្ដង ដោយ​លោក​​បារម្ភថាកីឡាករ​​​​​​​រឿន ឈី នឹង​​មិនអាចទប់ជាមួយ​​​គូប្រកួត​ជា​ជើងខ្លាំងបានទេ ដោយសារតែបទពិសោធន៍របស់កីឡាករទាំង​ពីរ​គឺ​​​ខុសគ្នា​​ដាច់ឆ្ងាយ។

​ប៉ុន្តែលោកថា​ក្ដីបារម្ភសម្រាប់កីឡាករ ​​រឿន ឈី បែរជាមិនកើត​​មានឡើង បន្ទាប់ពី​គេ​​ឆ្លងកាត់ការប្រកួតបាន​​​​ចប់ទឹកទី​​១ ហើយ​​​បញ្ចេញថ្វីដៃទៅលើកីឡាករ ស៊ឹម ប៊ុនឆៃ ​បានល្អ។ លោកកាន់តែសម្ដែងអារម្មណ៍ធូរចិត្ត​​​បន្ថែមទៀត បន្ទាប់ពី​​កីឡាករ រឿន ឈី ស្រាប់តែអាចវាយ​អោយ​ស៊ឹម ប៊ុនឆៃ បោះ​បង់ការប្រកួត​ក្នុងទឹកទី២ ដែលធ្វើអោយម្នាក់ៗសុទ្ធតែបង្ហាញ​ការ​​​ភ្ញាក់ផ្អើល។

ការប្រកួត​​​របស់កីឡាករទាំងពីរ លោកថា​​បានបង្ហាញ​​នូវ​ការប្រឹង​ប្រែងរៀងខ្លួននៅលើសង្វៀន​ដែលបានធ្វើឡើង ដោយ​​លោកបញ្ជាក់ថា​​​​​​​​ខ្លួនកាន់តែ​ពេញចិត្ត​ទៅទៀតនៅពេល​​​​​ការប្រកួតឈានដល់ទឹកទី​​២ ​ បើទោះជា​​កីឡាករ​ ​​​ស៊ឹម ប៊ុនឆៃ ​​​ត្រូវគេ​គិតថា​​​​បោះបង់ការប្រកួត​ព្រោះតែភ្លាត់​​​​​ច្រើនជាង​បរាជ័យ​ដោយ​កម្លាំង និងបច្ចេកទេស។

លោកថា​​​​ជារឿងសោកស្ដាយដែល​កីឡាករ​ធ្លាប់​​​ល្បីឈ្មោះ​ម្នាក់នៅលើសង្វៀន ​បែរជាក្លាយជាអ្នក​​បាត់បង់​ឱកាសឡើងទៅប្រកួត​ក្នុង​វគ្គ​​បន្ត ​ក្នុងពេលដែល​​​ការប្រកួតជម្រុះមួយនេះ គឺ​អត់មានអ្នក​ណាចង់ធ្លាក់ទាល់តែសោះ ជាពិសេស​​​​កីឡាករ​​ដែលមានក្រេឌីតជាង ដូចជាកីឡាករ ស៊ឹម ប៊ុនឆៃ ​​​ដែលអ្នកគាំទ្រ​​​១០០ទាំង​​១០០យល់ថា​នឹងឈ្នះ​ជើងថ្មី​ រឿន ឈី ដោយមិនលំបាកនោះ។

លទ្ធផលដែលបានស្ដែងឡើង កាន់តែបង្ហាញ​យ៉ាង​ច្បាស់ទៀតហើយថា កីឡាករ​ដែល​​​​សម្អាងថា​​ខ្លួនធ្លាប់មានថ្វីដៃ​​ល្អ ​និង​​​ប្រវត្តិប្រកួត​ច្រើន មិនសុទ្ធតែអាចវាយ​ឈ្នះ​កីឡាករថ្មោងថ្មី ដើម្បី​​​ដណ្ដើម​យកកៅអី​នោះទេ ជាពិសេសក្នុងពេលដែ​លកីឡាករ​​ថ្មីៗ ក៏​ប្រឹ​ងអស់ពីសមត្ថភាព​​ដើម្បីឈោងឆាប់​​​​​​ភាពល្បី​ ដោយមិនខ្លាចគ្រោះថ្នាក់នោះ​​ផង។

លោកនៅតែ​អះអាងថារូបមន្តចាញ់ធ្លាក់ៗ មិនពិបាកធ្វើអោយ​ កីឡាករ​​​​ប្រកួត​​លាក់ដៃ ឬលក់លទ្ធផល ដែលលោកបាន​ហៅ​​​រូបមន្តនេះថា ​​ជា​ការប្រកួត​អស់ដៃរៀង​ខ្លួន​ដោយសូម្បីតែ​​ចាញ់​​​​​ក៏​អ្នកគាំទ្រអស់ចិត្ត។          ​

កីឡាករ ​​​រឿន ឈី បានបង្ហាញអារម្មណ៍​​​​​ភ្ញាក់​​ផ្អើល បន្ទាប់ពី​បាន​ឆ្លងផុត​​​​​ជុំទី១ហើយបាន​ឡើងទៅកាន់វគ្គ​​១៦​នាក់​​​​​​​ដែលជាជុំទី​​២ ​ក្នុងពេលដែល​លោកក៏អះអាងថា​​មិនចង់ជឿ​​ភ្នែក​ថាលទ្ធផលចុងក្រោយ គឺលោកជាអ្នកឈ្នះ។ ការទម្លាក់កីឡាករ​ជើង​ខ្លាំង ស៊ឹម ប៊ុនឆៃ ​លោកថាមិនទាន់​​សង្ឃឹមខ្ពស់សម្រាប់​ការ​ឈានឡើង​ទៅ​​​វគ្គបន្តទៀតនោះទេ ​​​ពិសេសសម្រាប់​ការ​ប្រកួតជម្រុះ​​ក្នុងវគ្គ​​១៦​នាក់​យក​​៨នាក់​ ​ដោយសារតែគូប្រកួតដែលបានឈានឡើង គឺទោះជាប៉ះមួយណា​ក៏មិនងាយ​​​វ៉ៃស៊ី។

លោក​​ថាការប្រកួត​កាលពីល្ងាចថ្ងៃទី​២៤  កុម្ភៈ លោកទទួលជ័យជម្នះដោយសារតែ​បាន​ហ្វឹកហាត់​​​​​រហូត​ដល់​ជាង​​២អាទិត្យជាប់លាប់ ​​​​ហើយ​​​​លោកក៏ខំប្រឹង​ប្រែង​អោយខ្លាំង​បន្តទៀតផងដែរ ​ដោយសារតែលោក​ក៏ចង់ឈ្នះ​ពាន ឬឈានទៅដល់ដំណាក់​កាលដែលមានអ្នកទស្សនា​​​​​​ស្គាល់មុខ និង​ឈ្មោះ បានច្បាស់ជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ