អាជ្ញាធរឧតុនិយម បានព្រមានអំពីបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅក្នុងភ្លៀងកក់ខែចាប់ពីចុងខែមីនានេះ រហូតដល់ដើមខែមេសាខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែមីនា ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់កក់ខែ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៧។ ភ្លៀងកក់ខែជាងមួយសប្ដាហ៍នេះ ក្រសួងថា អាចនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ថែមទៀតផង ហើយក្រសួង បានព្រមានទៅដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិទាំងនោះ។
ក្រសួងបានបញ្ជាក់ថា បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងខេត្តសៀមរាប អាចនឹងមានភ្លៀងធ្លាក់ច្រើន៕