លោក​ ហ៊ុន សែន រំលឹក​​ជា​ថ្មី​ថា ​គ្មាន​ការ​ផ្ទេរ​អំណាច​ឲ្យ​អ្នក​ដទៃ​ក្រៅពី​គណបក្ស​លោក​

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលឹក​​ជា​ថ្មី​ថា នឹង​មិន​​ផ្ទេរ​អំណាច​​ដឹក​នាំ​ប្រទេស ទៅ​​ឲ្យ​អ្នក​ដទៃ​ដែល​មិន​មែន​ជា​សមាជិក​គណ​បក្សកាន់​អំណាច​​នោះ​ទេ ខណៈ​លោកថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​នេះ នៅ​តែបន្ត​កើត​មាន​ដដែល បើ​ទោះ​ជា​មាន​បញ្ហា​យ៉ាង​ណាក៏​ដោយ។

ការ​បញ្ជាក់​ជា​ថ្មី​របស់​លោក ​ហ៊ុន សែន​​ នៅពេលនេះ​ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​​​ចុះ​ទៅបើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ​៥ តភ្ជាប់​ពីខេត្តបាត់​ដំបង​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅព្រឹក​ថ្ងៃ​​​នេះ។

លោក​បាន​បញ្ជាក់​ដោយ​ប្រៀប​ធៀប​ការ​ផ្លាស់​ប្តូរ​ទេវតា​ឆ្នាំ​ថ្មី ទៅនឹង​ឆន្ទៈ​របស់លោក​ ​ដោយ​ថា ​គ្មាន​ការ​ផ្លាស់​តំណែង​នាយក​រដ្ឋមន្ត្រី​កម្ពុជាទៅ​ឲ្យ​គណបក្ស​ដទៃ​ក្រៅ​ពី​កូន​ចៅ​នៃ​គណបក្សប្រជា​ជន​កម្ពុជា​នោះទេ។

លោក​ថា៖ « អ្នកខ្លះកាលប៉ុន្មានឆ្នាំមុននោះ! ដូចជាជាង ១០ឆ្នាំមុន និយាយថា ទេ! ម្នាក់នាយករដ្ឋមន្ត្រីហ្នឹងមិនព្រមដូរទៅណាទេហ្ហេ៎? បានជាខ្ញុំប្រាប់ទៅវិញថា ទេ! បើទោះបីជាគេ​​​ដូរក៏ត្រូវតែកូនទេវតាដូចតែគ្នាទេ!»

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​លោក​ហ៊ុន សែន​ ប្រកាស​មិន​ផ្ទេរ​អំណាច​ដឹកនាំ​ប្រទេស​​ទៅ​ឲ្យ​គណបក្ស​ដទៃ​នោះ ជាក់​ស្តែង​កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំមុន​ លោក​ ហ៊ុន សែន ក៏​បាន​ប្រកាស​ស្រដៀង​គ្នា​នេះដែរ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ​លោក សូ ចន្ថា ធ្លាប់​មាន​ប្រសាសន៍​ប្រាប់វី​អូ​ឌី​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៧ថា  ការ​លើក​ឡើងពីការ​រក្សា​តំណែងសំរាប់​សមាជិក​បក្ស​ខ្លួន​នេះ ជាទស្សនៈហួសសម័យ ដោយថា ក្នុងសង្គមប្រជាធិបតេយ្យ បណ្ដា​គណ​បក្ស​អាច​ចូលរួ​មការ​បោះឆ្នោតដោយស្មើភាព ដើម្បីប្រកួតប្រជែង​ទៅដឹកនាំរដ្ឋាភិបាល ពោល គឺ​មិនមែន​ផ្ទេរ​អំណាច​​បន្ដទៅកូន​ចៅ​នោះ​​ទេ។

លោ​កថា៖ «ក្នុងសង្គមប្រជាធិបតេយ្យ ការដោះដូរអំណាច មិនមែនផ្ទេរទៅឲ្យកូនចៅនោះទេ ក៏ប៉ុន្តែ គឺអាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតតែប៉ុណ្ណោះ មិនមែនអាស្រ័យទៅលើគណបក្សនយោបាយ ទៅលើអ្នកដឹកនាំនោះទេ។ វាអាស្រ័យលើពលរដ្ឋទូទៅដែលចង់ឲ្យមានការផ្លាស់ប្តូរតែប៉ុណ្ណោះ»

លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ដ្រីជាលើកដំបូងចាប់ពីឆ្នាំ១៩៨៥ ដល់១៩៩១ ប៉ុន្ដែ នៅចន្លោះឆ្នាំ១៩៩៣ និង១៩៩៨ លោកបានកាន់តួនាទីជានាយករដ្ឋមន្ត្រីទី២ ក្នុងរដ្ឋាភិបាលចម្រុះនីតិកាលទី១ ដោយកាលណោះ​គណបក្ស​ប្រជា​ជន​​ចាញ់​ឆ្នោត តែលោក ហ៊ុន សែន មិនព្រមប្រគល់អំណាចទាំងស្រុងទៅឲ្យគណបក្សរាជានិយម​ហ៊្វុនស៊ិនប៉ិច​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ