ពលរដ្ឋខេត្តក្រចេះឡើង​មក​រក​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

ពលរដ្ឋខេត្តក្រចេះឡើងមករកដំណោះស្រាយពីរដ្ឋាភិបាលក្រោយផ្ទុះអំពើហិង្សាជុំវិញជម្លោះដីធ្លី

ក្រុម​អ្នក​ភូមិ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ស្វែង​រក​អន្តាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ តែ​ជាង ២​សប្ដាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ។

ពលរដ្ឋប្រមាណជាង ១០០នាក់ មកពីឃុំ ២ធ្នូ ស្រុកស្នួល ដែល​បានប្រមូលផ្តុំគ្នានៅវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ គ្រោង​ទៅដាក់ញត្តិនៅក្រសួងរៀបចំដែន និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅ​ថ្ងៃ​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​ជុំ​វិញ​វិវាទដីធ្លីរបស់ពួកគេ ប៉ុន្តែ ត្រូវមន្រ្តីនៃស្ថាប័នទាំងពីរនោះ ចេញទៅទទួលដល់កន្លែងប្រមូលផ្តុំតែម្តង។

ពលរដ្ឋម្នាក់ លោក ភិន ធា និយាយថា កាលពីឆ្នាំ២០១៤ ពលរដ្ឋរាប់រយនាក់បានទៅកាប់ស្ការព្រៃនៅតំបន់​កំពុងមានជម្លោះនោះ ដើម្បីយកដីបង្ក​បង្កើនផល ដោយថា កាលណោះមិនមានក្រុមហ៊ុន និងអាជ្ញាធរណាចុះទៅហាមឃាត់នោះទេ។

លោកបន្តថា ទើបតែក្នុងមីនាឆ្នាំ២០១៨នេះ អាជ្ញាធរ និងសន្តិសុខ​របស់​ក្រុមហ៊ុន បាន​ចុះទៅ​រុះរើផ្ទះ និងឈួសឆាយដំណាំ ព្រម​​ទាំងបណ្តេញពលរដ្ឋមិនឲ្យនៅលើដីនោះទៅវិញ។

លោកបន្ថែមថា៖ «ពួកខ្ញុំមកភ្នំពេញនេះ ដើម្បីសុំឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំជួយដោះស្រាយឲ្យប្រជាពលរដ្ឋឲ្យ​បានរស់នៅដូចដើមវិញ បានដាំដុះលើដីនោះវិញ ព្រោះប្រជាពលរដ្ឋមិនដឹងទៅនៅទីណាទេ ព្រោះអាជ្ញាធរ​ខេត្ត និងក្រុមហ៊ុននៅតែហាមឃាត់ប្រជាពលរដ្ឋទៅនៅទីតាំងចាស់នោះទៀតទេ និងបានដើរដុតផ្ទះពលរដ្ឋ​បន្ថែម និងកាប់ដំណាំរបស់ប្រជាពលរដ្ឋរហូត»

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺ គង់ ចំរើន បានទៅជួយធ្វើញត្តិ និងទទួលយកញត្តិនោះ​ពី​ក្រុម​ពលរដ្ឋនៅ​ឯ​វត្តសាមគ្គីរង្សីតែម្តង ដោយលោកថា នឹងយកញត្តិនេះជូនថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយ។

លោកបន្ថែមថា៖ «យើងជួយសម្រួលឲ្យខ្លឹមសារ​នៃញត្តិនេះ ឲ្យបងស្តាប់លឺហើយ និងអាចទទួលយកបាន ដើម្បី​យើងយកទៅដាក់ចូលទៅខាងសមត្ថកិច្ច ខាងថ្នាក់ដឹកនាំរបស់យើង ដើម្បីលោកពិចារណា និងកោះហៅគូរ​ភាគីដើម្បីដោះស្រាយ»

អនុប្រធានរដ្ឋបាលនៃក្រសួងរៀបចំដែនដី លោក អុស សុខយស ក៏បានទៅទទួលញត្តិពីប្រជាពលរដ្ឋដល់កន្លែងប្រមូលផ្តុំនោះដែរ ដោយលោកថា ក្រសួងនឹងចុះទៅ​សិក្សារស្រាវជ្រាវ និងដោះស្រាយតាមនីតិវិធីច្បាប់។

ចៅអធិការវត្តសាមគ្គីរង្សី​​ព្រះ​តេជ​គុណ ​ថាច់ ហាស់​សំអាង មានសង្ឃដីកាថា ព្រះអង្គមិនចង់ឃើញពលរដ្ឋរងគ្រោះ​ដីធ្លី ឡើងមកតវ៉ាដល់ភ្នំពេញបែប​នេះទេ ហើយព្រះអង្គមានសង្ឃដីកាបន្តថា ដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញអាជ្ញាធរថ្នាក់ខេត្ត និងប្រមុខរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហនេះដោយមានតម្លាភាព និងឆាប់បំផុត ជៀសវាងការប្រើហិង្សាលើពលរដ្ឋខ្លួនឯង។

ព្រះអង្គមានសង្ឃដីកា៖ «ជាសមត្ថកិច្ចរបស់រដ្ឋាភិបាលហើយ កាលណារាស្រ្តអត់ដីធ្វើស្រែចម្ការ​ រដ្ឋាភិបាលត្រូវ​យកចិត្តទុកដាក់ ព្រោះរឿងហ្នឹងជាកាតាព្វកិច្ចរដ្ឋក្នុងការដោះស្រាយ ហើយចោទគាត់ថា ទៅយកដីក្រុមហ៊ុន ឬយកដីនេះដីនោះអី ត្រូវយកចិត្តទុកដោះស្រាយដើម្បីលុប​បំបាត់ភាពលំបាក និងភាពក្រីក្រជូនប្រជាពលរដ្ឋ។ កុំវាយ ឬចោទប្រកាន់រាស្រ្តទៀត វាជា​ទង្វើមិនល្អសម្រាប់អ្នកដឹកនាំរដ្ឋទេ»

ក្រុម​អ្នក​ភូមិ​ទាំង​នោះ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ​តែ​ជាង ២​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​រាប់​រយ​នាក់ និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង បាន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា​កន្លង​មក ក្រោយ​ពី​អ្នក​ភូមិ​បាន​បិទ​ផ្លូវ​ជាតិ​លេខ ៧៦A ដើម្បី​តវ៉ា​។

ការ​ប៉ះ​ទង្គិច​គ្នា​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រង​របួស ក្នុង​នោះ​មាន​ទាំង​​សមាជិក​នៃ​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​ផង​ដែរ។

​ពលរដ្ឋ​​ ៦៦៥​គ្រួសារ​ដែល​មាន​ជម្លោះ​ដី​ធ្លី និង​ដែល​បាន​នាំ​គ្នា​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ ៧៦A នោះ បាន​ចោទ​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ មេមត់​ថា បាន​រំលោភ​យក​ដី​ធ្លី​ទំហំ​ពី ៣ ទៅ ៤​ហិកតា​ក្នុង​មួយ​គ្រួសារ និង​បំផ្លាញ​ដំណាំ ផ្ទះ​សម្បែង ព្រម​ទាំង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ