ប្រធានACUព្រមានផ្លូវច្បាប់​លើ​ប្រធានគណបក្ស​អំណាចខ្មែរ រឿងការស្នើ​សុំបំភ្លឺ​អំពើពុករលួយ

ប្រធានគណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា និង​ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ លោក ឱម យ៉ិន​ទៀង

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានផ្ញើលិខិតមួយទៅលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយបានលើកឡើងពីអង្គច្បាប់ថាករណីបុគ្គលណាដែលស្នើឲ្យអង្គភាពបំភ្លឺករណីណាមួយ បុគ្គលនោះអាចប្រឈមនឹងបទល្មើស”ការជ្រៀតជ្រែកដោយខុសច្បាប់”។

កាលពីថ្ងៃទី៨ ខែមេសា លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

ក្នុងលិខិតមួយចុះថ្ងៃទី២៦ ខែមេសា លោក ឱម យ៉ិនទៀង បានសម្តែងការសោកស្តាយដែលលោក សួន សេរីរដ្ឋា មិនបានចូលរួមប្រជុំពិនិត្យលិខិតស្នើសុំរបស់លោកកាលពីថ្ងៃចន្ទ។ លោកយោងតាមមាត្រា២ មាត្រា១៣និងមាត្រា២២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយថាមានតែអង្គភាពប្រឆាំងអំពើពុករលួយទេដែលមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតនិងស្នើសុំការបំភ្លឺពីក្រសួងឬស្ថាប័នឬបុគ្គលណាមួយពាក់ព័ន្ធនឹងអំពើពុករលួយ។ លិខិតបញ្ជាក់ថា៖ “ក្នុងន័យនេះ ប្រសិនបើលោកស្នើសុំបំភ្លឺពីក្រសួងឬស្ថាប័នឬបុគ្គលណាមួយ លោកអាចប្រឈមនឹងបទល្មើសតាមមាត្រា៦០៩ បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈនៃក្រមព្រហ្មទណ្ឌ”

លោក ឱម យ៉ិនទៀង បន្តថាអង្គភាពនឹងពិភាក្សា ប្រសិនបើលោក សួន សេរីរដ្ឋា ប្តូរពីលិខិតសុំការបំភ្លឺមកជាពាក្យប្តឹងវិញ។

លោក សួន សេរីរដ្ឋា ឆ្លើយតបថាលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយហាក់មានលក្ខណៈព្រមានដល់រូបលោក។ លោកមានប្រសាសន៍ថា៖ “ហើយថ្ងៃនេះផងដែរ ខ្ញុំបានទទួលលិខិតមួយពីលោក ឱម យ៉ិនទៀង ដែលខ្លឹមសារនៃលិខិតនេះមិនបានឆ្លើយតបនឹងសំណួររបស់ខ្ញុំ ដែលបានស្នើសុំឲ្យគាត់បកស្រាយទេ តែហាក់ដូចជាគំរាមឬព្រមានខ្ញុំថាបើខ្ញុំបន្តសួរគឺមានទោសតាមមាត្រា៦០៩នៃច្បាប់ព្រហ្មទណ្ឌទៅវិញ”។ លោកបន្តថាលោកនឹងមិនដាក់ជាពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនោះទេ ដោយលោកថាច្បាប់ពុករលួយមិនអំណោចផលសម្រាប់អ្នកប្តឹងនោះទេ។

ទោះជាយ៉ាងណា លោក សួន សេរីរដ្ឋា បានបញ្ជាក់ថាលោកអាចនឹងរកអន្តរាគមន៍ពីសភាឲ្យកោះហៅលោក ឱម យ៉ិនទៀង មកបកស្រាយលើរឿងចែកស្រោមសំបុត្រទៅកងទ័ពនេះ។

កាលពីថ្ងៃចន្ទ លោក ឱម យ៉ិនទៀង បានបដិសេធថាមិនមានភាពមិនប្រក្រតីលើករណីដែលលោកចែកស្រោមសំបុត្រទៅឲ្យកងទ័ពនោះទេ។ លោកមានប្រសាសន៍ថា៖ “សូមអរគុណអង្គប្រជុំ យើងខ្ញុំគាំទ្រមតិដែលថាយើងគ្មានអីគួរខ្លាចទេ ព្រោះអីយើងទៅក៏តម្លាភាព លុយកាក់អ្នកណាផ្ញើទៅឲ្យ ប្រគល់ឲ្យក្នុងពិធីដែលយើងទទួល ក៏យើងបានប្រកាស ម្ចាស់លុយក៏គេទៅ អ្នកទទួលក៏នៅ អ្នកសារព័ត៌មានក៏គេផ្សព្វផ្សាយឲ្យអស់ ដូច្នេះគ្មានរឿងអីដែលថាគេមិនដឹងឬលួចលាក់អីនោះទេ”

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនោះមិនបានបញ្ជាក់ថាតើថវិកានោះមានចំនួនប៉ុន្មាន បានមកពីណា ចែកទៅកងទ័ពចំនួនប៉ុន្មាននាក់ និងហេតុអ្វីបានជាអង្គភាពជាអ្នកចែកទៅកងទ័ពនោះទេ៕  រាយការណ៍បន្ថែមដោយ ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ