នាយក​រដ្ឋមន្ត្រីបញ្ជាឲ្យក្រសួង​ ​អាជ្ញាធរនិងក្រុម​ការងារបក្ស ជួយដោះស្រាយបញ្ហា​ទឹក

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

ប្រមុខរដ្ឋាភិបាលនៅថ្ងៃអង្គារនេះបញ្ជាឲ្យអាជ្ញាធរសាធារណៈនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចេញប្រតិបត្តិការជួយប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនកំពុងជួបបញ្ហាខ្វះទឹក។

ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១តភ្ជាប់ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានបញ្ជាឲ្យក្រសួងធនធានទឹក អាជ្ញាធរខេត្ត កាកបាទក្រហមនិងក្រុមការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរកវិធីផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ បើតាមលោកនាយករដ្ឋមន្ត្រី ខេត្តមួយចំនួនកំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនិងខេត្តមួយចំនួនទៀត កំពុងឈានទៅរកការប្រឈមនេះដែរ។ លោកថាបើតាមការព្យាករណ៍ ភ្លៀងអាចនឹងធ្លាក់នៅក្នុងអំឡុងខែមិថុនា។

លោក ហ៊ុន សែន ឲ្យដឹងទៀតថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែឯងមិនអាចធ្វើការងារនេះបានទាន់ពេលនោះទេ ដោយលោកថាត្រូវមានការចូលរូមពីអាជ្ញាធរនិងផ្នែកផ្សេងៗទៀត។ លោកបន្ថែមថា៖ “យើងមានអណ្តូងទឹក ឬទឹកពីខាងណាក៏ដោយនិយាយរួមគ្រប់ផ្នែកធ្វើសកម្មភាព ទាំងរដ្ឋ ទាំងឯកជន ទាំងកាកបាទក្រហម ហើយខ្ញុំសុំឲ្យកម្លាំងប្រដាប់អាវុធចេញពីបន្ទាយធ្វើរឿងនេះ…ហើយខ្ញុំសូមអំពាវនាវឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាទុកការងារផ្សេងមួយអន្លើប្រមូលផ្តុំប្រាក់កាសនិងការចុះជួយមូលដ្ឋានមកជួយដោះស្រាយបញ្ហាទឹកវិញ”

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានឆ្លៀតអំពាវនាវដល់គណបក្សក្រៅរដ្ឋាភិបាលឲ្យចេញមុខជួយដោះស្រាយបញ្ហាទឹកនេះជូនប្រជាពលរដ្ឋ។ លោកបន្តថា៖ “យើងនឹងរង់ចាំមើលតើបក្សនយោបាយណាខ្លះចេញមុខជួយប្រជាជនដោះស្រាយទឹកសម្រាប់ប្រជាពលរដ្ឋ ចាំមើល តើគាត់ចាំយកសន្លឹកឆ្នោតឆ្នាំ២០១៧ ឬ២០១៨ ឬគាត់ដោះស្រាយទឹក ចាំមើលអាហ្នឹង បងប្អូនប្រជាពលរដ្ឋចាំមើលថាគណបក្សនយោបាយណាខ្លះចេញមុខដោះស្រាយទឹកជូនប្រជាពលរដ្ឋ”

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថាឆ្នាំនេះភាពរាំងស្ងួតអូសបន្លាយយូរជាងឆ្នាំមុនៗដោយសារឆ្នាំនេះកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទទួលរងនូវបាតុភូតក្តៅ ហើយស្ងួត និងមានសំណើមបរិយាកាសទាប។ លោកថាបាតុភូតនេះអាចចុះខ្សោយទៅវិញនៅចុងខែកក្កដាឬដើមខែសីហា។ ទោះយ៉ាងណា លោកថាទឹកភ្លៀងអាចចាប់ធ្លាក់នៅចុងខែមេសាឬដើមខែឧសភា នេះបណ្តើរៗផងដែរ។

លោកបន្ថែមថា៖ ដូចដែលសេចក្តីជូនដំណឹងសរបស់ក្រសួងធ្លាប់បានជម្រាបជូន ឥឡូវនេះ(បាតុភូតក្តៅ)បានថយបន្តិចរហូតដល់ដ៏ចុងខែ៧ ឬដើមខែ៨ ទើបយើងបាតុភូត  La Nina (ត្រជាក់)មកជំនួសវិញ តែមិនមែនថាពីពេលនេះរហូតដល់ចុងខែ៧ ឬដើមខែ៨មិនមានភ្លៀងធ្លាក់នោះទេ គ្រាន់តែមានតិច

បើតាមលោក ចាន់ យុត្ថា ការកត់ត្រារយៈពេល៤០ឆ្នាំចុងក្រោយគឺនៅឆ្នាំ២០១៦នេះ កម្ពុជាបានជួបការឡើងកម្តៅបរិយាកាសនិងភាពរាំងស្ងួតនេះខ្លាំងជាងគេ។ លោកឲ្យដឹងដែរថាខេត្តដែលរងគ្រោះខ្វះខាតទឹកខ្លាំងជាងគេគឺខេត្តបន្ទាយមានជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ