ក្រសួងការបរទេសអាមេរិកឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងផ្ដាច់ជំនួយ មកកម្ពុជាទាំងស្រុងនៅឆ្នាំ២០១៨ខាងមុខ។
ឯកសារចំនួន១៥ទំព័រស្ដីពីថវិការបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានចេញផ្សាយដោយគេហទំព័រ «គោលនយោបាយការបរទេស» កាលពីថ្ងៃទី២៤មេសាឆ្នាំ២០១៧ បង្ហាញថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងកាត់ផ្ដាច់ជំនួយធំៗចំនួន២ ដែលតែងផ្ដល់ឲ្យកម្ពុជា គឺផ្ដាច់ «ជំនួយអភិវឌ្ឍន៍» ដល់កម្រិតសូន្យនៅឆ្នាំ២០១៨ ដែលធ្លាក់ចុះពីចំនួន ៣៤,៥លានដុល្លារនៃកម្រិតចំណាយពិតប្រាកដ នៅឆ្នាំ២០១៦។ ចំណែក «មូលនិធិគាំទ្រសេដ្ឋកិច្ច» ក៏ត្រូវបានកាត់ផ្ដាច់ពីកម្ពុជាមួយរយភាគរយផងដែរ គឺធ្លាក់ចុះពី៨លានដុល្លារ នៅឆ្នាំ២០១៦។
បើតាមឯកសារដដែលនោះ ចំពោះ «កម្មវិធីសុខភាពពិភពលោក» ដែលគាំទ្រដោយក្រសួងការបរទេសអាមេរិក ក៏ត្រូវបានកាត់បន្ថយ១៨,៣ភាគរយ ខណៈជំនួយគាំទ្រដោយ USAID ក៏ត្រូវបានកាត់បន្ថយ ៣៧,៤ភាគរយ តាំងពីឆ្នាំ២០១៦។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman ថាសុំមិនធ្វើការបកស្រាយចំពោះឯកសារទាំងនេះទេ។
បើតាមឯកសារដែលត្រូវបានផ្សាយលើគេហទំព័រគោលនយោបាយការបរទេស ការកាត់ផ្ដាច់ជំនួយទាំងនេះ គឺកើតចេញពីសំណើរបស់លោក ដូណាល់ ត្រាំ កាលពីខែមិនាឆ្នាំ២០១៧ ដែលចង់កាត់បន្ថយជំនួយអាមេរិកប្រមាណ១ភាគ៣ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ទោះបីចំនួនទឹកប្រាក់នៃជំនួយមិនមានទំហំច្រើនក្ដី ប៉ុន្ដែលោកថា ការកាត់ផ្ដាច់នេះអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសទាំងពីរ។ លោកបន្ដថា កម្ពុជាក៏អាចរងផលប៉ះពាល់ផ្សេងទៀតដែរ ដោយលោកថា ប្រសិនបើប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្ត យកលំនាំតាមអាមេរិក ដោយកាត់ផ្ដាច់ជំនួយរបស់ពួកគេមកកាន់កម្ពុជា។
លោកថា៖ «បើយើងមើលទៅលើទៅប្រាក់នេះ វាមិនច្រើនទេ ប៉ុន្ដែបើនិយាយអំពីការខូចទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ជាចំណុចមួយគួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យប៉ះពាល់ដល់ដែរដល់តម្រូវការមួយចំនួន ដែលក្រុមគោលដៅនៃគម្រោងទាំងអស់នេះ កំពុងតែប្រើប្រាស់។ ផលប៉ះពាល់ផ្សេងទៀត បើសិនជាអាមេរិក ហើយនិងដៃគូផ្សេងៗ នៅអឺរ៉ុបគេនាំគ្នាធ្វើតាមអាមេរិកនោះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា ការកាត់ផ្ដាច់ជំនួយនេះជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលអាមេរិកដោយលោកថាវាមិនប៉ះពាល់អ្វីដល់ទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរទេ។
លោកមានប្រសាសន៍បន្ថែមថា ការកាត់ផ្ដាច់ជំនួយនេះអាចប៉ះពាល់ខ្លះដែរដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងមន្ដ្រីអង្គការសង្គមស៊ីវិលមួយចំនួន ដែលទទួលផលប្រយោជន៍ពីគម្រោងទាំងនោះ។
លោកថា៖ «អញ្ចឹងវាអាចប៉ះពាល់ខ្លះដែរដល់ជីវភាពប្រជាពលរដ្ឋ ព្រោះអង្គការក្រៅរដ្ឋាភិបាលហ្នឹងយកទៅប្រើការងារខ្លះដែលពាក់ព័ន្ធនឹងមូលដ្ឋាន។ ហើយបញ្ហាមួយទៀត អង្គការមួយចំនួនហ្នឹង ធ្វើការលើបញ្ហាសិទ្ធិមនុស្ស និងការងារលទ្ធិប្រជាធិបតេយ្យទេ អញ្ចឹងមិនប៉ះពាល់ដល់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅដល់ការធ្លាក់ចុះសេដ្ឋកិច្ច ឬប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិទេ»។
ការប្រកាសផ្ដាច់ជំនួយដល់កម្ពុជានេះ កើតឡើងស្របពេលនៃដំណើរទស្សនកិច្ចរបស់លោក Patrick Murphy អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញ។
បើតាមឯកសារបែកធ្លាយនេះ មិនមែនតែកម្ពុជាទេដែលត្រូវបានអាមេរិកកាត់ផ្ដាច់ជំនួយដល់កម្រិតសូន្យ ប៉ុន្ដែក៏មានប្រទេសឥណ្ឌនេស៊ី ថៃ ឡាវ និងហ្វីលីពីនផងដែរ៕