វៀតណាមសន្យា​ជាថ្មី​​ថា​មិនរំលោភ​ទឹក​ដីកម្ពុជា

ប្រទេស​​វៀត​ណាម​បានបន្ត​សន្យា​ថា​ខ្លួ​ន​នឹង​ប្តេជ្ញា​បន្តភាព​ជាអ្នក​ជិត​ខាង​ល្អជា​មួយ​កម្ពុជា ដោយ​ថាខ្លួន​នឹង​មិន​ជ្រែត​ជ្រែក​កិច្ច​កា​រផ្ទៃក្នុង​​និងរំលោភទឹកដីរបស់​កម្ពុជា​ឡើយ ខណៈដែល​បញ្ហា​ព្រំ​ដែន​ត្រូវ​បានគេ​មើល​ឃើញ​ថា​វៀត​ណា​ម​នៅ​តែ​ដើរ​ខ្សែ​លើ​កម្ពុជា។

ប្រទេស​កម្ពុជា វៀត​ណាម បាន​​ចេញ​នូវ​សេច​ក្តី​ថ្លែ​ងកា​រណ៍រួម​​មួយ​កាលពី​ម្សិល​មិញដោយក្នុង​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែង​ការណ៍​នោះ វៀត​ណាមបានបន្ត​សន្យា​ជា​ថ្មី​ទៀត​ថា​ខ្លួន​នឹង​មិន​ជ្រៀត​ជ្រែក​ដល់​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា រួម​ទាំ​ង​បូរណភាព​ទឹក​ដី អធិបតេយ្យភាព និង​ឯក​រាជ្យ​របស់​កម្ពុជាទេ ខណៈកម្ពុជាក៏​បាន​សន្យា​​ដូច​គ្នា។

អ្នក​វិភាគ​ឯក​រាជ្យឯក​រាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ មាន​ប្រសាសន៍​ថា លោក​មិន​មាន​ជំនឿថាវៀត​ណាម​គោរព​តាម​ការ​សន្យានេះ​ទេ ដោយលោកកត់សំគាល់ថា​វៀត​ណាម​​មិនដែលគោរពតាមអ្វីដែល​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍កន្លងមកទេ​។​ លោក​ថា​ការដែល​វៀតណាមមិន​គោរព​នេះ​អាច​មាន​សន្ធិ​សញ្ញា​​​ឬ​ក៏​កិច្ច​សន្យា​អ្វីរវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ដែល​នៅពី​ក្រោយ​ជំហរ​នេះ​ហើយ​ទើប​វៀត​ណា​ម​នៅ​តែ​ហ៊ាន​បំពាន​ទៅ​លើ​ទឹក​ដី​តាម​ព្រំ​ដែន។

លោក​ថា៖ «ក៏​ប៉ុន្តែ​ការពិត​ជាក់​ស្តែងគឺ​មាន​កិច្ចព្រម​ព្រៀង​ពី​មុន​ៗ​មក ដែល​ឲ្យ​កម្ពុជា​អនុវត្តន៍។ ដូច​ជា​សេច​ក្តី​ថ្លែង​ការ​មុន​ៗ ទៅ​ប្រទេ​សវៀត​ណាម​ហ្នឹង​តើ​មាន​សេច​ក្តី​ថ្លែង​ការ​ចឹង​ដែរ​ឬ​អត់​ទេ។ មួយ​ទៀត​ប្រទេស​ធំមួយ ហើយ​មាន​កងទ័ព​ខ្លាំង​ និង​មាន​ប្រជា​ពល​រដ្ឋ​ច្រើន​ជាង គេ​អាច​និយាយ​ចឹង​ហើយ​ឃើញ​ហើយ​ការ​ពិតជាក់​ស្តែង​គឺ​គេ​អាច​ឃើញហើយ គេ​តែ​ងប៉ុនប៉ង​រំ​កិល​ព្រំ​ប្រទល់​ដែន​ ហើយ​ដូច​ឃើញ​ស្រាប់​ហើយ ដូច​ជា​ឆ្នាំ​ទៅ​ៗ​មក​ជីក​ស្រះ​ក្នុងទឹក​ដី​កម្ពុជា​ឬ​តំបន់​ស»។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រវិទ្យា​សាស្ត្រនយោបាយលោក សូ ចន្ថា យល់​ថាការ​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍នេះ​គឺ​គ្រាន់​តែ​ជា​ភាសា​ការទូត​ប៉ុណ្ណោះ ខណៈធាតុ​ពិ​ត​ជាក់​ស្តែងលោកមិន​បាន​មើល​ឃើញ​ថា​វៀត​ណាម​ធ្វើ​តាម​ឬ​ក៏​គោរព​តាម​ការថ្លែង​របស់​ខ្លួន​ចំពោះ​កម្ពុជា​នោះ​ទេ។

លោក​ថា៖ «ការ​ចេញ​សេច​ក្តី​ថ្លែង​ការ​របស់​វៀតណាមបង្ហាញពី​ជំហរ​របស់​ខ្លួន​ជា​ដើម​គ្រាន់​តែ​ជាភាសាការ​ទូត​ក្នុង​ទំនាក់​ទំន​ងអន្តរជាតិ​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែធាតុពិត​យើង​ពិនិត្យ​មើល​ប្រវត្តិ​សាស្ត្រ​តាំង​ពី​ដើម​ដល់​បច្ចប្បន្ន វៀត​ណាម​មិន​ដែល​អនុវត្តន៍ ឬ​ក៏​គោរព​នូវ​អ្វី​ដែល​ជាការ​សន្យា​នោះ​ទេ យើង​ឃើញ​ថា​មាន​ការ​សាង​សង់​ផ្លូវ ជីក​ស្រះ​អ្វី​ជា​ដើមចូល​ទៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បើ​ទោះ​បី​ជា​មាន​កំណត់​ទូត​ពីកម្ពុជា​ក៏​ដោ​យ​វៀត​ណាម​ហាក់​ដូច​ជា​មិន​អើ​ពើ​ចំពោះ​កម្ពុជា​នោះ​ទេ។ វៀត​ណាម​នៅ​តែ​បង្ហាញ​ជំហរ​ថា​វៀតណាម​នៅ​តែ​ជា​បងធំ​នៅ​ក្នុង​តំបន់​ដដែល»។

បើ​តាម​លោក សូ ចន្ថា ដើម្បី​បង្ហាញ​ការ​ទុក​ចិត្តឡើង​វិញនោះ​វៀតណាម​គួ​រតែ​ផ្អាក​សកម្មភាពទៅ​លើការ​សាង​សង់​ទាំង​ឡាយ​ណា​​ដែ​ល​កម្ពុ​ជាជំទាស់ ហើយ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​កំណត់​ពី​ទីតាំង​នោះឡើង​វិញដើម្បី​ឲ្យ​ភាគីទាំង​សង​ខាង​សុខ​ចិត្ត​រៀងៗ​ខ្លួន នោះ​ទើប​អាច​និយាយ​បាន​ថា​វៀត​ណា​មគោរព​អធិបតេយ្យ​ភាព​ទឹក​ដី​កម្ពុជា​។​

ចាប់តាំងពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៦ ក្រសួងការបរទេសកម្ពុជា​ថាខ្លួនបាន​ធ្វើ​កំណត់​​ទូតសរុប២៣ហើយ ដោយ​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់សាងសង់ឬធ្វើផ្លូវ​នៅតំបន់ហាម​ឃាត់​ជាប់​ព្រំ​ប្រទល់​នៃប្រទេសទាំងពីរ។ ប៉ុន្តែភាគីវៀតណាមនៅតែបន្តធ្វើ ពិសេស​​នៅខែសីហាឆ្នាំ​២០១៦  ភាគី​វៀត​ណាម​បានសាងសង់ប៉ុស្តិ៍​យោធាចំនួន​ពីរទៀត​នៅស្រុក​អូយ៉ាដាវ ខេត្តរតនគិរី។

កាលពីថ្ងៃ២៩ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៦  កម្ពុជា​និង​វៀតណាម​ក៏បាន​​បើកកិច្ចប្រជុំពិភាក្សាបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីរក​ដំណោះ​ស្រាយ​​ពីភាព​ចម្រូង​ចម្រាស​​​នៃការបោះបង្គោលព្រំដែនដែលនៅសេសសល់ ប៉ុន្តែនៅតែមិន​ទទួល​លទ្ធ​ផល​អ្វីឡើយ គឺ​វៀត​ណាម​​នៅ​តែ​បន្ត​សាង​សង់​ប៉ុស្តិ៍​យោធារបស់​ខ្លួនដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ